ដោយៈ សុផល / ភ្នំពេញ​៖ ក្រសួងទេសចរណ៍ បានដាក់​គោលដៅ​ថា កម្ពុជា នឹង​ទទួលបាន​ភ្ញៀវ ទេសចរ​បរទេស ពី ០,៨ ទៅ ១​លាន​នាក់ ក្នុងឆ្នាំនេះ និង​ភ្ញៀវទេសចរ ក្នុងស្រុក ចំនួន ៨ លាន នាក់ ។ នេះ​បើតាម​សេចក្តីថ្លែងការណ៍ របស់​ក្រសួងទេសចរណ៍ នាពេល​ថ្មីៗ​នេះ​។​

​ក្រសួងទេសចរណ៍ បាន​គូសបញ្ជាក់ថាៈ ទីផ្សារ​ទេសចរណ៍​សំខាន់ៗ មានដូចជា អាស៊ាន អាស៊ី សហរដ្ឋអាមេរិក បារាំង និង​ចក្រភព​អង់គ្លេស ។

​ការ​ព្យាករ​នេះ គឺ​ផ្អែកលើ​និន្នាការ ដំណើរ​ការល្អ នៃ​ចលនា​ទេសចរណ៍ ក្នុង​រយៈពេល ៤ ខែ​ដំបូង នៃ​ឆ្នាំនេះ នៅពេលដែល​កម្ពុជា បានទទួល​បាន ភ្ញៀវទេសចរ​បរទេស ចំនួន ២៤១.៤៨៥ នាក់ កើនឡើង ១៩១ ភាគរយ និង​ភ្ញៀវទេសចរ​ក្នុងស្រុក ចំនួន ៥ លាន​នាក់ កើនឡើង ១៦១ ភាគរយ ។

​ក្រសួង បាន​និយាយថាៈ ឥទ្ធិពល​ខ្ពស់​នៃ​ចំនួន​ភ្ញៀវទេសចរ នឹង​ចាប់ផ្តើម​ពី ខែសីហា ហើយ​ទី ផ្សារ​សំខាន់ៗ សម្រាប់​វិស័យ​ទេសចរណ៍​របស់​កម្ពុជា មាន វៀតណាម ថៃ ម៉ាឡេស៊ី ហ្វីលីពីន ចិន កូរ៉េខាងត្បូង ជប៉ុន អាមេរិក បារាំង និង​ចក្រភព​អង់គ្លេស​៕/V-PC