ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ប្រធានាធិបតីជិតចេញពីតំណែងរបស់ហ្វីលីពីន លោករ៉ូឌ្រីហ្គោ ឌុយទែត( Rodrigo Duterte)បានធ្វើការរិះគន់មេដឹកនាំរុស្ស៊ី វ្ល៉ាឌីមៀ ពូទីនចំពោះការសម្លាប់ជនស៊ីវិលស្លូតត្រង់នៅអ៊ុយក្រែន ដោយលោកបាននិយាយថា នៅពេលមេដឹកនាំទាំងពីរនេះជាប់ឈ្មោះជាឃាតករ «ខ្ញុំសម្លាប់តែឧក្រិដ្ឋជន ខ្ញុំមិនបានសម្លាប់កូនក្មេងនិងមនុស្សចាស់ទេ»។
លោកឌុយទែត ដែលបានហៅលោកពូទីនជាចំហថា អាយដលនិងជាមិត្តម្នាក់ បានធ្វើការវាយប្រហាររិះគន់ជាលើកដំបូងចំពោះការឈ្លានពានរបស់រុស្ស៊ីចូលអ៊ុយក្រែន ។លោកបានបន្ទោសសង្គ្រាមចំណាស់បីខែមកនេះចំពោះការឡើងថ្លៃប្រេងលើពិភពលោក ដែលប៉ះពាល់ប្រទេសជាច្រើនរួមទាំងហ្វីលីពីនផងដែរ។
នៅពេលបញ្ជាក់ថាលោកនឹងមិនថ្កោលទោសប្រធានាធិបតីរុស្ស៊ី លោកឌុយទែតសម្តែងការមិនយល់ស្របទៅនឹងការអះអាងរបស់លោកពូទីនថាការឈ្លានពាននេះជា «ប្រតិបត្តិការយោធាពិសេស»មួយដើម្បីការពារប្រជាជននិយាយភាសារុស្ស៊ីនៅអ៊ុយក្រែនខាងកើត និងថាវាពិតជាសង្គ្រាមពេញទំហឹងមួយប្រឆាំងនឹងប្រជាជាតិមានអធិបតេយ្យភាពមួយ។
លោកឌុយទែតបាននិយាយទៀតថា «មនុស្សជាច្រើននិយាយថា ពូទីននិងខ្ញុំជាឃាតករ ។ខ្ញុំបានប្រាប់ប្រជាជនហ្វីលីពីនយូរមកហើយថា ខ្ញុំពិតជាសម្លាប់ តែសម្លាប់តែពួកឧក្រិដ្ឋជន មិនបានសម្លាប់កូនក្មេងឬមនុស្សចាស់ទេ។យើងទាំងពីរស្ថិតក្នុងពិភពពីរផ្សេងគ្នា»។
ឌុយទែត ដែលត្រូវចុះចេញពីតំណែងនៅថ្ងៃ៣០មិថុនាពេលបញ្ចប់អាណត្តិប្រាំមួយឆ្នាំ បានដឹកនាំយុទ្ធនាការប្រឆាំងថ្នាំញៀនដ៏សាហាវមួយ ដោយមនុស្សជាង៦.០០០នាក់ជាជនជាប់សង្ស័យក្នុងឧក្រិដ្ឋកម្មថ្នាំញៀនត្រូវបានសម្លាប់។ក្រុមសិទ្ធិមនុស្សបានថ្កោលទោសនិងថាកុមារនិងមនុស្សចាស់ រួមទាំងជនស្លូតត្រង់ក៏ស្ថិតក្នុងចំណោមអ្នកដែលត្រូវប៉ូលិសសម្លាប់ទាំងនោះដែរ។
យុទ្ធនាការបង្ក្រាបថ្នាំញៀនដ៏ធំនេះក៏ទាក់ទាញការស៊ើបអង្កេតពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិICCដើម្បីស៊ើបមើលថាតើវាអាចជាបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិដែរឬទេ។
ប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌុយទែត បញ្ចេញទឹកមុខក្នុងអំឡុងជួបប្រជុំជាមួយមន្ត្រីរដ្ឋាភិបាលកាលពីថ្ងៃ២៣ឧសភា ពេលដែលលោកឈ្លៀតប្រៀបធៀបរូបលោកទៅនឹងពូទីន
សូមបញ្ជាក់ថា កាលពីចូលកាន់តំណែងនៅឆ្នាំ២០១៦ លោកបានទាក់ទងទៅរុស្ស៊ីនិងចិនដើម្បីទាក់ទាញការវិនិយោគនិងពាណិជ្ជកម្ម ព្រមទាំងពង្រីកកិច្ចសហការយោធានិងម្តងម្កាលបានរិះគន់គោលនយោបាយសន្តិសុខរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ។លោកបានទៅទស្សនកិច្ចរុស្ស៊ីពីរដង និងបានជួបលោកពូទីន ៕