ដោយ​: សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​: បន្ទាប់ពី​ទទួល​ជា​ផ្លូវការ​នូវ​ទង់​សម្រាប់​រៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​បន្ត​ពី​វៀតណាម​ក្នុង​ពិធី​បិទ​ស៊ី​ហ្គេម​លើក​ទី​៣១ នា​យប់​ថ្ងៃទី​២៣ ឧសភា​មក​នោះ នៅ​​ល្ងាច​ថ្ងៃទី​២៤ ឧសភា ទង់​នេះ​ត្រូវបាន​នាំមក​ដល់​កម្ពុជា​ហើយ ។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣(CAMSOC) លោក ថោង ខុន ប្រធាន​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍​បាន​ដឹកនាំ​គណៈ​
​ប្រតិភូ និង​អត្ត​ព​លិ​ក​កម្ពុជា​សរុប​១៨០​នាក់ ដោយ​នាំមក​នូវ​មេដាយមាស ប្រាក់ សំរិទ្ធ​ជាច្រើន​គ្រឿង​ជាពិសេស​ទង់ SEA Game ដើម្បី​បន្តវេន​ធ្វើជា​ម្ចាស់ផ្ទះ SEA Game លើក​ទី​៣២ ឆ្នាំ​២០២៣ ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២២ ។​

​ម្ចាស់​ជ័យលាភី​រួមជាមួយ​ទង់​ត្រូវបាន​ដង្ហែរ​ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​​កាត់​តាម​បណ្ដា​ផ្លូវ​សំខាន់ៗ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​បង្ហាញ​ដល់​ប្រជាជន​កម្ពុជា​​ថា​កម្ពុជា​ពិតជា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​មែន​។​

​គិត​ត្រឹម​ថ្ងៃទី​២៥ ឧសភា​នេះ នៅសល់​រយៈពេល​តែ​៣៤៥​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ នឹង​បើក​សម្ភោ​ធន៍​ការប្រកួត​ជា​ផ្លូវការ ហើយ​នេះ គឺជា​ក្ដី​ស្រមៃ​របស់​កម្ពុជា​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​ពហុ​កីឡា​ប្រចាំ​តំបន់​ជា​លើកដំបូង ។​

​សូមបញ្ជាក់ថា​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣១ នៅ​ទីក្រុង​ហាណូយ​នេះ​កម្ពុជា​ប្រជែង​​បាន​មេដាយ​រហូតដល់​ទៅ​៦៣​គ្រឿង ដែល​ក្នុងនោះ​មាន​មេដាយមាស​ចំនួន​៩​គ្រឿង មេដាយ​ប្រាក់​ចំនួន​១៣​គ្រឿង និង​មេដាយសំរិទ្ធ​ចំនួន​៤១​គ្រឿង​៕​