​ដោយៈ ភ្នំ​សន្ទុក / កំពង់ធំ​: នា​រសៀល ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២២ នេះ លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​ថ្លែងថាៈ តុលាការ ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និង​មន្ត្រីរដ្ឋបាល​តុលាការ​ទាំងអស់ ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​រួមគ្នា​បន្ត សម្រេច​ឱ្យបាន ជោគជ័យ នៅក្នុង​យុទ្ធនាការ​ដោះស្រាយ ការកកស្ទះ​សំណុំរឿង​ព្រហ្មទណ្ឌ សម្រាប់​សាលាដំបូង និង​អយ្យការ អម​សាលាដំបូង​ខេត្តកំពង់ធំ ។​

​លោក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​ថ្លែង​បែបនេះ នាឱកាស​លោក និង​លោក ងួន រតនៈ អភិបាលខេត្ត​កំពង់ធំ ព្រមទាំង​ប្រធាន​តុលាការ លោក​ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ក្រឡាបញ្ជី ប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ បាន​អញ្ជើញ​ចូលរួម​ប្រកាស​តែងតាំង និង​ចូលកាន់​មុខតំណែង​លោក ផូង វណ្ណៈ ជា​ប្រធាន​សាលាដំបូង​ខេត្តកំពង់ធំ ជំនួស​លោក លាង សួគ៌ ដែល​បាន​ផ្ទេរ​ភារកិច្ច ទៅជា​សមាជិក​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា នៃ​អង្គចៅក្រម នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្នុងឱកាស​នោះ លោក កើត រិ​ទ្ធ បាន​ថ្លែងអំណរគុណ ជូន​ចំពោះ​លោក​អភិបាល ខេត្តកំពង់ធំ អាជ្ញាធរ​ដែនដី មន្ទីរ​អង្គភាព​ពាក់ព័ន្ធ និង​កងកម្លាំងប្រដាប់អាវុធ គ្រប់ផ្នែក គ្រប់លំដាប់​ថ្នាក់ ទាំងអស់ ដែល​បានផ្តល់​ការគាំទ្រ និង ផ្តល់​កិច្ចសហការ​ល្អ ជាមួយ​សាលាដំបូង​ខេត្តកំពង់ធំ និង​អយ្យការ អម​សាលាដំបូង​ខេត្តកំពង់ធំ ក្នុងការ​ដោះស្រាយ​រក​យុត្តិធម៌ ជូន​ប្រជាពលរដ្ឋ នាពេល​កន្លងមកនេះ និង ស្នើ​ឲ្យ​មាន​កិច្ចសហការ​ល្អ ជាមួយ​សាលាដំបូង និង​អយ្យការ​អម សាលាដំបូង​ខេត្តកំពង់ធំ បន្តទៀត ជាពិសេស​ជាមួយ លោក ផូង វណ្ណៈ ប្រធាន​សាលាដំបូង ខេត្តកំពង់ធំ ដែល​ទើបនឹង​ចូលកាន់​តំណែង​ថ្មី នាពេលនេះ​។​

​លោក រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​មានប្រសាសន៍ សម្រាប់​ជា​ផលប្រយោជន៍ ដល់​ប្រជាពលរដ្ឋ និង​បម្រើ​ឲ្យ​វិស័យ​យុត្តិធម៌​ទាំងមូល​ថាៈ ” ខ្ញុំ​សូម​ឆ្លៀតឱកាស​នេះ ដើម្បី​បញ្ជាក់ជូន​គណៈអធិបតី ក្នុង​អង្គពិធី​ថា លោក លាង សួគ៌ គឺ​ត្រូវបាន​ជ្រើសតាំង ដោយ​រដ្ឋសភា ជា​សមាជិក នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា នៃ​អង្គចៅក្រម ” ។​

​លោក រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​បន្ថែមទៀតថាៈ ជោគជ័យ​នៅក្នុង​ការដោះស្រាយ​ការកកស្ទះ សំណុំរឿង​ព្រហ្មទណ្ឌ នៅ​ខេត្តកំពង់ធំ​នេះ ពុំមែន​ជា​ស្នាដៃ​តែមួយគត់​របស់លោក លាង សួគ៌ ម្នាក់ឯង​នោះទេ វា​គឺជា​ស្នាដៃ​ដែល​កើត​ចេញមក ពី​ការរួមសាមគ្គីគ្នា ពី​សំណាក់​ចៅក្រម ព្រះរាជអាជ្ញា ព្រះរាជ​រង អាជ្ញាធរ​ដែនដី មន្ត្រីរាជការ​ទាំងអស់ ដែល​ស្ថិតនៅក្រោម​សាលាដំបូង និង​អយ្យការ​អម សាលាដំបូង​ខេត្តកំពង់ធំ បូក​ជាមួយនឹង​មន្ត្រីនគរបាល​យុត្តិធម៌ មន្ត្រី​អនុវត្ត​ច្បាប់ ពាក់ព័ន្ធ​ផ្សេងទៀត ដែល​បាន​ចូលរួមចំណែក ក្នុងការ​អនុវត្ត​ការដោះស្រាយ ការកកស្ទះ​សំណុំ រឿងនេះ ដើម្បី​ជា​ផលប្រយោជន៍ ក្នុងការ​បម្រើសេវា​យុត្តិធម៌ ជូន​ប្រជាពលរដ្ឋ​។​

​សាលាដំបូង​ខេត្តកំពង់ធំ កន្លងមក បាន​សហការ​ល្អ ដល់​ការផ្តល់សេវា​យុត្តិធម៌ ជូន​ប្រជាពលរដ្ឋ ការចូលរួម​ក្នុងការ​ថែរក្សា​សណ្ដាប់ធ្នាប់ សន្តិសុខ​សាធារណៈ​ជាដើម ដូច្នេះ​ខេត្តកំពង់ធំ មាន​មោទនភាព​ដោយសារ ប្រធាន​សាលាដំបូង ត្រូវបានតែងតាំង ជា​សមាជិក ឧ​ត្ត​ម​ក្រុមប្រឹក្សា នៃ​អង្គចៅក្រម តាមរយៈ​ការបោះឆ្នោត​ជ្រើសតាំង ដោយ​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺជា​ប្រធាន​សាលាដំបូង ដែល​បាន​ដឹកនាំ​ការងារ​មួយ​ដ៏​ជោគជ័យ លើសពីនេះ មិន​ត្រឹមតែ​ក្នុង​ក្របខ័ណ្ឌ នៃ​យុទ្ធនា​ការដោះស្រាយ ការកកស្ទះ​នោះទេ​៕/V