​ដោយៈ រ៉ា​ម៉ន​/​ព្រះសីហនុៈ មន្ទីរ​សាធារណការ និង​ដឹក ជញ្ជូន​ខេត្ត​ព្រះសីហនុ បាន​អភិវឌ្ឍន៍ និង​ស្តារ​ប្រព័ន្ធ​អូរ​ប្រឡាយ​ជិត​៣០​គីឡូម៉ែត្រ​ក្នុង​ខេត្ត ដើម្បី​បញ្ចៀស​ការ​ជន់​លិច​ដោយសារ​ជំនន់​ទឹក ភ្លៀង​នា​រដូវវស្សា ហើយ​បានប្រែក្លាយ​ខេត្ត​នេះ​កាន់​តែមាន​សោភ័ណភាព និង​អនាម័យ​បរិស្ថាន​យ៉ាង​ស្រស់ស្អាត​។​

​លោក បូរី វង្ស​សានិ​ត ប្រធាន​មន្ទីរ​សារ​ធា​រណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ បាន​មានប្រសាសន៍​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​វិទ្យុជាតិ​កម្ពុជា​ថា កាលពី​ប៉ុន្មាន​ឆ្នាំមុន ខេត្ត​ព្រះសីហនុ​តែង​ទទួលរង​នូវ​ជំនន់​ទឹកភ្លៀង​នៅពេល​ដែលមាន​ភ្លៀង​ធ្លាក់​ខ្លាំង​ម្តងៗ ដោយសារតែ​មានការ​កើនឡើង​យ៉ាងគំហុក​នៃ​ការវិនិយោគ បានធ្វើ​ឱ្យមាន ការកកស្ទះ​នូវ​សំរាម​ជាច្រើន​តាម​ប្រព័ន្ធ​លូ​មួយចំនួន​ក្នុង​ខេត្ត ដែល​បង្ក​ជា​បញ្ហាលំបាក​ដល់​ការរស់នៅ និង​ការប្រកប របរ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ ។ លោក​ប្រធាន​បាន​បន្តថា ដោយ​មើលឃើញ​ពី​ការលំបាក​របស់​ប្រជាពលរដ្ឋ​នេះហើយ ទើប​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ខិតខំ​ប្រឹងប្រែង​រក​ដំណោះស្រាយ​ល្អប្រសើរ​មួយចំនួន ដោយមាន​ទាំង​ការស្តារ​ប្រព័ន្ធ​លូ​ដែលមាន​សំរាម​កកកុញ ជួស​ជុស​ប្រព​ន្ធ័​លូ​ដែល​ខូចខាត ជាពិសេស​រៀបចំ​ប្រព័ន្ធ​បណ្តាញ​លូ​ថ្មី​មួយចំនួនទៀត ដែលមាន​ប្រវែង​សរុប​២៧​គីឡូម៉ែត្រ​នៅតាម​តំបន់​នានា​ក្នុង​ខេត្ត​ព្រះសីហនុ ដើម្បី​បញ្ចៀស​ការ​ជន់​លិច​លំនៅដ្ឋាន​ប្រជាពលរដ្ឋ និង​ធ្វើឱ្យ​ខេត្ត​មាន​សោភ័ណភាព​ស្អាត អនាម័យ​បរិស្ថាន​ល្អ ហើយ​ពុំ​មានការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​ដូចពេលមុនៗ​ឡើយ ។​

​លោក បញ្ជាក់ថា «​យើង​ចាប់ផ្ដើម​ស្ដារ​អូរ​ប្រឡាយ​ត្រឡប់មកវិញ ដែលមាន​ចំនួន​៥​ខ្សែ ប្រវែង​សរុប​២៧​គីឡូម៉ែត្រ ដើម្បី​បញ្ចៀស​ការលិចលង់​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ ហើយ​បន្ទាប់ពី​យើង​បាន​ស្ដារ​ហើយ​ជា​លទ្ធផល​កន្លងមកនេះ កាលពី​ឆ្នាំមុន​ក៏មាន​ភ្លៀង​ធ្លាក់​ច្រើន​ដែរ ប៉ុន្តែ​ការលិចលង់​ត្រូវបាន​កាត់បន្ថយ​ដោយ​នៅសល់តែ​រយៈពេល​តិច​ក៏​ហូរ​ច្រោះ​ទៅ​អស់ នៅពេលដែល​រាំងភ្លៀង​បន្តិច​គឺ​ទឹក​ចាប់ផ្ដើម​ហូរ​ទៅ​អស់​ដូចគ្នា​ដែរ ដែល​ខុស​ពីមុន​នៅពេលដែល​យើង​មិនទាន់បាន​ស្ដារ និង​កែលម្អ​អ្វី​ទាំងអស់នោះ ។ ដូច្នេះ​មកដល់​បច្ចុប្បន្ននេះ គឺ​មិនមាន​ករណី​ដូច​កាលពី​ប៉ុន្មាន​ឆ្នាំមុនៗ​កើតឡើង​ទៀត​ទេ ដោយសារតែ​យើង​បាន​អភិវឌ្ឍ​រួចរាល់​»​។​

​លោក​ប្រធាន​មន្ទីរ​សាធារណ ការ​និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែលមាន​លំនៅដ្ឋាន​នៅតាម​បណ្ដា​អូរ​ប្រឡាយ សូមកុំ​ចាក់ដី​លុប​តាម​មាត់​ប្រឡាយ កុំ​សាងសង់​សំណង់​រឹង​នានា​ទៅលើ​អូរ​ប្រឡាយ កុំ​ទុកដាក់​សំរាម​នៅតាម​មាត់​ប្រឡាយ ជាពិសេស សំបក​ដប ថង់​ប្លា​ស្ទិ​ក ព្រោះ​របស់​ទាំងនេះ​ជា​បច្ច័យ​អាក្រក់​ធ្វើឱ្យមាន​ការកកស្ទះ​ប្រព័ន្ធ​លូ រួមគ្នា​ធ្វើយ៉ាងណា​ឱ្យ​ខេត្ត​ព្រះសីហនុ នៅតែមាន​ភាពស្រស់ស្អាត និង​ទាក់ទាញ​ភ្ញៀវទេសចរ និង​វិនិយោគិន ។

​សូមបញ្ជាក់ថា ការងារ​ស្តារ​អូរ​ប្រឡាយ​ធម្មជាតិ ចំនួន​៥ ខ្សែ ប្រវែង​សរុប​ជាង​២៧ គីឡូម៉ែត្រ រួមមាន ការ​សាង សង់​លូ​ប្រអប់​ប្រវែង​សរុប ១.៤៣៦​ម៉ែត្រ ដែលមាន​២ កំណាត់ ដែល​កំណាត់​ទី​១ លូ​ប្រអប់​ទំហំ​២,៥​ម​x៣​ម ប្រវែង ១.០៣៥​ម៉ែត្រ ចាប់ពី​ផ្លូវ​លេខ​៨១៨៨ ដល់​កែង​អូរ​ស្តេច​មឹក និង​កំណាត់​ទី​២ មាន​ទំហំ​២​ម​x៤​ម ប្រវែង ៤០០​ម៉ែត្រ និង​ទ​បង្ហូរទឹក ប្រវែង​៣០​ម៉ែត្រ ចាប់ពី​ស្ពាន​អូរ​ស្តេច​មឹក​ដល់​សមុទ្រ ៕​