ដោយៈ ទេពកង្រី / កំពង់ឆ្នាំង: នៅថ្ងៃទី២៤ ឧសភា ២០២២ នៅក្នុងទីបញ្ជាការ ដ្ឋានតំបន់ប្រតិបត្តិ ការសឹករងកំពង់ឆ្នាំង មានរៀបចំប្រជុំបូកសរុប និងវាយតម្លៃ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី នៅទូទាំងក្រុង ស្រុក ទាំង៨ ក្នុងខេត្តកំពង់ឆ្នាំង។
ក្រោយពីលោកវរសេនីយ៍ឯក វេជ្ជបណ្ឌិត សែ សារុំ បានអានរបាយការណ៍ បូកសរុប និងវាយ តម្លៃលទ្ធផល ស្តីពីរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដូសទី៣ និងទី៤ ជូនគណៈអធិបតីជ្រាប រួចមក តំណាងអភិបាលក្រុង ស្រុកទាំង ៨ និងក្រុមគ្រូពេទ្យយោធាស្ម័គ្រចិត្ត នៅតាមគោលដៅ នានាក្នុងខេត្ត បានលើកឡើង នូវបញ្ហាប្រឈមនានា នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ ១៩ ដូសទី៣ និងទី ៤ ដែលមានខ្លះមិនព្រមមកទទួលការចាក់វ៉ាក់សាំង និងខ្លះទៀត ធ្វើចំណាកស្រុក ដែលធ្វើឱ្យមានការយឺតយ៉ាវ ដល់ដំណើរការ ចាក់វ៉ាក់សាំង ខ្លះទៀត បានចាក់ ដូសទី១ ដូសទី២ បានបណ្ណ័ហើយ លែងមកចាក់បន្តទៀត។
លោកឧត្តសេនីយ៍ទោ ប៉ូ វណ្ណ: មេបញ្ជាការរង នាយសេនាធិការ ប្រធានក្រុម ប្រតិបត្តិចាក់ វ៉ាក់សាំងកូវីដ ១៩ យោធភូមិភាគពិសេស និងលោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង ទទួលបន្ទុកចាក់វ៉ាក់សាំងកូវីដ ១៩ ខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ កោតសរសើ ដល់កម្លាំងក្រុមគ្រូពេទ្យយោធាស្ម័គ្រចិត្ត រួមនឹងអាជ្ញាធរក្រុង ស្រុក ដែលបានរួមសហការ យ៉ាងយកចិត្តទុកដាក់ ក្នុងការពន្លឿនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដូសទី៣ និងទី៤ ជូនដល់ បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី តាមបណ្តារង្គសាល ទីផ្សារ និងសាលារៀន វត្តអារាម និងតាមកន្លែងសប្បាយផ្សេងៗ ដោយទទួលបានជោគជ័យ និងបានបិទបញ្ចប់ នៅថ្ងៃទី២៣ ឧសភា ២០២២ នេះ។
លោកបានមានប្រសាសន៍ទៀតថាៈ បើទោះជាយើង បានទទួលនៅជោគ ជ័យបែបនេះ ក៏ដោយ ក៏នៅមានបញ្ហាប្រឈមជាច្រើនទៀត សម្រាប់ក្រុម គ្រូពេទ្យយោធាស្ម័គ្រចិត្ត និងបណ្ដាក្រុម គ្រូពេទ្យ ផ្សេងៗទៀត ហើយត្រូវតែ យកចិត្តទុកដាក់ ពិសេសអាជ្ញាធរមូលដ្ឋាន ត្រូវបញ្ជ្រាប ការឃោសនាចិត្តសាស្ត្រ គៀងគប្រជាពលរដ្ឋ ដើម្បីបង្កើនក្នុងយុទ្ធនាការចាក់វ៉ាក់សាំង សម្រេចបាន ជាស្ថាពរ។ ទាំងអស់នេះ ជាការងារស្នូល ជួយដល់បងប្អូនប្រជាពលរដ្ឋនេះ ជាការយកចិត្តទុកដាក់របស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នាំយកថ្នាំមកចាក់ស្រោច ជូនប្រជាពលរដ្ឋ ដោយមិនគិតថ្លៃ និងបានធ្វើឲ្យជំងឺ កូវីដ ១៩ មានការធូរស្បើយ ហើយប្រទេស ក៏ចាប់ដើមបើកឲ្យដំណើរការឡើងវិញ ជាប្រក្រតី។
នៅបញ្ចប់ពិធី លោកឧត្តមសេនីយ៍ទោ ប៉ូ វណ្ណៈ បានផ្តាំផ្ញើដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត មន្ទីរសង្គមកិច្ច អតីតយុទ្ធជននិ ងនីតិសម្បទាខេត្ត អាជ្ញាធរមូល ដ្ឋានទាំងអស់ រៀបចំកម្មវិធី សម្រាប់ក្រុមគ្រូពេទ្យ ចល័តយោធាស្ម័គ្រចិត្ត ចុះជួយចាក់វ៉ាក់សាំង នៅតាមគោលដៅក្រុង ស្រុក ទាំង ៨ ក្នុងខេត្តកំពង់ឆ្នាំង ពិសេសជូនដល់ប្អូនៗកុមារ និងជនពិការផងដែរ៕/V-PC