​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លោក ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បានទទួល​ជួប សំណេះសំណាល និង​ពិភាក្សា​ការងារ​ជាមួយ លោក ជិន វៀត​ជឿ​ង សមាជិក​គណៈកម្មាធិកា​រ​មជ្ឈិមបក្ស និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រជាជន ទីក្រុង​កឹ​ន​ធើ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២២ នៅ​ទីបញ្ជាការ​កងទ័ពជើងគោក នៃ​កងយោធពល ខេមរភូមិន្ទ​។​

​លោក ជិន វៀត​ជឿ​ង បាន​ដឹកនាំ​គណៈប្រតិភូ មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា រយៈពេល​បី​ថ្ងៃ​។ នៅក្នុង​ជំនួប​ពិភាក្សា​នេះ លោក ជិន វៀត​ជឿ​ង បាន​ថ្លែង​នូវ ការកោតសរសើរ ដល់​ការអភិវឌ្ឍ រីកចម្រើន លូតលាស់ លើ​គ្រប់​វិស័យ​របស់ កម្ពុជា នាពេល​បច្ចុប្បន្ន និង​បាន​ថ្លែង​នូវ​ការអបអរ សាទរ ក្នុងឱកាស​ខួប​លើក ទី​៥៥ នៃ​ទំនាក់ទំនង​ការទូត រវាង​កម្ពុជា​-​វៀតណាម នៅក្នុង​ឆ្នាំ ២០២២ នេះ​។​

​លោក បាន​លើកទ្បើង​ថាៈ ទីក្រុង​កឹ​ន​ធើ មាន​ប្រវត្តិ​ទំនាក់ទំនង​សម្ព័ន្ធមេត្រីភាព ជាមួយ​បណ្តា អង្គភាព​ជាច្រើន នៅក្នុង​ប្រទេស​កម្ពុជា ដោយ​កិច្ច​សហប្រតិបត្តិ ការ​ដ៏​ល្អ​នេះ បាន​ចូលរួមចំណែក យ៉ាងសំខាន់ ដល់​ការលើកកម្ពស់​ទំនាក់ទំនង ផ្នែក​សេដ្ឋកិច្ច និង​វប្បធម៌ រវាង​ប្រជាជន និង​ប្រជាជន ហើយ​បន្ត​ទៅមុខទៀត លោក សង្ឃឹមថា ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី នេះ នឹង​កាន់តែ ត្រូវបាន​ពង្រឹង និង​ពង្រីក​បន្ថែមទៀត​។​

​ជាការ​ឆ្លើយតប លោក ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​តម មេបញ្ជាការ​កង ទ័ពជើងគោក​កម្ពុជា បានលើកឡើង អំពី​ចំណងមិត្តភាព​ដ៏​យូរអង្វែង រវាង​ប្រទេស និង​ប្រជាជន​ទាំងពីរ ព្រមទាំង​បាន​ថ្លែងអំណរគុណ ចំពោះ​សាធារណរដ្ឋ សង្គមនិយម​វៀតណាម ដែល​កន្លងមក បាន​ជួយឧបត្ថម្ភ​គាំទ្រ ដល់​កម្ពុជា រហូតមក និង​បាន​សម្តែង​នូវ​ការគាំទ្រ ឱ្យមាន​ការជំរុញ អ្នកវិនិយោគ ពី​ទីក្រុង​កឹ​ន​ធើ មក​កម្ពុជា ឱ្យបាន​កាន់តែច្រើន​ទ្បើង​។​

​ឆ្លៀត​ក្នុងឱកាស​នោះ ប្រធាន​គណៈកម្មាធិការ​ប្រជាជន ទីក្រុង​កឹ​ន​ធើ ក៏បាន​អញ្ជើញលោក ហ៊ុន ម៉ា​ណែ​ត ទៅ​បំពេញ​ទស្សនកិច្ច នៅ​ទីក្រុង​កឹ​ន​ធើ ប្រទេស​វៀតណាម ក្នុង​ពេលវេលា​សមស្រប ណាមួយ នាពេលខាងមុខ ផងដែរ​៕/V​-PC