​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស,បំណង (​ដេល្លី​ម៉េល​,ស្រ្តេតថែមស៍) ៖ អភិបាលរដ្ឋ​តិច​សា​ស់លោក ហ្គ្រេ​ក អាប់​បុត (Greg Abbott) បាន​និយាយថា ខ្មាន់កាំភ្លើង​អាយុ ១៨​ឆ្នាំ​ម្នាក់​បាន​បាញ់ប្រហារ​កាលពី​ថ្ងៃ​អង្គារ​ទី​២៤​ឧសភា​​នៅ​សាលាបឋមសិក្សា​មួយ​ក្នុង​រដ្ឋ​តិច​សាស់ ដោយ​សម្លាប់​កុមារ​១៤ នាក់ និង​គ្រូ​បង្រៀន​ម្នាក់(សារព័ត៌មានខ្លះថា កូនសិស្ស១៨នាក់ និងមនុស្សធំបីនាក់ស្លាប់) និង​បណ្តាលឱ្យ​អ្នក​ផ្សេង​ទៀត​រងរបួស ហើយ​ខ្មាន់កាំភ្លើង​បាន​ស្លាប់​។​

​វា​គឺជា​ការបាញ់ប្រហារ​ដ៏​សាហាវ​បំផុត​នៅ​សាលា​បឋម​សិក្សា​របស់​ស​ហ​រដ្ឋ​អាម៉េរិក ចាប់តាំងពី​ការវាយប្រហារ​ដ៏​គួរឱ្យ​តក់ស្លុត​នៅ​សាលាបឋមសិក្សា​សេន​ឌី​ហ៊ុក (Sandy Hook)​ក្នុង​ទីក្រុង​ញូ​វ​ថោ​ន (Newtown) រដ្ឋ​ខុន​និក​ធី​ខាត់ (Connecticut)​ជិត​មួយ​ទសវត្សរ៍​មុន​។ ហើយ​វា​បាន​កើតឡើង​ត្រឹមតែ ១០ ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​ខ្មាន់កាំភ្លើង​ពាក់អាវ​ក្រោះ​ការពារ​ម្នាក់​បាន​សម្លាប់​អ្នកដើរ​ទិញ​អីវ៉ាន់​​និង​និយោជិត​ស្បែក​ខ្មៅ​១០ នាក់​នៅ​ផ្សារ​ទំនើប​មួយ​ក្នុង​ទីក្រុង​បា​ហ្វ​ហ្វា​ឡូ (Buffalo)​រដ្ឋ​ញូវយ៉ក ក្នុង​អ្វីដែល​អាជ្ញាធរ​និយាយថា​ជា​ការវាយប្រហារ​ប្រកាន់​ពូជសាសន៍​។​

​លោក​អាប់​បុតបា​ននិយាយថា ខ្មាន់កាំភ្លើង​បាន​ចូល​សាលា​បឋមសិក្សា​រ៉ប់ (Robb) ក្នុង​ទីក្រុង​យូ​វ៉ាល់​ដេ (Uvalde)​ជាមួយនឹង​កាំភ្លើងខ្លី​មួ​យ​ដើម​និង​ប្រហែល​កាំភ្លើង​វែង​មួ​យ​ដើម​ផងដែរ​។ ​ក្រុមមន្ត្រី​មិន​បាន​បង្ហាញ​ពី​មូលហេតុ​នៃ​ការបាញ់​ភ្លាមៗ​នោះទេ ប៉ុន្តែ​មន្ត្រី​មូលដ្ឋាន​បាន​កំណត់​អត្តសញ្ញាណ​ជន​វាយប្រហារ​ឈ្មោះ សាល់​វ៉ាឌ័​រ រ៉ា​ម៉ូ​ស (Salvador Ramos)​ហើយ​និយាយ​ថា​រូបគេ​​ជា​អ្នកស្រុក​នៃ​សហគមន៍​ជនជាតិ​ឡាទីន ដែល​មាន​ចម្ងាយ​ប្រហែល ១៣៥ គីឡូម៉ែត្រ​ពី​ភាគ​ខាងលិច​ទីក្រុង​សាន់​អង់​តូ​នីញ៉ូ (San Antonio)​។​

​លោក​អាប់​បុតបា​ននិយាយថា ខ្មាន់កាំភ្លើង​ទំនងជា​ត្រូវបាន​សម្លាប់​ដោយ​មន្ត្រី​ប៉ូលិស ប៉ុន្តែ​ព្រឹត្តិការណ៍​នេះ​នៅ​កំពុង​ស៊ើបអង្កេត​នៅឡើយ​។ លោក ភី​តេ អា​រ៉េ​ដុន​ដូ (Pete Arredondo)​មេ​ប៉ូលិស​​តំបន់​បាន​និយាយថា ជន​វាយប្រហារ​បានធ្វើ​សកម្មភាព​តែម្នាក់ឯង​។​

​ការសម្លាប់​រង្គាល​លើ​កុមារ​គឺជា​គ្រា​ដ៏​សោកសៅ​មួយទៀត​សម្រាប់​ប្រទេស​ដែល​ញាំញី​ដោយ​ការសម្លាប់​រង្គាល​សឹងតែ​មិន​ឈប់​ឈរ​នៅ​តាម​ព្រះវិហារ សាលារៀន និង​ហាង​ទំនិញ​៕

​ប៉ូលិស​និង​ឪពុក​ម្តាយ​ប្រតិកម្ម​ក្រោយ​ការសម្លាប់​រង្គាល​នៅ​សាលាបឋមសិក្សា​រ៉ប់​កាលពី​ថ្ងៃ​អង្គារ​