ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប្រធានាធិបតី ចូ បៃដិន បានប្រាប់មេដឹកនាំឥណ្ឌូប៉ាស៊ីហ្វិកដែលជួបប្រជុំគ្នាសម្រាប់កិច្ចប្រជុំកំពូលបួនប្រទេសថា ពួកគេកំពុងឆ្លងកាត់”ពេលវេលាដ៏ខ្មៅងងឹតនៅក្នុងប្រវត្តិសាស្ត្ររួមគ្នារបស់យើង” ដោយសារតែសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន ហើយបានជំរុញឱ្យក្រុមប្រទេសទាំងបួនខិតខំប្រឹងប្រែងឱ្យកាន់តែខ្លាំងដើម្បីបញ្ឈប់ការឈ្លានពានរបស់វ្ល៉ាឌីមៀ ពូទីន។
ខណៈកិច្ចប្រជុំកំពូល Quad ជាមួយជប៉ុន អូស្ត្រាលី និងឥណ្ឌាបានចាប់ផ្តើម លោកបៃដិននិយាយថា “នេះលើសពីបញ្ហាអឺរ៉ុបទៅទៀត។ វាជាបញ្ហាសកល”។
លោកប្រធានាធិបតីអាម៉េរិកមិនបាននិយាយចំៗដោយផ្ទាល់ទៅលើប្រទេសណាមួយ សាររបស់គាត់ហាក់ត្រូវបានចង្អុលបង្ហាញយ៉ាងហោចណាស់មួយផ្នែកចំពោះនាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី ដែលមានការខ្វែងគំនិតគ្នាអំពីវិធីឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ី។
ខុសពីប្រទេសក្នុងក្រុមQuad ផ្សេងទៀតនិងស្ទើរតែគ្រប់សម្ពន្ធមិត្តរបស់សហរដ្ឋអាម៉េរិកផ្សេងទៀត ឥណ្ឌាមិនបានដាក់ទណ្ឌកម្មឬសូម្បីថ្កោលទោសរុស្ស៊ីដែលជាអ្នកផ្គត់ផ្គង់សម្ភារៈយោធាដ៏ធំបំផុតរបស់ខ្លួន។
ខណៈលោកម៉ូឌីអង្គុយក្បែរនោះ លោកបៃដិនបានលើកករណីមួយថា ពិភពលោកមានទំនួលខុសត្រូវរួមគ្នាក្នុងការធ្វើអ្វីមួយដើម្បីជួយដល់ការតស៊ូរបស់អ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
គាត់បាននិយាយថា “យើងកំពុងឆ្លងកាត់ពេលវេលាដ៏ខ្មៅងងឹតនៅក្នុងប្រវត្តិសាស្ត្ររបស់យើង។ សង្គ្រាមដ៏ឃោរឃៅរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែនបានបង្កឱ្យមានមហន្តរាយមនុស្សធម៌ ហើយជនស៊ីវិលស្លូតត្រង់ត្រូវបានសម្លាប់នៅតាមដងផ្លូវ និង ជនភៀសខ្លួនរាប់លាននាក់ត្រូវបានផ្លាស់ទីលំនៅខាងក្នុងក៏ដូចជានិរទេសខ្លួនក្រៅស្រុកផងដែរ”។
លោកបានបន្ថែមថា “ពិភពលោកត្រូវតែដោះស្រាយជាមួយវា ហើយយើងគឺជាអ្នកដោះស្រាយវា”៕
ប្រធានាធិបតីអាម៉េរិកចូ បៃដិន និង ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន