ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អ្នកជំនាញ​ខាង​គណនា​បរិមាណ​ផលប៉ះពាល់​នៃ​ការឡើង​កម្តៅ​ផែនដី​មកលើ​ព្រឹត្តិការណ៍​អាកាសធាតុ​ធ្ងន់ធ្ងរ​ខ្លាំង​បាន​និយាយ​នៅក្នុង​របាយការណ៍​ឆ្លើយតប​​យ៉ាង​ឆាប់រហ័ស​មួយ​កាលពី​ថ្ងៃ​ចន្ទ​ថា រលក​កម្តៅ​ស្ទើរ​ឆេះ​នៅ​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​ក្នុង​ខែ​មីនា​និង​ខែ​មេសា ទំនងជា​ត្រូវបាន​បង្កើន​ឡើង​៣០​ដងដោយ​ការប្រែប្រួល​អាកាសធាតុ​។​

​អ្នកនិពន្ធ​ជាន់​ខ្ពស់​លោក​ស្រី ហ្វ្រី​ដេ​រីកេ អូត​តូ (Friederike Otto)​ជា​អ្នកវិទ្យាសាស្ត្រ​នៅ​វិទ្យាស្ថាន​ហ្គ្រា​ន​ថា​ម (Grantham) នៃ​សាកលវិទ្យាល័យ​អ៊ី​ម​ភើ​រៀស​ខូលិច​ឡុន​ដុន (Imperial College London) បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP​ថា មុន​ពេល​ការចាប់ផ្តើម​នៃ​បម្រែបម្រួល​អាកាសធាតុ​ដែល​បង្កឡើង​ដោយ​មនុស្ស​ឱកាស​នៃ​ព្រឹត្តិការណ៍​បែបនេះ​អាច​កើតឡើង​ប្រហែល​​ម្តង​រៀងរាល់ ៣០០០ ឆ្នាំ​ម្តង​។​

​លោកស្រី​និង​សហការី​នៅក្នុង​សម្ពន្ធ​វាយតម្លៃ​អាកាសធាតុ​ពិភពលោក (WWA)​បាន​រកឃើញថា ការឡើង​កម្តៅ​ផែនដី​រហូតមក​ទល់​បច្ចុប្បន្ន ១,២​អង្សា​សេ​បាន​ធ្វើ​ឱ្យ​ឱកាស​ក្តៅ​បែបនោះ​នៅ​អាស៊ី​ខាងត្បូង​​ធ្លាក់ថុះ​មក​នៅត្រឹមម្តង​ក្នុងមួយ​សតវត្សរ៍​។​

​ប៉ុន្តែ​ខណៈ​ភពផែនដី​បន្ត​ក្តៅ​ខ្លាំងឡើង ចន្លោះ​ពេល​រវាង​រលក​កម្តៅ​ដ៏​សាហាវ​បែបនេះ​នឹង​បន្ត​ធ្លាក់ចុះ​កាន់តែខ្លាំង​។​

​ពួកគេ​បាន​សន្និដ្ឋានថា ប្រសិនបើ​សីតុណ្ហភាព​ផ្ទៃផែនដី​ជា​មធ្យម​កើនឡើង ៤/៥ នៃ​២​អង្សា​សេ​លើស​ពី​កម្រិត​មុន​ឧស្សាហ៍កម្ម នោះ “​រលក​កម្តៅ​បែបនេះ​នឹង​រំពឹង​កើតឡើង​ញឹកញាប់​រៀងរាល់ ៥ ឆ្នាំ​ម្តង​”៕

រលក​កម្តៅ​ស្ទើរ​ឆេះ​នៅ​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​ក្នុង​ខែ​មីនា​និង​ខែ​មេសា ទំនងជា​ត្រូវបាន​បង្កើន​ឡើង ៣០ ដងដោយ​ការប្រែប្រួល​អាកាសធាតុ​