ដោយៈ សុផល / ភ្នំពេញ​៖ ជប៉ុន​បាន​ផ្តល់ជំនួយ​ជាង ១២ លាន​ដុល្លារ​អាម៉េរិក ដល់​កម្ពុជា សម្រាប់​ដោះមីន លើ​ផ្ទៃដី​ជាង ៨.០០០ ហិកតា នៅ​ខេត្តបាត់ដំបង ក្នុង​រយៈពេល ៤ ឆ្នាំ​។ ប្រជាពលរដ្ឋ ទទួលផល​ពី​គម្រោង​នេះ មាន​ចំនួន​ប្រមាណ ៦៦.៤០០ គ្រួសារ​។​

​មជ្ឈមណ្ឌល​កម្ចាត់មីន​កម្ពុជា នៅ​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២២ បាន​ចុះ​ហត្ថ លេខា​លើ កិច្ចព្រមព្រៀង ជាមួយ​ក្រុមហ៊ុន CROWN AGENTS ស្តីពី​ការ​អនុវត្ដ គម្រោង​បោសសម្អាត​មីន នៃ​គម្រោង​សមាហរណកម្ម បោសសម្អាត​មីន និង​ជួយសង្គ្រោះ​ជនពិការ ដោយសារ​មីន ដំណាក់កាល​ទី​២​។​

​គម្រោង​នេះ ក្រោម​ហិរញ្ញប្បទាន​ឥត​សំណង របស់​ប្រជាជន និង​រដ្ឋាភិបាល​ជប៉ុន ក្នុង​ទំហំ​ទឹកប្រាក់ ចំនួន ១២.២៦៣.៤៦៥ ដុល្លារ​អាម៉េរិក សម្រាប់​រយៈពេល ចាប់ពី​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២២ ដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២៥​។​

​ពិធី​ចុះហត្ថលេខា​នេះ ធ្វើឡើង​ក្រោម​វត្ដ​មាន​លោក ហេង រតនា ប្រតិភូ​រាជ​រដ្ឋា ភិ​បាល ទទួលបន្ទុក​ជា អគ្គនាយក​មជ្ឈមណ្ឌល​កម្ចាត់មីន​កម្ពុជា (​ស៊ីម៉ាក់​) និង​លោកស្រី Ritsuko Yonemichi ប្រធាន​ជាន់ខ្ពស់​គម្រោង​កិច្ចប្រតិបត្តិការ នៃ​ក្រុមហ៊ុន CROWN AGENTS JAPAN LIMITED នាទី​បញ្ជាការ​មជ្ឈមណ្ឌល កម្ចាត់មីន​កម្ពុជា​។​

​សូមបញ្ជាក់ថា គម្រោង​នេះ ជា​ផ្នែក​នៃ​កញ្ចប់​គម្រោង​ជំនួយ ២.០០០ លាន​យ៉េន ដែល​រដ្ឋាភិបាល​ជប៉ុន បានសម្រេច​ផ្តល់ ជូន​រាជរដ្ឋាភិបាល ដើម្បី​គាំទ្រ​ដល់ សកម្មភាព របស់​អង្គភាព​ស៊ីម៉ាក់​។ តាម​ផែនការ​គម្រោង​នេះ នឹងត្រូវ​ធ្វើការ បោសសម្អាត​ផ្ទៃដី​ចម្ការមីន ចំនួន​ជាង ៨.០០០ ហិកតា ក្នុង​ខេត្តបាត់ដំបង​។ គម្រោង​នេះ មាន​ប្រជាពលរដ្ឋ ទទួលផល​ចំនួន​ប្រមាណ ៦៦.៤០០ គ្រួសារ​៕/V-PC