ដោយៈមុនីរ័ត្ន/​ភ្នំពេញ៖សភាពការណ៍ទូទៅនៃដំណើរការឃោសនាបោះឆ្នោត ​របស់​គណបក្សនយោបាយ​ក្នុង​ថ្ងៃទី​បួន​នេះ គឺ​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន មាន​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​ល្អ គ្មាន​អំពើហិង្សា និង​គ្មាន​ការគំរាមកំហែង​។នេះបើយោង តាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)នាព្រលប់ថ្ងៃទី២៤ខែឧសភា ឆ្នាំ២០២២នេះ។

​សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់​ទៀតថា ថ្ងៃទី​២៤ ខែឧសភាជា​ថ្ងៃទី​បួន នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ គណបក្សនយោបាយ​ដែលមាន​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត បានធ្វើ​សកម្មភាព​នៅតាម​មណ្ឌលបោះឆ្នោត​ឃុំ សង្កាត់​នីមួយៗដើម្បីឃោសនាអំពីគោល នយោបាយ និង​កម្មវិធី​នយោបាយ​របស់ខ្លួន​ក្នុងការ​អភិវឌ្ឍ​ឃុំ សង្កាត់​។

តាម​ការសង្កេតឃើញថា ការឃោសនាបោះឆ្នោត​ថ្ងៃទី​បួន​នេះ នៅតាម​បណ្ដា​ខេត្ត​មួយចំនួន មាន​ការហែក្បួន​តិចតួច​ប៉ុណ្ណោះ ប៉ុន្តែ​សកម្មភាព​នៃ​ការជួបប្រជុំ ការចែក​ខិត្តប័ណ្ណ​តាម​ផ្ទះ ការចាក់​មេក្រូ​ផ្សព្វផ្សាយ គឺ​នៅតែ​ផុលផុស​។ ជាក់ស្ដែង​នៅ​ខេត្តកណ្ដាល គណបក្ស​ប្រជាជន​កម្ពុជា បាន​ចែក​ខិត្តប័ណ្ណ​ក្នុង​ឃុំ សង្កាត់​ទាំង ១២៧ មាន​អ្នកចូលរួម​ចំនួន ៤.០៤០ នាក់ ការជួបប្រជុំ​នៅ​ទីស្នាក់ការ​គណបក្ស​ដែលមាន​អ្នកចូលរួម​ប្រមាណ ១២.១២០ នាក់ និង​ការចាក់​មេក្រូ​នៅតាម​ទីតាំង​នានា​ដែលមាន​អ្នកចូលរួម​ប្រមាណ ១៥.១៥០ នាក់​។ ដោយឡែក គណបក្ស​ភ្លើងទៀន បានធ្វើ​ការហែក្បួន​ឃោសនា​ក្នុង​ឃុំ​ចំនួន ២ នៃ​ស្រុក​ល្វាឯម ដែលមាន​អ្នកចូលរួម​ប្រមាណ ៥០ នាក់ ព្រមទាំង​បានធ្វើ​ការចែក​ខិត្តប័ណ្ណ ក្នុង​ឃុំ សង្កាត់​ទាំង ១២៧ ដែលមាន​អ្នកចូលរួម​ប្រមាណ ៨៧៩ នាក់ ការចាក់​មេក្រូ​នៅតាម​ទីតាំង​នានា​ដែលមាន​អ្នកចូលរួម ៦៧៥ នាក់ រីឯ​គណបក្សនយោបាយ​ផ្សេងទៀត​ធ្វើ​សកម្មភាព​ចែក​ខិត្តប័ណ្ណ និង​ចាក់​មេក្រូ​ផ្សព្វផ្សាយ​ផងដែរ​។ ក្រៅពីនេះ នៅ​ខេត្តសៀមរាប គណបក្ស​ភ្លើងទៀន បានធ្វើ​ការហែក្បួន​នៅតាម​ឃុំ សង្កាត់​ចំនួន ១១ មាន​អ្នកចូលរួម​ប្រមាណ ៥.៥៦០ នាក់​។

សូម​បញ្ជាក់ថា ការឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ មាន​រយៈពេល ១៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​២១ ខែឧសភា ដល់​ថ្ងៃទី​៣ ខែមិថុនា៕សរន