ដោយៈប.ខុន/ភ្នំពេញៈកម្ពស់ទឹកទន្លេមេគង្គនៅស្ថានីយជលសាស្ត្របាសាក់-ចតុមុខ ក្នុងរដូវវស្សាឆ្នាំ២០២២នេះ អាចនឹងឡើងដល់កម្ពស់៩,៦៥ម៉ែត្រ ដែលអាចចាត់ទុកថាជាប្រភេទជំនន់មធ្យម។នេះបើតាមការជូនដំណឹងថ្ងៃទី២៥ខែឧសភារបស់ក្រសួងធនធានទឹកនិងឧតុនិយមស្តីពីការព្យាករកម្ពស់ទឹកជំនន់ទន្លេមេគង្គលើកទី១ប្រចាំឆ្នាំ២០២២។
សេចក្តីជូនដំណឹងដែលចុះហត្ថលេខាដោយលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមបានបញ្ជាក់ថា យោងតាមការសង្កេត ពិនិត្យទៅលើបាតុ ភូតធម្មជាតិ និងការព្យាករស្ថានភាពអាកាសធាតុ ក្នុងតំបន់សម្រាប់ឆ្នាំ២០២២ឃើញថាចាប់ពីខែឧសភាដល់ខែតុលាឆ្នាំ២០២២ បាតុភូតអែនសូ (ENSO Neutral) មានពី ២០ភាគរយទៅ៥០ភាគបាតុភូតឡានីណា (La Nina) មានពី៥០ភាគរយទៅ៨០ភាគរយនិងបាតុភូតអែលនីញូ (El Nino)មាន០ភាគរយ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យភ្លៀងអាចមានក្នុងកម្រិតពីមធ្យមទៅច្រើនបង្គួរនៅដើមរដូវវស្សា អាចមានពីបង្គួរទៅច្រើននៅពាក់កណ្តាលរដូវវស្សា និង អាចមានពីមធ្យមទៅបង្គួរនៅចុងរដូវវស្សាទាំងនៅក្នុងអាង ទន្លេមេគង្គនិងនៅក្នុងប្រទេសកម្ពុជា ។
សេចក្តីជូនដំណឹងដដែលបន្តថា ស្ថានភាពទឹកទន្លេមេគង្គ ទន្លេបាសាក់និងទន្លេសាបចាប់ពីដើមឆ្នាំ២០២២នេះមកមានស្ថានភាពដូចជានៅទន្លេមេគង្គ-ស្ទឹងត្រែង ទឹកមានកម្រិតកម្ពស់ខ្ពស់ជាងមធ្យមច្រើនឆ្នាំប្រមាណ០,៥៣ម៉ែត្រ ,ទន្លេមេគង្គ-ក្រចេះ ទឹកមានកម្រិតកម្ពស់ខ្ពស់ជាងមធ្យមច្រើនឆ្នាំ ប្រមាណ០,៧២ ម៉ែត្រ ។ ទន្លេមេគង្គ-កំពង់ចាម ចាប់ពីខែមករាដល់ពាក់កណ្តាលខែមីនា ទឹកមានកម្រិតកម្ពស់ទាបជាងមធ្យមច្រើនឆ្នាំដល់ទៅ ១,២១ ម៉ែត្រ ប៉ុន្តែមកដល់ខែឧសភា ទឹកមានកម្រិតកម្ពស់ខ្ពស់ជាងមធ្យមច្រើនឆ្នាំប្រមាណ០,៦៤ម៉ែត្រ។ រាជធានីភ្នំពេញ ស្ថានីយជលសាស្ត្រទន្លេបាសាក់-ចតុមុខ ចាប់ពីខែមករាដល់ពាក់កណ្តាលខែមីនា ទឹកមានកម្រិតកម្ពស់ទាបជាងមធ្យមច្រើនឆ្នាំដល់ទៅ១,១០ ម៉ែត្រ ប៉ុន្តែមកដល់ខែឧសភា ទឹកមានកម្រិតកម្ពស់ខ្ពស់ជាងមធ្យមច្រើនឆ្នាំប្រមាណ០,២៨ម៉ែត្រ ។ទឹកក្នុងបឹងទន្លេ សាប នៅស្ថានីយក្រគរ-កំពង់លួង ចាប់ពីខែមករា ដល់ខែមីនា ទឹកមានកម្រិតកម្ពស់ទាបជាងមធ្យមច្រើនឆ្នាំប្រមាណពី០,៥០ម៉ែត្រទៅ០,៩០ ម៉ែត្រ ប៉ុន្តែចាប់ពីខែមេសា ដល់ខែឧសភា ទឹកមានកម្រិតកម្ពស់ខ្ពស់ជាងមធ្យមច្រើនឆ្នាំប្រមាណ០,០៨ម៉ែត្រ ។
ប្រភពដដែលបញ្ជាក់ទៀតថា ផ្អែកតាមលក្ខណៈខាងលើស្ថានភាពទឹកទន្លេមេគង្គសម្រាប់ដើមឆ្នាំ២០២២នេះ នៅទន្លេមេគង្គផ្នែកខាងលើទឹកមានកម្រិតកម្ពស់ខ្ពស់ជាងមធ្យមច្រើនឆ្នាំ នៅទន្លេមេគង្គផ្នែកខាងក្រោម ទឹកមានកម្រិតកម្ពស់ប្រហាក់ប្រហែលនឹងខ្ពស់ជាងមធ្យមច្រើនឆ្នាំចាប់ពីខែមេសាមក។រីឯទឹកនៅបឹងទន្លេសាប ក៏ខ្ពស់ជាងមធ្យមច្រើនឆ្នាំចាប់ពីខែមេសាមកដែរ។យោងលើស្ថានភាពទឹកទន្លេមេគង្គនាពេលបច្ចុប្បន្ន កត្តាអាកាសធាតុ និងការវិភាគ លើទំនាក់ទំនងរវាងកម្ពស់ទឹកអប្បបរមានិងអតិបរមាព្រមទាំងការវិភាគលើវដ្តទឹក ការព្យាករលើកទី១បានបង្ហាញថានៅស្ថានីយជលសាស្ត្របាសាក់-ចតុមុខក្នុងរដូវវស្សាឆ្នាំ២០២២នេះទឹកអាចនឹងមានកម្ពស់ ៩,៦៥ម៉ែត្រ ដែលចាត់ទុកថាជាប្រភេទជំនន់មធ្យម៕សរន