​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​,​ស្ត្រេត​ថែមស៍​)៖ មេដឹកនាំ​ជប៉ុន ឥណ្ឌា អូស្ត្រាលី​និង​សហរដ្ឋ​អាម៉េរិក កាលពី​ថ្ងៃ​អង្គារ​ទី​២៤​ខែឧសភា​បាន​ព្រមាន​ប្រឆាំង​ការប៉ុនប៉ង​ធ្វើ​ឱ្យ​«​ផ្លាស់ប្តូរ​ស្ថានភាព​​ជាក់ស្តែង​ដោយ​ប្រើ​កម្លាំង​»​នៅ​ពេល​ពួកគេ​បារម្ភ​ខ្លាចក្រែង​ចិន​វាយ​ចូលលុកលុយ​កោះ​តៃវ៉ាន់​។​

​សេចក្តីថ្លែងការណ៍​រួម​មួយ​របស់​ប្លុក​ចតុ​ភាគី​ក្វាដ​(Quad)​បាន​ជៀសវាង​និយាយ​ចំ​ឈ្មោះ​ចិន​តែ​តាមពិត​ពួកគេ​សម្លឹង​ទៅរក​ការកើនឡើង​ឥទ្ធិពល​យោធា​និង​សកម្មភាព​យោធា​ចិន​នៅ​កៀកៗ​កោះ​តៃវ៉ាន់​​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។​ឯកសារ​ប្រើពាក្យ​ប្រយ័ត្នប្រយែង​នេះ ក៏​ចង់​សំដៅ​ជម្លោះ​នៅ​អ៊ុ​យក្រែន តែ​មិន​បាន​ប្រកាស​ជំហរ​រួម​ណាមួយ​ទេ​អំពី​សង្គ្រាម​នៅ​អ៊ុយ​ក្រែន​ដោយសារឥ​ណ្ឌា​មិន​ព្រម​ថ្កោលទោស​​រុស្ស៊ី​តាំងពីដើម​រៀងមក​។​

​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ហ្វ៊ុយ​មី​អុ គី​ស៊ី​ដា បាន​និយាយថា​«​ការប៉ុនប៉ង​ប្រើ​កម្លាំង​ជា​ឯ​តោ​ភាគី​ដើម្បី​កែប្រែ​ស្ថានភាព​ជាក់ស្តែង​នឹង​មិន​អាច​អត់​ឳ​ន​បានទេ​»​។​សេចក្តីថ្លែងការណ៍​រួម​បាន​និយាយ​​ថា​« យើង​ប្រឆាំង​អំពើ​បង្ខិតបង្ខំ បង្ក​រឿង​និង​ឯ​តោ​ភាគី ដើម្បី​ផ្លាស់ប្តូរ​ស្ថានភាព​ជាក់ស្តែង និង​បង្កើន​ភាព​តានតឹង​នៅក្នុង​តំបន់ ដូចជា​កែប្រែ​តំបន់​ជម្លោះ​ទៅ​ជា​ទីតាំង​យោធា ប្រើ​កង​ឆ្មាំ​សមុទ្រ​និង​​កងជីវពល​សមុទ្រ​ដ៏​គ្រោះថ្នាក់ និង​ព្យាយាម​រារាំង​សកម្មភាព​ធ្វើ​អាជីវកម្ម​ប្រភព​ធនធានធម្មជាតិ​នៅ​ឯនាយ​សមុទ្រ​របស់​ប្រទេស​ដទៃ​…»​។​

​មេដឹកនាំ​ទាំង​បួន ក៏​ប្តេជ្ញា​បង្កើត​និង​រក្សា​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​មួយ​អោយ​សេរី​និង​បើកចំហ ព្រមទាំង​ប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ ។​

​ពេល​បើក​កិ​ច​ប្រជុំ​នៅ​ទីក្រុង​តូ​ក្យូ ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិន បាន​ថ្កោលទោស​ការឈ្លានពាន​របស់​រុស្ស៊ី​នៅ​អ៊ុ​យក្រែន និង​ថា​វា​មិន​ត្រឹម​ជា​បញ្ហា​របស់​អឺរ៉ុប​តែ​ជា​បញ្ហា​សកល​។​ចំណែក​នាយករដ្ឋមន្ត្រី​​ជប៉ុន​បាន​បន្ទរ​តាម​ដោយ​និយាយថា រឿង​បែប​ហ្នឹង​មិនគួរ​អនុញ្ញាត​អោយ​កើតមាន​នៅ​អាស៊ី​ទេ​។​

(​ពី​ឆ្វេង​)​នាយករដ្ឋមន្ត្រី​អូស្ត្រាលី ប្រធានាធិបតី​អាម៉េរិក នាយករដ្ឋមន្ត្រី​ជប៉ុន និង​សម​ភាគី​ឥណ្ឌា ឈរ​ថត​នៅ​ទីក្រុង​តូ​ក្យូ​ក្រោយ​កិច្ចប្រជុំ​កាលពី​ថ្ងៃ​២៤​ឧសភា​

​លោកបៃ​ដិនបាន​បញ្ជាក់ថា អាម៉េរិក​នឹង​ឈរ​នៅ​ជាមួយ​សម្ពន្ធមិត្ត​របស់​ខ្លួន​ដើម្បី​ជំរុញ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​មួយ​អោយ​សេរី​និង​បើកចំហ​រីឯ​ការវាយប្រហារ​របស់​រុស្ស៊ី​លើ​អ៊ុ​យក្រែន​កាន់តែ​រំលេច​អំពី​សារ​​សំខាន់​នៃ​គោលការណ៍​ជា​មូលដ្ឋាន​និង​សណ្តាប់ធ្នាប់​អន្តរជាតិ បូរណភាព​ទឹកដី​និង​អធិបតេយ្យភាព​។​ច្បាប់​អន្តរជាតិ និង​សិទ្ធិ​មនុស្ស​ត្រូវតែ​ការពារ​មិន​ថា​នៅ​ទីណា​ទេ​នៅ​ក្នុង​ពិភពលោក​។​

​លោក​គី​ស៊ី​ដា បាន​បន្ថែមថា ការឈ្លានពាន​របស់​រុស្ស៊ី​«​ចាប់​អង្រួន​គ្រឹះ​សណ្តាប់ធ្នាប់​ពិភពលោក​»​និង​ជា​ការ​ប្រឈម​ផ្ទាល់​ចំពោះ​គោលការណ៍​របស់​អង្គការសហប្រជាជាតិ ដូច្នេះ​«​យើង​មិន​ត្រូវអោយ​ហេតុ​​ការ​ស្រដៀង​គ្នា​កើតមាន​នៅ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ឡើយ​»៕