ដោយ​: សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​: អត្ត​ព​លិ​ក​កីឡាហែលទឹក​កម្ពុជា​វិញ្ញាសា​ហែល​ពាក់​ជើង​ទា បែប​បណ្តាក់ ៤​គុណ​នឹង​២០០​ម៉ែត្រ (Fin swimming-Men’s Relay 4 x 200m Surface) ទទួលបាន​មេដាយ​សំរឹទ្ធ ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម ដែល​ទើបតែ​ធ្វើ​ពិធី​បិទ​បញ្ចប់​នេះ​។​

​លោក​ហែម គី​រី ដែលជា​អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​បានបញ្ជាក់​ថា​​សម្រាប់​ការ​ឈ្នះ​មេដាយ​លើក​នេះ​ក៏​ជាការ​ឈ្នះ​មេដាយ​លើកដំបូង​ក្នុង​រយៈពេល​៤៩​ឆ្នាំ​ចុងក្រោយ លើ​ប្រភេទ​កីឡាហែលទឹក (Aquatic) នៅ​ស៊ី​ហ្គេម​។​

​កម្ពុជា ឈ្នះ​មេដាយ​ចុងក្រោយ គឺ​កាលពី​ឆ្នាំ​១៩៧៣ ក្នុង​ស៊ី​ហ្គេម លើក​ទី​៧ នៅ​ប្រទេស​សិង្ហ​បុរី​។ លោក ហែម គី​រី ថា​ការ​ឈ្នះ​នេះ គឺ​រង់ចាំ​យូរ​មកហើយ ដោយ​អាច​និយាយបានថា​មិនមែន​ត្រឹមតែ​ឆ្នាំ​នោះទេ ប៉ុន្តែ​ឈានចូល​ដល់​ជំនាន់ ត្បិត​កម្ពុជា​ធ្លាប់​ឈ្នះ​មេដាយ​លើ​ប្រភេទ​កីឡា​នេះ​តាំងពី​ទស្សវត្ស៍​ទី​៧០ មកម្ល៉េះ​។​​ការទទួលបាន​មេដាយ​សំរឹទ្ធ​នេះ​គឺជា​ការ​ឈ្នះ​មេដាយ​លើកដំបូង​លើ​វិញ្ញាសា​ហែល​ទឹកពាក់​ជើង​ទា នៅ​ស៊ី​ហ្គេម សម្រាប់​កម្ពុជា ក្នុងការ​បង្ហាញខ្លួន​លើក​ទី​១ នៅ​ឆ្នាំនេះ ខណៈ​វិញ្ញាសា​នេះ ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម នៅ​ឆ្នាំ​២០២៣​។ លោក អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បាន​សម្ដែង​ក្ដី​មោទកភាព និង​ចាត់ទុកថា ជា​យុទ្ធសាស្ត្រ​សម្រាប់​ស៊ី​ហ្គេម ឆ្នាំ​២០២៣ នៅ​កម្ពុជា​។​

​លោក ហែម គី​រី និយាយថា «​សម្រាប់​ពួកគាត់​គឺ​ខ្ញុំ​មាន​មោទនភាព ដែល​គាត់​ទាំង ៦​នាក់ ប្រឹងប្រែង​ឆ្លងកាត់​ការលំបាក​ជាច្រើន ព្យាយាម​តស៊ូ ជម្នះ​គ្រប់​ឧបសគ្គ​ទាំងអស់គ្នា ជាពិសេស​គឺ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក មាន​ថ្នាក់ដឹកនាំ​គឺ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែល​លោក​ជា​ប្រធាន​»​។

​លោក​បន្តថា «​ពេលនេះ​យើង​អាច​បង្ហាញថា​កម្ពុជា​យើង​អាចធ្វើ​បាន​ឲ្យ​តែ​យើង​មាន​ការតស៊ូ​ព្យាយាម អត់ធ្មត់​។ អ្វី​ទាំងអស់នេះ​កើតឡើង​មិនមែន​ដោយ​ចៃដន្យ​ទេ គឺ​យើង​មានការ​ព្យាយាម​តស៊ូ​យ៉ាងខ្លាំង​ឆ្លងកាត់​ឧបសគ្គ​ជាច្រើន​ជាពិសេស គឺ​ផ្លូវ​អារម្មណ៍​ដែល​ប្រភេទ​កីឡាហែលទឹក​តែងតែ​រង​សម្ពាធ​។​តាមពិតទៅ​គឺ​ខ្ញុំ​ព្យាយាម​គិតថា​វា​ជា​រឿង​ដែល​ល្អ​សម្រាប់​ការចាប់ផ្ដើម​របស់​សហ​ព័ន្ធ​ខ្មែរ​កីឡាហែលទឹក​គឺ​លទ្ធផល​មួយ​នេះ​ធ្វើ​ឲ្យ​មានការ​លើកទឹកចិត្ត​ដល់​កីឡាករ​កីឡាការិនី​វ័យក្មេង​របស់​យើង​។​ទាំង​កីឡាករ​កីឡាការិនី​រប​ស់​យើង​គឺ​គាត់​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ដើម្បី​ជាតិ​»​។​

​លោក​ទទួលស្គាល់ថា​ពិតជា​មានការ​លំបាក​ក្នុងការ​ទទួលបាន​លទ្ធ​ផល​មួយ​នេះ​។ ។​ថ្វីដ្បិតតែ​យើង​ទៅ​លើក​នេះ​កីឡាការិនី​របស់​យើង​មិនទាន់​ទទួលបាន​លទ្ធផល​ជា​មេដាយ​ប៉ុន្តែ​ពួកគាត់​បាន​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ហើយ​បាន​ឈានទៅដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ដែល​យើង​នឹកស្មាន​មិន​ដល់​ព្រោះ​ជា​លើក​ទី​១​សម្រាប់​ការឈាន​ចូល​ការប្រកួត​ប្រភេទ​កីឡាហែលទឹក​ពាក់​ជើង​ទា​នេះ​។ វា​ជា​យុទ្ធសាស្ត្រ​សម្រាប់​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក ដើម្បី​ឈានទៅរក​មេដាយ​នៅក្នុង​កីឡា​ស៊ី​ហ្គេម ២០២៣​។​
​យើង​ឃើញជាក់ស្ដែង​សឹងតែ​ជា​ប្រភេទ​កីឡា​មិន​ធ្លាប់មាន​មេដាយ​សោះ​លើក​នេះ​គឺ​
​យើង​បានបង្ហាញ​អំពី​សមិទ្ធផល​ថ្មី​លទ្ធផល​ថ្មី​ជាពិសេស​គឺ​យើង​បាន​បង្ហាញថា​ការតស៊ូ​ព្យា​
​យាម​អត់ធ្មត់​របស់​ពួកយើង​គឺ​នឹង​ទទួលបាន​លទ្ធផល​នៅ​ថ្ងៃ​ណាមួយ​។​ជាក់ស្ដែង​គឺ​ក្រុម​កីឡាករ​-​កីឡាការិនី​ហែល​ទឹក​កម្ពុជា​យើង​គឺ​ព្យាយាម​រយៈពេល​យូរហើយ​។

​សូមបញ្ជាក់ថា កាលពី​ឆ្នាំ​១៩៧៣ អត្ត​ព​លិ​ក​កីឡាហែលទឹក​កម្ពុជា ឈ្នះ​មេដាយ ១៣​គ្រឿង ក្នុងនោះ​មាស ២​គ្រឿង ប្រាក់ ៧​គ្រឿង និង​សំរឹទ្ធ ៤​គ្រឿង ប៉ុន្តែ​ពេលនោះ ពុំទាន់​មាន​វិញ្ញាសា​ហែល​ពាក់​ជើង​ទា នៅឡើយ​៕​