ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ កូរ៉េខាងជើងបានបាញ់កាំជ្រួចផ្លោងចំនួនបីគ្រាប់ឆ្ពោះទៅសមុទ្រជប៉ុនកាលពីដើមថ្ងៃពុធទី២៥ឧសភា នៅពេលតែមួយថ្ងៃក្រោយប្រធានាធិបតីអាម៉េរិក ចូ បៃដិនបញ្ចប់ដំណើរទស្សនកិច្ចអាស៊ី ក្នុងនាមជាមេដឹកនាំអាម៉េរិក។
នាយសេនាធិការកងទ័ពចំរុះកូរ៉េខាងត្បូង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យោធាកូរ៉េខាងត្បូងបាន«ចាប់បានសញ្ញាកាំជ្រួចហោះចេញពីតំបន់ស៊ូណាននៅម៉ោង០៦០០ ម៉ោង០៦៣៧និងម៉ោង ០៦៤២ កាលពីដើមថ្ងៃពុធ»។
ប្រជាជនមើលការផ្សាយអំពីការបាញ់កាំជ្រួចរបស់កូរ៉េខាងត្បូងនៅស្ថានីយរដ្ឋភ្លើងមួយនៅក្រុងសេអ៊ូលកាលពីថ្ងៃ៧ឧសភា ឆ្នាំ២០២២
ចំណែកកងឆ្មាំសមុទ្រជប៉ុនបានព្រមានអំពី«លទ្ធភាពនៃការបាញ់កាំជ្រួច»ចេញពីកូរ៉េខាងជើង ដោយបានប្រាប់ទៅនាវាអោយនៅអោយឆ្ងាយពីវត្ថុធ្លាក់ចូលក្នុងទឹក។
នាយករដ្ឋមន្ត្រីជប៉ុនក្នុងពេលជាមួយគ្នា បានប្រាប់អ្នកយកព័ត៌មានថារដ្ឋាភិបាលទីក្រុងតូក្យូកំពុងព្យាយាមបញ្ជាក់ព័ត៌មានអំពីការបាញ់បង្ហោះនេះ។
នៅកូរ៉េខាងត្បូងឯណោះវិញ ប្រធានាធិបតីកូរ៉េខាងត្បូង លោកយូន ស៊ុក-យ៉ូល នឹងបើកកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិនៅព្រឹកនេះដើម្បីពិភាក្សាការបាញ់កាំជ្រួចនេះ។លោកយូនដែលទើបស្បថចូលកាន់តំណែងនៅខែនេះ បានប្តេជ្ញាប្រកាន់គោលជំហរតឹងត្អឹងចំពោះកូរ៉េខាងជើងក្រោយកិច្ចការទូតអស់ប្រាំឆ្នាំតែមិនបានសំរេចផល។
ការបាញ់បង្ហោះនៅថ្ងៃពុធជាការបាញ់បង្ហោះលើកចុងក្រោយមួយក្នុងចំណោមការសាកល្បងសព្វាវុធជាបន្តបន្ទាប់ដោយរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងនៅឆ្នាំនេះ រួមមានការបាញ់កាំជ្រួចឆ្លងទ្វីបចម្ងាយពេញជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧មកផង។
ការបាញ់សាកល្បងចុងក្រោយនេះកើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតី ចូ បៃដិន ចាកចេញពីកូរ៉េខាងត្បូងកាលពីថ្ងៃអាទិត្យ ចំពេលមន្ត្រីអាម៉េរិកព្រមានថាមេដឹកនាំកូរ៉េខាងជើង លោកគីមជុងអ៊ុន អាចសាកល្បងនុយក្លេអ៊ែរ ឬកាំជ្រួច។
នៅកូរ៉េខាងត្បូង លោកបៃដិន បានពិភាក្សាអំពីការពង្រីកទំហំសមយុទ្ធយោធាដើម្បីទប់ទល់នឹងឥរិយាបទគំរាមប្រើកម្លាំងរបស់គីម ជុងអ៊ុន៕