​ដោយ​: អង្គា​រ៍​ហេង​/​ភ្នំពេញ​: ស្ត្រី​ម្នាក់​ដែល​ប្រើ​អំពើហិង្សា​វាយ​ធ្វើបាប​ក្មេងស្រី​ម្នាក់ បណ្តាលឱ្យ​រងរបួស​ធ្ងន់​ធ្ង​រ ក្រោយ​ពេលដែល​បាន​សុំ​ម្ដាយ​របស់​ក្មេងរងគ្រោះ​យកមក​នៅ​ជាមួយ​អស់​រយៈពេល​ជាង​១​ឆ្នាំ​មកហើយ ត្រូវបាន​នគរបាល​អ​ធិ​ការដ្ឋាន​ខណ្ឌទួលគោក សហការ​ជាមួយ​កម្លាំង​នគរបាល​ជំនាញ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ធ្វើការ​ឃាត់ខ្លួន នៅ​ចំណុច​មុខផ្ទះ​លេខ​១៣Eo ផ្លូវ​លេខ​២១៩ ក្រុមទី​២២ ភូមិ​០៣ សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​ប្រហែល ២៣:៣០​នាទី​យប់​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២២​។​

​នគរបាល​បានឱ្យដឹងថា ស្ត្រី​សង្ស័យ​មានឈ្មោះ ចាន់ ធីតា អាយុ​៣៧​ឆ្នាំ មុខរបរ​លក់​កាហ្វេ​។ ចំណែក​ក្មេងស្រី​រងគ្រោះ ឈ្មោះ កេង ស្រី​កា ភេទ​ស្រី អាយុ​៦​ឆ្នាំ ជនជាតិខ្មែរ ស្នាក់​នៅផ្ទះ​ជាមួយ​ជនសង្ស័យ​ឈ្មោះ ចាន់ ធីតា​។​

​តាម​ប្រភពព័ត៌មាន​បានឱ្យដឹងថា​កាលពី​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង​ប្រហែល​២១:០០​នាទី ស្ត្រី​ជា​ជនសង្ស័យ​បាន​ប្រើ​ដៃ​វាយ​លើ​ផ្ទៃមុខ និង​ប្រើ​ដែក​ទំ​ពក់​សម្រាប់​ព្យួរ​ខោអាវ​វ៉ៃ​ទៅលើ​ក្មេងស្រី​រងគ្រោះ​បណ្ដាលឱ្យ​របួស​ធ្ងន់ធ្ងរ​។​

​បច្ចុប្បន្ន ក្មេងស្រី​រងគ្រោះ​ឈ្មោះ កេង ស្រី​កា សមត្ថកិច្ច​បានប្រគល់​ជូន​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវនីតិសម្បទា រាជធានី​ភ្នំពេញ ហើយ​មន្ទីរ សង្គមកិច្ច​រាជធានី​ភ្នំពេញ​បាន​បញ្ជូន​ក្មេងស្រី​រងគ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​រាជធានី​ភ្នំពេញ ក្រោម​ការថែទាំ​ជា​បណ្ដោះ​សន្ន​របស់​អង្គការ​មិត្តសម្លាញ់​។ ចំណែក​ស្ត្រី​ជា​ជនសង្ស័យ បាន​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​ធ្វើការ​សាកសួរ និង​ចាត់​ការបន្ត​តាម​នីតិវិធី ៕​