ដោយៈ វ៉ៃ​កូ / ស្វាយរៀងៈ តាម​ប្រភពព័ត៌មាន ជាបឋម​ពី​សំណាក់ កម្មករ កម្មការិនី បានឱ្យដឹងថា មាន​ករណី​អគ្គិភ័យ​មួយ បាន​លេប​ត្របាក់​ម៉ូតូ អស់​ប្រមាណ​ជាង ២០ គ្រឿង នៅក្នុង​ទីតាំង​ចំណត នៃ​រោងចក្រ​ស៊ី​កូ ស្ថិតនៅ​តំបន់​សេដ្ឋ​ពិសេស មេ​ហា​ធេ​ន ក្រុង​បាវិត កាលពី​វេលា​ម៉ោង ១​និង​៤០ នាទី រសៀល ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២២ នេះ​។

​ប្រភពពី​កម្មករ កម្មការិនី​ដដែល បានបញ្ជាក់​ថាៈ នៅ​មុនពេល​កើតហេតុ កម្មករ​រោងចក្រ បាន​ចូលធ្វើការ​ជាធម្មតា ស្រាប់​តែមាន​អណ្ដាតភ្លើង និង​ផ្សែងហុយ​ចេញពី​កន្លែង​ដាក់​ម៉ូតូ បង្កឱ្យមាន​ការភ្ញាក់ផ្អើល​តែម្ដង ខណៈនោះ ក៏មាន​សន្តិសុខ បាន​ចុះ​យក​បំពង់​ពន្លត់​អគ្គិភ័យ បាញ់​ទៅលើ​ម៉ូតូ ដើម្បី​ពន្លត់​អគ្គិភ័យ​ដែរ តែ​មិនអាច​គ្រប់គ្រង​ស្ថានការណ៍​បាន ទើប​ធ្វើឱ្យ​ម៉ូតូ​ជាច្រើន​គ្រឿង ឆេះ​សល់​តែ​គ្រោងឆ្អឹង​។

​រហូតដល់​ម៉ោង ៣​និង​៣០​នាទី រសៀល ថ្ងៃ​ដដែល​នេះ ភ្លើង​បាន​រលត់​ទាំងស្រុង ហើយ សមត្ថកិច្ច ក៏ដូចជា​ភាគី​រោងចក្រ កំពុងតែ​ស្រាវជ្រាវ រក​មូលហេតុ ដែល​នាំឱ្យមាន​អគ្គិភ័យ ឆាបឆេះ​អស់​ម៉ូតូ ជាច្រើន​គ្រឿង​នេះ ហើយ​បើតាម​ការប៉ាន់ប្រមាណ អាច​ខូចខាត​អស់​ទឹកប្រាក់ រាប់ម៉ឺន​ដុល្លារ​ឯណោះ ៕/V