ដោយ: ដេប៉ូ/ភ្នំពេញ: ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងមួយដោយបានបញ្ជាក់ថាថ្ងៃបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ខាងមុខនេះក្រសួងនឹងអនុញ្ញាតឱ្យកម្មករឈប់ ដោយរក្សាប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ផ្សេងៗនៅដដែល។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារបានបញ្ជាក់ថា យោងសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល ស្តីពីការ ប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ និងសេចក្តីជូនដំណឹងលេខ ៣៧៤ សជណ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ សូមជម្រាបជូនម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់ ដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ស្ដីពីការងារ ឱ្យបានជ្រាបថា ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនកម្មករនិយោជិតក្នុងការចូលរួមបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ម្ចាស់ ឬនាយករោងចក្រ សហគ្រាសត្រូវអនុញ្ញាតឱ្យកម្មករនិយោជិតបានឈប់សម្រាក ១ថ្ងៃ មុនថ្ងៃបោះឆ្នោត និង ១ថ្ងៃ ក្រោយថ្ងៃបោះឆ្នោត ដោយរក្សាប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ផ្សេងៗនៅដដែល។
ជាមួយគ្នានេះក្រសួងការងារបានបញ្ជាក់បន្ថែមថា ទន្ទឹមនឹងនេះ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវអនុវត្តដូចខាងក្រោម៖
១-រាល់ការឈប់សម្រាកដូចមានកំណត់ខាងលើ កម្មករនិយោជិតពុំតម្រូវឱ្យបង្ហាញឯកសារពាក់ព័ន្ធ ផ្សេងៗនៅពេលត្រឡប់មកវិញឡើយ។
២-ចំពោះកម្មករនិយោជិតដែលអវត្ដមានហួសពីច្បាប់អនុញ្ញាតដូចមានកំណត់ខាងលើ ត្រូវអនុវត្តតាម បទបញ្ជាផ្ទៃក្នុងរបស់រោងចក្រ សហគ្រាស និងបទប្បញ្ញត្តិជាធរមាន។
៣-និយោជកត្រូវខិតខំបើកប្រាក់ឈ្នួលជូនកម្មករនិយោជិត ឱ្យបានមុនថ្ងៃទៅបោះឆ្នោត។ បើពុំមាន លទ្ធភាពបើកប្រាក់ឈ្នួលទាន់ពេលទេ សូមអនុញ្ញាតឱ្យកម្មករនិយោជិតខ្ចីប្រាក់ឈ្នួលមួយភាគ (បុរេប្រទាន) ជាមុនសិន។
ក្រសួងមានសេចក្តីសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់ ព្រមទាំងកម្មករនិយោជិតអនុវត្តតាមសេចក្តីជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាព៕