​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ សហរដ្ឋ​អាម៉េរិក​និង​ជប៉ុន​បាន​ព្រមព្រៀង​គ្នា​ធ្វើការ​ដើម្បី​ដាក់​អវកាសយានិក​ជប៉ុន​ដំបូង​គេ​នៅលើ​ឋាន​ព្រះ​ចន្ទ អម​ដោយ​អវកាសយានិក​អាម៉េរិក​ខណៈ​​សម្ពន្ធមិត្ត​យូរអង្វែង​នេះ​បង្កើត​ភាព​ជា​ដៃគូ​ក្នុង​គោលបំណង​ទប់ទល់​នឹង​ចិន​។​

​ប្រទេស​ទាំង​ពីរ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​ថា ពួកគេ​នឹង​សហការ​លើ​បេសកកម្ម​យាន​ឋាន​ព្រះ​ចន្ទ​ដែល​មាន​មនុស្ស​និង​រ៉ូបូត​”​រួម​ទាំង​មហិច្ឆតា​រួមគ្នា​ដើម្បី​ឃើញ​អវកាសយានិក​ជប៉ុន​​នាពេល​អនាគត​ស្ថិតនៅលើ​ផ្ទៃ​ព្រះ​ចន្ទ​” ជាមួយ​គោលដៅ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អនុវត្ត​នៅ​ឆ្នាំ​នេះ​។​

​បន្ទាប់ពី​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃ​ចន្ទ ទី​២៣ ឧសភា នៅ​ទីក្រុង​តូ​ក្យូរ​វាង​ប្រធានាធិបតី​អាម៉េរិក​លោក ចូ បៃ​ដិន និង​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ហ្វ៊ុយ​មី​អូ គី​ស៊ី​ដា ប្រទេស​ទាំង​ពីរ​ក៏​បាន​និយាយ​ផងដែរ​ថា ពួកគេ “​ប្តេជ្ញា​ផ្តល់ឱកាស​ឱ្យ​អវកាសយានិក​ជប៉ុន​ស្ថិតនៅ​លើ​ហ្កេ​តវ៉េ​(Gateway)​ដែល​ជា​ស្ថានីយ​មាន​មនុស្ស​នៅក្នុង​តំបន់​ជុំវិញ​ព្រះ​ចន្ទ ជា​ផ្នែក​មួយ​នៃ​ការពង្រីក​កិច្ចសហប្រតិបត្តិការ​យាន​អាថេ​មីស​(Artemis)”​។​

​ការអភិវឌ្ឍ​ការរុករក​ឋាន​ព្រះ​ចន្ទ​រួមគ្នា​នេះ​គឺ​ភ្ជាប់​ទៅ​ក្នុង​គម្រោង Artemis ដែល​ជា​កិច្ចខិតខំ​ប្រឹងប្រែង​ដឹកនាំ​ដោយ​សហរដ្ឋ​អាម៉េរិក​ដើម្បី​បញ្ជូន​អវកាសយានិក​ទៅ​ឋាន​ព្រះ​ចន្ទ​ហើយ​ទីបំផុត​​បញ្ជូន​មនុស្ស​ទៅ​ភព​ព្រះ​អង្គារ​។​

​លោកបៃ​ដិនបាន​និយាយ​នៅក្នុង​សន្និសីទ​កាសែត​ជាមួយ​លោក​គី​ស៊ី​ដា​ថា កិច្ចសហប្រតិបត្តិការ​អវកាស​រវាង​សហរដ្ឋ​អាម៉េរិក​និង​ជប៉ុន​”​កំពុង​ចាប់ផ្តើម​ឆ្ពោះទៅ​រក​ឋាន​ព្រះ​ចន្ទ​និង​ទៅ​កាន់​ភព​អង្គារ​”​។​

​លោក​បាន​បន្ថែមថា “​ខ្ញុំ​រំភើប​ចំពោះ​ការងារ​ដែល​យើង​នឹង​ធ្វើ​រួមគ្នា​នៅ​លើ​ស្ថានីយ Gateway ជុំវិញ​ព្រះ​ចន្ទ​ហើយ​ទន្ទឹង​រង់ចាំ​អវកាសយានិក​ជប៉ុន​ដំបូង​គេ​ចូលរួម​ជាមួយ​យើង​ក្នុង​បេសកកម្ម​ទៅ​កាន់​​ផ្ទៃ​ព្រះ​ចន្ទ​ក្រោម​កម្មវិធី Artemis”​។​

​សហរដ្ឋ​អាម៉េរិក​និង​ជប៉ុន​កំពុង​ស្វះស្វែង​ធ្វើការ​ជាមួយគ្នា​កាន់តែ​ជិតស្និទ្ធ​លើ​ការរុករក​អវកាស​បន្ទាប់ពី​ក្រុម​មន្ត្រី​ណា​សាបាន​ព្រមាន​ពី​ភាព​តានតឹង​កាន់តែ​ខ្លាំង​ឡើង​រវាង​ទីក្រុង​វ៉ាស៊ីនតោន​និង​ទីក្រុង​​ប៉េកាំង​។ ព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​បាន​កើតឡើង​ចំពេល​មានការ​ប្រណាំងប្រជែង​គ្នា​ដើម្បី​ចាប់ផ្តើម​ទាញ​យក​ធនធាន​សក្តានុពល​តម្លៃ​រាប់​រយ​ពាន់​លាន​ដុល្លារ​នៅ​លើ​ឋាន​ព្រះ​ចន្ទ​និង​កន្លែង​ផ្សេងទៀត​៕

​សហរដ្ឋ​អាម៉េរិក​និង​ជប៉ុន​បាន​ព្រមព្រៀង​គ្នា​ធ្វើការ​ដើម្បី​ដាក់​អវកាសយានិក​ជប៉ុន​ដំបូង​គេ​នៅលើ​ឋាន​ព្រះ​ចន្ទ អម​ដោយ​អវកាសយានិក​អាម៉េរិក​