ដោយ​: សុខុម / ស្ទឹងត្រែង​: គោយន្ត​កន្ត្រៃ​មួយគ្រឿង បើក​ចេញពី​ផ្លូវលំ ឆ្លង​មក​ផ្លូវជាតិ គាប់​ជួន​រថយន្ត​មួយគ្រឿង បើក​ទៅ​ត្រង់ បុក​ពេញទំហឹង រំពេច​នោះ រថយន្ត ក៏​ក្រឡាប់​ធ្លាក់​ចេញ ពី​ផ្លូវ បណ្ដាលឱ្យ​មនុស្ស​ពីរ​នាក់ រងរបួស​ធ្ងន់ បញ្ជូនទៅ​សង្គ្រោះ នៅ​ខេត្តសៀមរាប​។ ហេតុការណ៍​នោះ បានកើត​ឡើង លើ​ដង​ផ្លូវជាតិ​លេខ​៩ ចំណុច​ផ្លូវ​ចូល​ភូមិ​ជាំ​ធំ ស្ថិត​ក្នុងភូមិ ស្រែ​ឫស្សី ឃុំ​ស្រែ​ឫស្សី ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង កាលពី​វេលា​ម៉ោង ៨ ព្រឹក ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២២​។​

​សមត្ថកិច្ច បាន​ប្រាប់​ឲ្យ​ដឹងថា ករណី​រថយន្តបុក​គោយន្ត​កន្ត្រៃ បណ្តាល​ឲ្យ មនុស្ស​របួសធ្ងន់ ពីរ​នាក់​នោះ អ្នករងរបួស បាន​ត្រូវ​បញ្ជូនមក​មន្ទីរពេទ្យ ខេត្តស្ទឹងត្រែង​ភ្លាមៗ ហើយដោយ​សារ ស្ថានភាព​ធ្ងន់ធ្ងរ ក៏បាន​បន្តទៅ សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប​។​

​សមត្ថកិច្ច បាន​ប្រាប់ថាៈ អ្នកបើកបរ​រថយន្ត ឈ្មោះ អី​ម លី​ចាន់ ភេទ​ប្រុស អាយុ ៥២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ ភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បា​លុង ខេត្ត​រតនគីរី បាន​បើកបរ​រថយន្ត​ម៉ាក​តូយ៉ូតា តា​កូ​ម៉ា ពណ៌ ស ផ្លាកលេខ ភ្នំពេញ ២AA០១៤១ ទិសដៅ ពី​ខាងកើត ទៅខាង​លិច បាន​បុក ជាមួយ​គោយន្ត​កន្ត្រៃ ម៉ាក​គូ​បូ​តា ពណ៌​ក្រហម ទិសដៅ​ពី​ខាងជើង ទៅខាង​កើត បើកបរ​ដោយ​ឈ្មោះ នេន រស្មី ភេទ​ប្រុស អាយុ ១៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ ភូមិ​ជាំ​ធំ ឃុំ​កោះ​ស្នែង ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង​។​

​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់ ខាងលើនេះ ទី​១.​ឈ្មោះ គុណ សៀ​វ៉ៃ ភេទ​ស្រី អាយុ ១២ ឆ្នាំ ជនជាតិខ្មែរ ជា​អ្នករួមដំណើរ​ជាមួយ​រថយន្ត បាន​រងរបួស​ធ្ងន់​។ ២.​ឈ្មោះ គុណ តាំង​ស្រ៊ុន ភេទ​ប្រុស អាយុ ៤ ឆ្នាំ ជនជាតិខ្មែរ ជា​អ្នករួមដំណើរ ជាមួយ​រថយន្ត បាន​រងរបួស​ធ្ងន់​។ ៣.​ឈ្មោះ អេង សៀ​លីម ភេទ​ស្រី អាយុ ៥២ ឆ្នាំ ជនជាតិខ្មែរ ជា​អ្នករួមដំណើរ​ជាមួយ រថយន្ត បាន​រងរបួស​ស្រាល​។ អ្នករងរបួស​ទាំងអស់ បញ្ជូនទៅ​សង្គ្រោះ នៅ​ពេទ្យ​បង្អែក​ខេត្តស្ទឹងត្រែង ហើយ​បន្តទៅ​ខេត្តសៀមរាប​។​

​ចំណែក​ភាគី បើក​គោយន្ត មិនបាន​គ្រោះថ្នាក់​ទេ​។ កត្តា​គ្រោះថ្នាក់​ចរាចរណ៍​នេះ បណ្ដាលមកពី​ភាគី បើកបរ​គោយន្ត​កន្ត្រៃ មិន​គោរព​សិទ្ធិ​អាទិភាព​៕/V​-PC