ដោយ: ភ្នំខៀវ / បាត់ដំបង: សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានទទួលអំណោយ សប្បុរសខួបលើកទី ១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ប្រាក់រៀល កើនដល់ជាង ៤០០ លានរៀល និងប្រាក់អាម៉េរិក ជាង ៨ ម៉ឺនដុល្លារ។
មន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានប្រាប់ឲ្យដឹង នៅថ្ងៃទី ២៤ ខែឧសភា នេះថាៈ គិតត្រឹមថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២២ នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ទទួលបានថវិកាវិភាគទាន ពីបណ្តាសប្បុរសជននានា ក្នុងខេត្ត ក្នុងឱកាសអបអរ ខួបលើកទី ១៥៩ នៃទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ ក្រោមប្រធានបទ ” ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈម និងបន្តពង្រឹងភាពធន់សហគមន៍ ” ថវិកាកើនដល់ចំនួន ៤៤៨.០០២.១០០ រៀល និងប្រាក់ អាម៉េរិក ចំនួន ៨១.៤៨៣,៥០ ដុល្លារ រួមទាំងគ្រឿងឧបភោគបរិភោគ មួយចំនួនទៀត។
លោក សុខ លូ ប្រធានគណៈកម្មាធិការសាខា បានវាយតម្លៃខ្ពស់ ចំពោះរាល់សកម្មភាពរបស់ ក្រុមប្រតិបត្តិសាខា អនុសាខា ពិសេសសប្បុរសជនទាំងអស់ នៅក្នុងខេត្តបាត់ដំបង ដែលបានចូលរួម និងអនុវត្តយ៉ាងផុសផុល យកចិត្តទុកដាក់ខ្ពស់ ចំពោះការងារមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ក្នុងការជួយសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋ ដែលជួបបញ្ហា នៅតាមមូលដ្ឋាន។
ក្នុងនាមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង លោកបានប្តេជ្ញាខ្ពស់ និងយកចិត្តទុកដាក់ ប្រើប្រាស់វិភាគទានដ៍សប្បុរសខាងលើ ទៅបម្រើសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាក ដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ឲ្យចំគោលដៅ យ៉ាងពិតប្រាកដ៕/V