ដោយៈ ទេព មង្គល / ភ្នំពេញៈ ក្រសួងសុខាភិបាល កំពុងតាមដានជាបន្ត លើវ៉ាក់សាំង បង្ការជំងឺអុតស្វា ដែលការចាក់វាក់សាំងប្រឆាំងនឹងជំងឺអុតស្វាយ កន្លងមក បានបង្ហាញថា ជាការការពារប្រឆាំងនឹងជំងឺនេះ ផងដែរ ។ ទន្ទឹមនឹងនេះ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ក៏បានបង្ហាញសកម្មភាពមួយចំនួន ដែលនាំឱ្យកើតមានការចម្លងនូវមេរោគអុតស្វានោះ ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត។
តាមរយៈគ្រុបតេឡេក្រាម ផ្ទាល់របស់លោកស្រី នៅរសៀល ថ្ងៃទី២៤ ខែឧសភា នេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថាៈ ក្រសួងសុខាភិបាល កំពុងតាមដានជាបន្ត លើវ៉ាក់សាំង បង្ការជំងឺអុតស្វា ខណៈលោកស្រី ធ្លាប់បានបញ្ជាក់ថា ការចាក់វាក់សាំងប្រឆាំងនឹងជំងឺអុតស្វាយ កន្លងមក បានបង្ហាញថា ជាការការពារប្រឆាំងនឹងជំងឺនេះ ផងដែរ។
លោកស្រី វេជ្ជបណ្ឌិត បានឱ្យដឹងដែរថាៈ វ៉ាក់សាំងថ្មី ប្រឆាំងនឹងជំងឺអុតស្វាយ (Smallpox) និងជំងឺអុតស្វា (Monkeypox) ត្រូវបានអនុម័តឱ្យប្រើប្រាស់ ប៉ុន្តែមិនទាន់មានប្រើប្រាស់ យ៉ាងទូលំទូលាយ នៅតាមបណ្តាប្រទេសនៅឡើយទេ។
លោកស្រី បានបញ្ជាក់ថាៈ មកដល់ពេលនេះ កម្ពុជាមិនទាន់មានករណីសង្ស័យ ឬករណី វិជ្ជមានជំងឺនេះនៅឡើយទេ តែពលរដ្ឋ ក៏ត្រូវតែមានការប្រុងប្រយ័ត្ន ខ្ពស់ជាប់ជានិច្ច ដោយបុគ្គល គ្រួសារ និងសហគមន៍ ត្រូវបន្តអនុវត្តវិធានការ បង្ការជំងឺផ្ទាល់ខ្លួន ដូចជា មន្ទីរពេទ្យ និងមណ្ឌលសុខភាព ត្រូវតាមដាន និងរាយការណ៍ករណីសង្ស័យណាមួយ ដែលកើតមានឡើងដើម្បីបន្តការស៊ើបអង្កេត។
លោកស្រី វេជ្ជបណ្ឌិត បានជំរុញឱ្យយកចិត្តទុកដាក់ ពិនិត្យមើលឱ្យបានហ្មត់ចត់ នូវអ្នកដំណើរ ចូលមកកម្ពុជា ដែលមានកន្ទួលរមាស់ នៅលើខ្លួន អមដោយមានគ្រុនក្តៅ និងមានប្រវត្តិ ធ្វើដំណើរ មកពីបណ្តាប្រទេស ប៉ែកខាងអាហ្វ្រិក (ប្រមាណជា ១០ ប្រទេស) ដែលមានការកើត ឡើង នូវជំងឺអុតស្វា (Monkeypox) បែបជាអង់ដេមី ហើយត្រូវរាយការណ៍ ទៅអាជ្ញាធរសុខាភិ បាល ភ្លាមៗ ឬទៅលេខ ១១៥។
លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ទៀតថាៈ បច្ចុប្បន្ន ជំងឺអុតស្វានេះ គឺជាជំងឺដែលឆ្លងដោយវីរុស (ចម្លងពីសត្វ ទៅមនុស្ស) នៅតំបន់ត្រូពិក ដែលមានភ្លៀង នៃអាហ្វ្រិកកណ្ដាល និងអាហ្វ្រិក ខាងលិច។ ការចម្លងជំងឺអុតស្វា កើតមានឡើង តាមរយៈការប៉ះពាល់រាងកាយផ្ទាល់ ឬប៉ះពាល់ជិតស្និទ្ធ ជាមួយអ្នកដែលមានរោគសញ្ញា រួមទាំងទំនាក់ទំនងផ្លូវភេទ ផងដែរ។ ការប្រើសម្លៀកបំពាក់ សម្ភារៈប្រើប្រាស់របស់អ្នកជំងឺអុតស្វា ឡូកឡំចូលគ្ន ក៏អាចឆ្លងទៅអ្នកដទៃ បានដែរ។ ក្រៅពីនេះ វីរុសនេះ ក៏អាចចម្លង តាមរយៈទឹកមាត់ និងអ្នកមានផ្ទៃពោះ ចម្លងទៅទារក តាមរយៈទងសុក ឬពីឪពុកម្ដាយ ដែលមានវីរុសឆ្លង ទៅដល់កូន អំឡុងពេល ឬក្រោយពេលឆ្លងទន្លេតាមរយៈការប៉ះនឹងស្បែក។
សូមរំលឹកថា ជំងឺអុតស្វា (Mokeypox) បានផ្ទុះឡើងជាបន្តបន្ទាប់ និងត្រូវបានបញ្ជាក់កាលពី ថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០២២ នៅចក្រភពអង់គ្លេស ដោយចាប់ផ្ដើមនៅលើអ្នកដំណើរជនជាតិ អង់គ្លេសម្នាក់ ដែលបានធ្វើដំណើរ ទៅប្រទេសនីហ្សេរីយ៉ា។
នៅពាក់កណ្តាលខែឧសភា អ្នកជំនាញតាមដាន បានសង្កេតឃើញថា មានការឆ្លងនៅក្នុង សហគមន៍ នៃចក្រភពអង់គ្លេស ហើយមិនទាន់មានអ្នកស្លាប់នៅឡើយដែរ គិតត្រឹមថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ។
បច្ចុប្បន្ន អង្គការសុខភាពពិភពលោក ចាត់ទុកការចម្លងវីរុសនេះ នៅមានហានិភ័យទាប តែក៏លើកឡើង ពីលទ្ធភាពហានិភ័យ ដែលអាចគំរាមកំហែង ដល់សុខភាពសកល៕/V