ដោយៈមុនីរ័ត្ន/ភ្នំពេញៈលោកឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​ហូ​ឡង់​ប្រចាំ​កម្ពុជាបាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ដំណើរ​វិវត្តន៍​ជា​វិជ្ជមាន​នៃ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ដែល​ស្តែងឡើង​តាមរយៈ​ដំណើរការ​រៀបចំ​ជា​ប្រក្រតី​នៃ​ការបោះឆ្នោត​ឃុំ​-​សង្កាត់​នៅក្នុង​ឆ្នាំ​២០២២​នេះ ក៏ដូចជា​ការបោះឆ្នោត​ថ្នាក់ជាតិ​នៅក្នុង​ឆ្នាំ​២០២៣​ខាងមុខ។លោកទូតសង្ឃឹមថា ជោគជ័យ​នៃ​ដំណើរការ​ប្រជាធិបតេយ្យ​នេះ គឺជា​ជោគជ័យ​រួម​សម្រាប់​ជាតិ និង​ប្រជាជន​កម្ពុជា​ទាំងមូល​។

លោកឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​ហូ​ឡង់​ប្រចាំ​កម្ពុជាបាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ដំណើរ​វិវត្តន៍​ជា​វិជ្ជមាន​នៃ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ដែល​ស្តែងឡើង​តាមរយៈ​ដំណើរការ​រៀបចំ​ជា​ប្រក្រតី​នៃ​ការបោះឆ្នោត​ឃុំ​-​សង្កាត់​នៅក្នុង​ឆ្នាំ​២០២២​នេះ ក៏ដូចជា​ការបោះឆ្នោត​ថ្នាក់ជាតិ​នៅក្នុង​ឆ្នាំ​២០២៣​ខាងមុខ(រូបថតហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត)

ការវាយតម្លៃនេះបាន​ធ្វើឡើង​នៅក្នុង​ឱកាសលោកRemco Johannes va Wijngaardenជួប​ពិភាក្សា​ការងារ​ជាមួយ​លោកឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរងនៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក​នា​រសៀល​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២២ នៅ​ទីបញ្ជាការ​កងទ័ពជើងគោកនៃ​កងយោធពល​ខេមរភូមិន្ទ​។

​ប្រភពពីមន្រ្តីក្រុមការងារបានបញ្ជាក់ថា នៅក្នុង​ជំនួប​នេះលោកឯកអគ្គរាជទូត​ហូ​ឡង់​បាន​រំឭក​អំពី​ទំនាក់​ទំនងជា​ប្រវត្តិសាស្ត្រ​ដ៏​យូរលង់​រវាង​ហូ​ឡង់ និង​កម្ពុជា នៅក្នុង​ការដោះដូរ​ពាណិជ្ជ​កម្ម​តាម​ដង​ទន្លេមេគង្គ ហើយ​មកទល់​សព្វថ្ងៃនេះ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី រួមទាំង​វិស័យ​ទេសចរណ៍​ផង ក៏​បន្ត​កើនឡើង​គួរឱ្យកត់សម្គាល់ និង​ប្រកបដោយ​សក្តានុពល​។លោកវាយតម្លៃ​ខ្ពស់​ចំពោះ​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​របស់​កម្ពុជា ជាពិសេស​ការសម្រេចបាន​នូវ​ឯតទគ្គ​កម្ម​ជា​ប្រទេស​ដែលមាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ នៅមុន​ការ​រាតត្បាត​នៃ​ជំងឺកូវីដ១៩។លោកឯកអគ្គរាជទូត ក៏បាន​កោតសរសើរ​ដ៏​ស្មោះ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បានសម្រេច​ដាក់ចេញ​នូវ​គោលនយោបាយ​ប្រកបដោយ​ប្រសិទ្ធភាព​នៅក្នុង​ការប្រយុទ្ធ​នឹង​ជំងឺ​ដ៏​កាច​សាហាវ​នេះ ជាពិសេស​ការអនុវត្ត​យ៉ាង​ឆាប់រហ័ស​នូវ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​នៅ​ទូទាំងប្រទេសរហូត​សម្រេចបាន​នូវ​ជោគជ័យ​ដ៏​អស្ចារ្យ​ដូច​ពេលនេះ​។​

ចំណែក​មេបញ្ជាការ​កង​ទ័ពជើងគោក​កម្ពុជាបានជម្រាបជូនភ្ញៀវដោយលើកឡើង​អំពី​ចំណងមិត្តភាព និង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ព្រះរាជាណាចក្រ​ទាំងពីរ កម្ពុជា​-​ហូ​ឡង់ ជាពិសេស​សកម្មភាព​ផ្លាស់ប្តូរ​នៅក្នុង​វិស័យ​ពាណិជ្ជកម្ម និង​ទេសចរណ៍ ដែល​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះមានការ​កើនឡើង​គួរឱ្យកត់សម្គាល់ ទោះបី​ជាមាន​ផលប៉ះពាល់​ខ្លះ​បង្កឡើង​ជំងឺ​រាតត្បាត​សាកល​កូ​វីដ​-១៩ ក៏ដោយ​។

​ក្នុងនាម​ប្រជាជន​កម្ពុជា លោកឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ក៏បាន​សម្តែង​នូវការ​អរគុណ​ចំពោះ​ព្រះមហាក្សត្រ រាជរដ្ឋាភិបាល និង​ប្រជាជន ក៏ដូចជា​កងទ័ព​ហូ​ឡង់ ដែល​តែង​បាន​យកចិត្តទុកដាក់​ជួយឧបត្ថម្ភ​គាំទ្រ​កម្ពុជា​នៅក្នុង​កិច្ចការ​សំខាន់ៗ​ជាច្រើន រួមមាន​ជាអាទិ៍ ការជួយ​ដល់​សកម្មភាព​កំចាត់មីន​នៅ​កម្ពុជា​, ការគាំទ្រ​ផ្នែក​ថវិកា​ដល់​ដំណើរការ​របស់​តុលាការ​កាត់ទោស​ខ្មែរក្រហម និង​ការ​ផ្តល់ជំនួយ​វ៉ាក់សាំង AstraZeneca តាមរយៈ​យន្តការ COVAX ដល់​កម្ពុជា ជាដើម ដែល​ទាំងនេះ​ពិតជា​បានរួម​ចំណែក​បង្ក​លទ្ធភាព​ដល់​កម្ពុជា​ក្នុងការ​សម្រេចបាន​នូវ​ជោគជ័យ​លើ​ការគ្រប់គ្រង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ការបើក​ប្រទេស​ឡើងវិញ​លើ​គ្រប់​វិស័យ​រហូតដល់​ពេលនេះ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត និង លោកឯកអគ្គរាជទូត ក៏បាន​សម្តែង​នូវ​គោលបំណង និង​ក្តីសង្ឃឹមក្នុងការ​ជំរុញឱ្យមាន​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​លើ​គ្រប់​វិស័យ​រវាង​ប្រទេសនិង​ប្រជាជន​ទាំងពីរ ដោយ​រួមទាំង​ការបើក​ច្រក​កិច្ចសហប្រតិបត្តិការ​ក្នុង​កម្រិត​ណាមួយ​រវាង​កងទ័ព​កម្ពុជា និង ​ហូ​ឡង់ ទៀតផង៕

លោកឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​ហូ​ឡង់​ប្រចាំ​កម្ពុជាបាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ដំណើរ​វិវត្តន៍​ជា​វិជ្ជមាន​នៃ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ដែល​ស្តែងឡើង​តាមរយៈ​ដំណើរការ​រៀបចំ​ជា​ប្រក្រតី​នៃ​ការបោះឆ្នោត​ឃុំ​-​សង្កាត់​នៅក្នុង​ឆ្នាំ​២០២២​នេះ ក៏ដូចជា​ការបោះឆ្នោត​ថ្នាក់ជាតិ​នៅក្នុង​ឆ្នាំ​២០២៣​ខាងមុខ(រូបថតហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត)