ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ សហរដ្ឋអាម៉េរិកកាលពីថ្ងៃអង្គារទី២៤មេសាបានព្រមានតួកគីកុំឱ្យបើកប្រតិបត្តិការយោធាថ្មីនៅភាគខាងជើងប្រទេសស៊ីរី ដោយនិយាយថាសម្ពន្ធមិត្តណាតូដែលមិនសប្បាយចិត្តមួយនេះនឹងធ្វើឱ្យកងទ័ពអាម៉េរិកប្រឈមនឹងហានិភ័យ។
ប្រធានាធិបតីតួកគីលោក រីស៊ីប ថាយយីប អឺដូហ្គាន (Recep Tayyip Erdogan)បាននិយាយកាលពីថ្ងៃចន្ទថាតួកគីនឹងចាប់ផ្តើមប្រតិបត្តិការយោធាថ្មីមួយចូលទៅភាគខាងជើងនៃប្រទេសស៊ីរីក្នុងពេលឆាប់ៗនេះដើម្បីបង្កើត “តំបន់សន្តិសុខ” ប្រវែង ៣០ គីឡូម៉ែត្រនៅតាមបណ្តោយព្រំដែន។
អ្នកនាំពាក្យក្រសួងការបរទេសលោក ណេត ប្រាយ បានប្រាប់អ្នកយកព័ត៌មានថា”យើងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីរបាយការណ៍និងការពិភាក្សាអំពីការកើនឡើងនៃសកម្មភាពយោធានៅភាគខាងជើងប្រទេសស៊ីរី និងជាពិសេសផលប៉ះពាល់របស់វាទៅលើប្រជាជនស៊ីវិល”។
លោកបាននិយាយថា “យើងថ្កោលទោសការបង្កើនការវាយលុកណាមួយ។ យើងគាំទ្រដល់ការថែរក្សាខ្សែបន្ទាត់នៃបទឈប់បាញ់បច្ចុប្បន្ន”។
នៅឯអង្គការសហប្រជាជាតិ អ្នកនាំពាក្យលោក ស្តេហ្វេន ឌួចារិក (Stephane Dujarric) បាននិយាយថាអាទិភាពសម្រាប់ស៊ីរីដែលរងនូវសង្គ្រាមគួរតែជាដំណោះស្រាយនយោបាយនិងជំនួយមនុស្សធម៌។
លោកឌួចារិកបានប្រាប់អ្នកយកព័ត៌មានថា “យើងគាំទ្របូរណភាពទឹកដីនៃប្រទេសស៊ីរី ហើយអ្វីដែលស៊ីរីត្រូវការគឺមិនមែនប្រតិបត្តិការយោធាបន្ថែមទៀតពីជ្រុងណាមួយនោះឡើយ”។
តួកគីបានចាប់ផ្តើមការវាយលុកចំនួនបីដងចូលទៅក្នុងប្រទេសស៊ីរីចាប់តាំងពីឆ្នាំ ២០១៦ក្នុងគោលបំណងកម្ទេចក្រុមយុទ្ធជនឃឺដស៊ីរីដែលបានជួយដល់យុទ្ធនាការដឹកនាំដោយសហរដ្ឋអាម៉េរិកប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាមឬហៅម្យ៉ាងទៀតថា អាយស៊ីស (ISIS)។
អង្គភាពការពារប្រជាជន (YPG) ត្រូវបានចាត់ទុកជា “ភេរវករ” ដោយតួកគី ដែលមើលឃើញពួកគេជាផ្នែកមួយនៃចលនាផ្តាច់ខ្លួន PKK ដែលត្រូវបានហាមឃាត់នៅក្នុងស្រុក៕
ទាហានអាម៉េរិកល្បាតរវាងតំបន់កាន់កាប់ដោយកងកម្លាំងឃឺដស៊ីរីនិងយុទ្ធជនដែលគាំទ្រដោយតួកគីនៅភាគឦសានប្រទេសស៊ីរីកាលពីខែធ្នូ ឆ្នាំ ២០២១