ដោយៈ ទេព មង្គល / ភ្នំពេញៈ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានលើកឡើងថាៈ ឱសថក្លែងក្លាយ និងអន់គុណភាព ជាបញ្ហាសុខភាពសាធារណៈ រួមទាំងនៅក្នុងតំបន់ និងនៅទូទាំងពិភពលោក ដែលក្រសួងសុខាភិបាល កំពុងតែប្រយុទ្ធប្រឆាំងនឹងបញ្ហានេះ។
លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានលើកឡើងបែបនេះ នៅពេលលោកស្រី បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាមួយ នាព្រឹកថ្ងៃអង្គារ ទី២៤ ខែឧសភា ឆ្នាំ២០២២ ស្តីពីការអនុវត្តច្បាប់ ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំង ឱសថក្លែងក្លាយ និងអន់គុណភាព នៅសណ្ឋាគារ ផាមរីវើ ខេត្តកំពង់ស្ពឺ ដែលប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងសមត្ថភាព មន្ត្រីភ្នាក់ងារត្រួតពិនិត្យឱសថ ក្នុងការបង្ការ ទប់ស្កាត់ ស្រាវជ្រាវ និងចាត់វិធានការផ្លូវច្បាប់ ការប្រយុទ្ធប្រឆាំងឱសថ ក្លែងក្លាយ និងអន់គុណភាព។
ក្នុងឱកាសបើកសិក្ខាសាលានោះ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានលើកឡើងថាៈ ឱសថក្លែងក្លាយ និងអន់គុណភាព ជាបញ្ហាសុខភាពសាធារណៈ រួមទាំងនៅក្នុងតំបន់ និងនៅទូទាំងពិភពលោក ដែលក្រសួងសុខាភិបាល កំពុងតែប្រយុទ្ធប្រឆាំងនឹងបញ្ហានេះ។ បច្ចុប្បន្ននេះ ក្រសួងសុខាភិបាល សង្កេតឃើញមានការចរាចរ នៅលើទីផ្សារនូវផលិតផលឱសថ គ្មានលេខបញ្ជិកា ក៏ដូចជា ការផ្សព្វផ្សាយលក់ឱសថ តាមប្រព័ន្ធអនឡាញ ដែលជាបញ្ហាមួយ គួរឱ្យព្រួយបារម្ភ ចំពោះផលប៉ះពាល់សុខភាព ព្រោះក្នុងចំណោមឱសថទាំងនោះ មានមួយចំនួន ជាឱសថគ្មានប្រភពច្បាស់លាស់ មិនមានចុះបញ្ជិកាត្រឹមត្រូវ ពីក្រសួងសុខាភិបាល ហើយអាចជាឱសថក្លែងក្លាយ ឬអន់គុណភាព ផងដែរ។
លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានមានប្រសាសន៍ថាៈ ដើម្បីចូលរួមការប្រយុទ្ធប្រឆាំង ឱសថក្លែងក្លាយ និងអន់គុណភាព ក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវ ដល់គ្រប់គ្រឹះស្ថាន លក់ឱសថទាំងអស់ ត្រូវលក់តែឱសថណា ដែលមានលេខទិដ្ឋាការ ឬបញ្ជិកាពីក្រសួងសុខាភិ បាល។ ចំណែកឯប្រជាពលរដ្ឋ ត្រូវបញ្ឈប់ការទិញឱសថ ផលិតផលបំប៉នសុខភាព តាមប្រព័ន្ធអនឡាញ ហើយត្រូវទិញផលិតផលទាំងនេះ តែពី ឱសថស្ថានស្របច្បាប់ ដោយត្រូវពិនិត្យមើល នូវលតាប័ត្រទិដ្ឋាការ ឬបញ្ជិកា នៅលើសំបកវេចខ្ចប់ឱសថ ដូចមានទំរង់នៅក្នុងសេចក្តីជូនព័ត៌មាន ជាហូរហែកន្លងមក របស់ក្រសួងសុខាភិបាល។
ម្យ៉ាងទៀត ក្រសួងសុខាភិបាល សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានជំងឺ ឬបញ្ហាសុខភាពផ្សេងៗ ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យ ដែលមានជំនាញត្រឹមត្រូវ ដើម្បីទទួលបាន វេជ្ជបញ្ជា សម្រាប់តម្រូវការទិញឱសថប្រើប្រាស់ ដោយមិនត្រូវប្រើប្រាស់ឱសថ ដោយគ្មានវេជ្ជបញ្ជាឡើយ សំដៅបង្ការកុំឱ្យកើតមានភាពស៊ាំ របស់មេរោគ ទៅនឹងឱសថ ក៏ដូចជាគ្រោះថ្នាក់ជាយថាហេតុនានា ដែលកើតឡើង ដោយការប្រើប្រាស់ឱសថ។
ក្រសួងសុខាភិបាល សង្ឈឹមថា ប្រជាពលរដ្ឋ អាជ្ញាធរពាក់ព័ន្ធ និងដៃគូទាំងអស់ នឹងចូលរួម ជាមួយក្រសួងសុខាភិបាល ក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ និងអន់គុណភាព ទាំងអស់គ្នា សំដៅលើកកំពស់ សុខុមាលភាពសាធារណៈ ក៏ដូចជារួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ។
បើតាមមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា សិក្ខាសាលានេះ ជាសិក្ខាសាលាលើកទី២ បន្ទាប់ពីបានរៀបចំ នៅខេត្តកែប កាលពីសប្តាហ៍មុន ដោយសិក្ខាសាលានេះ មានការចូលរួម ធ្វើបទបង្ហាញ ពីមន្ត្រីនគរបាលយុត្តិធម៌ នៃក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ មហាអយ្យការ អមសាលាឧទ្ធរណ៍ភ្នំពេញ និងអយ្យការអមសាលាដំបូងខេត្តកណ្តាល ព្រមទាំងអង្គការដៃគូ ពាក់ព័ន្ធ ដូចជា អង្គការសុខភាពពិភពលោក អង្គការ United State Pharmacopoeia-Regulatory Laboratory Capacity Strengthening Program (USP-RLCSP) និង Interpol ដោយមានការ ចូលរួមពីមន្ត្រីភ្នាក់ងារត្រួតពិនិត្យឱសថ នៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង និងមន្ត្រីភ្នាក់ងារត្រួតពិនិត្យឱសថ នៃមន្ទីរសុខាភិបាលខេត្ត ចំនួន ១៥ (ខេត្តព្រះវិហារ ព្រៃវែង ពោធិ៍សាត់ រតនគិរី សៀមរាប ព្រះសីហនុ ស្ទឹងត្រែង ស្វាយរៀង តាកែវ កែប ឧត្តរមានជ័យ ប៉ៃលិន កំពត មណ្ឌលគិរី និងខេត្តកំពង់ស្ពឺ) ៕/V