​ប្រែ​សម្រួលៈ​បំណង​(​បាងកក​ប៉ុស្តិ៍​)៖​យោធា​ចិន​និង​រុស្ស៊ី​កាលពី​ថ្ងៃ​អង្គារ​បាន​ធ្វើ​ការហោះ​ល្បាត​រួមគ្នា​នៅ​លើ​សមុទ្រ​ជប៉ុន សមុទ្រ​ចិន​ខាងកើត​និង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ខាងលិច​ក្នុង​ផែនការ​កិច្ច​សហ​ប្រតិ​ប​​ត្តិ​ការ​យោធា​រួមគ្នា​នៃ​ប្រទេស​ទាំង​ពីរ នេះ​បើ​តាម​ការប្រកាស​របស់​ក្រសួង​ការពារ​ជាតិចិន​នៅលើ​គេហទំព័រ​របស់ខ្លួន​។​

​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយថា ការ​ល្បាត​នេះ​បាន​ប្រើពេល​អស់​១៣​ម៉ោង​នៅ​លើ​សមុទ្រ​ជប៉ុន​និង​សមុទ្រ​ចិន​ខាងកើត​។​

​សូមបញ្ជាក់​ថា ទោះជា​សមយុទ្ធ​នៅក្បែរ​ជប៉ុន​នោះ​កើតឡើង​ចំពេល​ក្រុម​មេដឹកនាំ​បួន​ប្រទេស​ហៅ​ថា​ក្វាដ​(Quad)​រួម​មាន​អាម៉េរិក បើក​កិច្ចប្រជុំ​នៅ​ទីក្រុង​តូ​ក្យូ​ដើម្បី​រក​វិធី​ទប់ទល់​នឹង​ចិន​និង​រុស្ស៊ី ក៏​​វា​ត្រូវ​បាន​ធ្វើ​តាំងពី​មុន​មក ដូចជា​នៅ​ឆ្នាំ​១០១៩ ២០២០​និង​២០២១ ។​

​រុស្ស៊ី​កំពុង​រង​ទណ្ឌកម្ម​ជុំ​ទិស​មក​ពី​បណ្តា​ប្រទេស​លោកខាងលិច​ដោយសារ​តែ​ខ្លួន​ចូលលុកលុយ​ប្រទេស​អ៊ុ​យក្រែន​។​

​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន​លោក ណូ​ប៊ូ​អុ គី​ស៊ី (Nobuo Kishi )​បាន​និយាយថា ជប៉ុន​បាន​បញ្ចេញ​យន្តហោះ​ប្រដេញ​ក្រោយ​ពី​យន្តហោះ​រុស្ស៊ី​និង​ចិន​ហោះចូល​ក្បែរ​ដែនអាកាស​ខ្លួន​កាលពី​ថ្ងៃ​អង្គារ នៅពេល​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​ទទួល​មេដឹកនាំ​មកពី អូស្ត្រាលី អាម៉េរិក​និង​ឥណ្ឌា​។​

​លោក​គី​ស៊ី បាន​និយាយថា រដ្ឋាភិបាល​ទីក្រុង​តូ​ក្យូ​បានសម្តែង​«​ការព្រួយបារម្ភ​ធំធេង​»​ទៅកាន់​រុស្ស៊ី​និង​ចិន​តាម​បណ្តាញ​ការទូត​។​លោក​បាន​ចាត់ទុក​ឧបទ្ទវហេតុ​នេះ​ថា​ទំនង​ជា​ការ​បង្ករឿង​មួយ​ចំ​ថ្ងៃ​​ដែល​ប្រធានាធិបតី ចូ បៃ​ដិន នាយករដ្ឋមន្ត្រី​ឥណ្ឌា និង​អូស្ត្រាលី ជួបប្រជុំ​គ្នា​នៅ​ក្រុង​តូ​ក្យូ​។​

​លោក​បាន​និយាយថា «​យើង​ជឿ​ថា​ឧបទ្ទវហេតុ​ក្នុងអំឡុង​ជំនួប​កំពូល​Quad​ហាក់​បង្ករឿង​ជាង​ពីមុនៗ​»​។​យន្តហោះ​ចិន​ពីរ​គ្រឿង​ហោះ​លើ​សមុទ្រ​ជប៉ុន​ចេញពី​សមុទ្រ​ចិន​ខាងកើត​និង​បន្ទាប់មក​ចូល​​រួម​ជាមួយ​យន្តហោះ​រុស្ស៊ី​ពីរ​គ្រឿង​ដើម្បី​ហោះ​រួម​គ្នា​ឆ្ពោះទៅ​កាន់​សមុទ្រ​ចិន​ខាងកើត​។​

​លោក​បាន​បន្តថា បន្ទាប់​មក​យន្តហោះ​ចិន​ទាំង​ពីរ​ត្រូវបាន​ជំនួស​ដោយ​យន្តហោះ​ចិន​មួយ​គូ​ទៀត និង​ហោះ​ជាមួយ​យន្តហោះ​រុស្ស៊ី​ឆ្ពោះទៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។​យន្តហោះ​ឈ្លបយកការណ៍​របស់​រុស្ស៊ី​មួយ​​ក៏​បាន​ហោះ​លើ​សមុទ្រ​ជប៉ុន​មកពី​ទិស​កោះ​ហុក​កៃដូ​ទៅកាន់​ឧបទ្វីប​ណូ​តូ​នៅលើ​កោះ​ធំ​របស់​ជប៉ុន​។​ទោះជា​យ៉ាងណា មិន​មាន​យន្តហោះ​ណាមួយ​បាន​ហោះចូល​ដែនអាកាស​ជប៉ុន​ទេ​។​

​ក្នុង​ថ្ងៃ​ដដែល កូរ៉េខាងត្បូង​បាន​និយាយថា យន្តហោះ​របស់ខ្លួន​បាន​ចេញ​ទៅ​កៀង​ដេញ​យន្តហោះ​ចិន​បួន​គ្រឿង​និង​យន្តហោះ​រុស្ស៊ី​បួន​គ្រឿង ដែល​បាន​ហោះចូល​ក្នុង​តំបន់​ការពារ​ដែនអាកាស​របស់ខ្លួន​។​​គេ​មិនដឹងថា​តើ​ព្រឹត្តិការណ៍​ពីរ​នេះ​មាន​ពាក់ព័ន្ធ​គ្នា​ឬ​យ៉ាងណាទេ​៕សរន

​ផ្គើន​ណាស់ ចិន​និង​រុស្ស៊ី​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក​មក​កៀក​ជប៉ុន​ចំ​ពេល​មេដឹកនាំ​ក្រុម​Quad​ជួបប្រជុំ​គ្នា​នៅ​ក្រុង​តូ​ក្យូ​