ដោយៈ សុផល / ភ្នំពេញ៖ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោក ទេសរដ្ឋមន្ត្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ នាថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២២ បានជួបជាមួយ លោកស្រី Armida Salsiah Alisjahbana អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាប្រធាន UN ESCAP ដើម្បីពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការ ជាពិសេសទៅលើ វិស័យមីន ដែលជាគោលដៅទី១៨ “ កម្ពុជាគ្មានគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ” នៃក្របខ័ណ្ឌគោលដៅ អភិវឌ្ឍន៍ ប្រកបដោយចីរភាពកម្ពុជា ឆ្នាំ ២០១៦-២០៣០ ដែលយើងប្តេជ្ញា ចិត្តថា “ មិនឲ្យនៅសេសសល់ដី ដែលមានការគម្រាម ដោយសារសំណល់ជាតិផ្ទុះ ពីសង្គ្រាម ”។
ក្នុងជំនួបនេះ លោក ទេសរដ្ឋមន្ត្រី បានលើកឡើង អំពីកិច្ចសហប្រតិបត្តិការ បច្ចុប្បន្ន រវាងកម្ពុជា និង UN ESCAP នៅក្នុងវិស័យជាច្រើន មានដូចជា (១) អភិវឌ្ឍន៍សង្គម (២) ពាណិជ្ជកម្ម វិនិយោគ និងនវានុវត្តន៍ (៣) ស្ថិតិ (៤) បរិស្ថាន និងអភិវឌ្ឍន៍ (៥) គោលនយោបាយម៉ាក្រូ សេដ្ឋកិច្ច និងហិរញ្ញប្បទានសម្រាប់ អភិវឌ្ឍន៍ (៦) បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង និងការគ្រប់គ្រងគ្រោះ មហន្តរាយ (៧) ដឹកជញ្ជូន និង (៨) ថាមពល ជាដើម។
លោកទេសរដ្ឋមន្ត្រី បានស្នើសុំជាពិសេសឲ្យ UN ESCAP ពង្រីកសកម្មភាព គាំទ្រ ដល់វិស័យឯកជន ដែលផ្តោតជាសំខាន់ទៅលើ សហគ្រាសខ្នាតតូចបំផុត តូច និងមធ្យម, ពិចារណាផ្តល់ឱកាស ដល់មន្ត្រីវ័យក្មេងកម្ពុជា មកហាត់ការ នៅអគ្គលេខាធិការដ្ឋាន UN ESCAP ហើយនិងពិចារណាគាំទ្រ លើការផ្តល់ ជំនួយបច្ចេកទេស ដល់វិស័យសកម្មភាពមីន នៅកម្ពុជា ដែលរាជរដ្ឋាភិបាល បានដាក់កំណត់ជាគោលដៅទី១៨ នៃក្របខ័ណ្ឌគោលដៅ អភិវឌ្ឍន៍ ប្រកបដោយចីរភាពកម្ពុជា ដែលយើងប្តេជ្ញាចិត្តថា នឹង “ មិនឲ្យនៅសេសសល់ដី ដែលមានការគម្រាម ដោយសារសំណល់ជាតិផ្ទុះ ពីសង្គ្រាម ” ។
លោកស្រី Armida Salsiah Alisjahbana ប្រធាន UN ESCAP ជាបឋម បានថ្លែងសួរសុខទុក្ខ និងជូនពរពុក សូមមានសុខភាពល្អបរិបូរណ៍ ហើយក៏សូម ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចតេជោ ដែលបានថ្លែង សុន្ទរកថាពិសេស ក្នុងកម្មវិធីបើកកិច្ចប្រជុំគណៈកម្មការ សេដ្ឋកិច្ច និងសង្គម សម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN ESCAP) និង បានបញ្ជូនគណៈប្រតិភូកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំនេះ ។
លោកស្រី បានលើកឡើងថាៈ សុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន គឺជាធាតុចូលដ៏សំខាន់ សម្រាប់ការរៀបចំផែនទីបង្ហាញទិស របស់ UN ESCAP ជាពិសេស ក្នុងនាមកម្ពុជា ជាប្រធានអាស៊ាន។
ជាមួយគ្នានេះ លោកស្រី បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏ល្អ រវាងរាជរដ្ឋាភិបាលកម្ពុជា និង UN ESCAP។ លោកស្រី បានបញ្ជាក់ថាៈ UN ESCAP នឹងបន្តកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែល្អប្រសើរ ឡើង ជាមួយប្រទេសកម្ពុជា ក្នុងវិស័យសំខាន់ៗជាច្រើន រួមទាំង វិស័យពាណិជ្ជកម្ម ហិរញ្ញវត្ថុ សេដ្ឋកិច្ច ហិរញ្ញប្បទាន ប្រកបដោយចីរភាព ឌីជីថល បរិស្ថាន និងការប្រែប្រួលអាកាសធាតុ ព្រមទាំងសហគ្រាស ខ្នាតតូចបំផុត តូច និងមធ្យម ជាដើម ៕/V-PC