ដោយៈចាន់តូ/ភ្នំពេញៈ បុរសជនបរទេសម្នាក់ បានរត់ចេញពីផ្ទះសំណាក់ ឡើងលើការដ្ឋានសំណង់ជាន់ទី២ លោតទម្លាក់ខ្លួន បណ្តាលឲ្យបោកក្បាលនឹងថ្នល់ស្លាប់ កាលពីវេលាម៉ោង២រំលងអធ្រាត្រ ចូលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ នៅភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។
តាមប្រជាពលរដ្ឋបានឱ្យដឹងថា កន្លងមកគេធ្លាប់ឃើញបុរសជនជាតិបរទេសរូបនេះ ដើរថ្មើរជើង នៅក្នុងភូមិសាស្ត្រខាងលើ ជួនអត់មានទាំងពាក់ស្បែកជើងផង ហើយនៅវេលាកើតហេតុនេះ គេឮសូរសម្លេងឆ្កែព្រុស ហើយឃើញជនរងគ្រោះដេកដួលនៅលើផ្លូវ តែគ្មានអ្នកហ៊ានចូលជិត រហូតដល់ភ្លឺច្បាស់ទើបដឹងថាដេកស្លាប់ ។
តែបើតាមប្រភពមួយផ្សេងទៀត បានឲ្យដឹងថា កាលពីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ គេឃើញជនរងគ្រោះចូលទៅដេកនៅបន្ទប់ផ្ទះសំណាក់យីហោ សុភ័ស្ត ភួង ដែលស្ថិតនៅក្បែរនោះ ស្រាប់តែនៅរំលងអធ្រាត្រ ជនជាតិបរទេសរូបនេះ ដុតកម្រាលពូក ខ្នើយ ឆេះក្នុងបន្ទប់ហើយ រត់ឆ្លងកាត់លើដំបូលផ្ទះ ឡើងទៅលើកាដ្ឋានសំណង់ជាន់ទី២ ហើយលោតទម្លាក់ខ្លួន បណ្តាលឱ្យស្លាប់ ។
ករណីខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ច មូលដ្ឋាន ជំនាញ ចុះទៅពិនិត្យ ជាក់ស្តែង ដល់ទីតាំងកើតហេតុ៕