ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ យន្តហោះ​ចម្បាំង​បាន​ចុះចត​និង​ហោះ​ចេញពី​នាវា​ផ្ទុក​យន្តហោះ​អាម៉េរិក​លាន់​សំឡេង​ថ្លង់​ស្ទើរ​បែក​ត្រចៀក​ដែល​ជា​ផ្នែក​មួយ​នៃ​សមយុទ្ធ​គ្រោងទុក​ជា​យូរ​​របស់​អង្គការ​ណា​តូ​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ាណេ​ដើម្បី​សម្ញែង​កម្លាំងយោធា ខណៈ​រុស្ស៊ី​កំពុង​ធ្វើ​សង្គ្រាម​នៅ​អ៊ុ​យក្រែន​។​

​ឧត្តមនាវីឯក​អាម៉េរិ​កលោក ខឺត រេ​នសរ (Curt Renshaw) មេបញ្ជាការ​នៃ​ក្រុម​ប្រយុទ្ធ​នៃ​នាវា​ផ្ទុក​យន្តហោះ​ទី​៨ បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​សប្តាហ៍​នេះ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​លើ​នាវា USS Harry S. Truman ថា “​ខ្ញុំ​ចង់ឱ្យ​ពួក​យើង​ត្រៀម​ខ្លួន​តាម​ដែល​អាច​ធ្វើទៅបាន​”​។​

“​យើង​ពិនិត្យមើល​សមត្ថភាពរ​បស់​រុស្ស៊ី ហើយ​យើង​ពិនិត្យមើល​សមត្ថភាពរ​បស់​យើង​ផ្ទាល់​ហើយ​បន្ទាប់មក​យើង​ហ្វឹកហាត់​ដើម្បី​ទប់ទល់​នឹង​អ្វី​ដែល​ពួកគេ​អាចធ្វើ​បាន​និង​ដើម្បី​ការពារ​ខ្លួន​និង​ការពារ​​ដៃគូ​និង​សម្ពន្ធ​មិត្ត​”​។​

​នាវា​ផ្ទុក​យន្តហោះ​អាម៉េរិក​នេះ​កំពុង​ចូលរួម​ក្នុង​សមយុទ្ធ​ឈ្មោះ Neptune Shield 2022 ដែល​ជា​សកម្មភាព​ហ្វឹកហ្វឺន​របស់​អង្គការ​ណា​តូ​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ាណេ និង​សមុទ្រ​បាល់​ទិក​ក្នុងខែនេះ ដោយ​មាន​ការចូលរួម​ចាប់ពី​ប្រទេស​អ៊ីតាលី ប៉ូឡូញ និង​តួ​ក​គី​រហូតដល់​ចក្រភព​អង់គ្លេស​និង​សហរដ្ឋ​អាម៉េរិក​។​គោលដៅ​គឺ​ដើម្បី​ជម្នះ​ការលំបាក​ក្នុង​ការរួម​បញ្ចូល​គ្នា​នូវ​ទីបញ្ជាការ​និង​ការគ្រប់គ្រង​សព្វា​​វុ​ធ​ជើងអាកាស សមុទ្រ និង​ជើងគោក​ពី​ប្រទេស​ផ្សេងៗ​គ្នា​នៅក្នុង​សម្ពន្ធមិត្ត​យោធា​ណា​តូ​។​

​ប្រតិបត្តិការ​នេះ​បាន​គ្រោង​ធ្វើឡើង​ពីរ​ឆ្នាំ​មកហើយ ប៉ុន្តែ​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែន​កាលពី​ចុងខែ​កុម្ភៈ​បាន​ធ្វើឱ្យ​ប៉ះពាល់​លើ​ព្រឹត្តិការណ៍​ជា​ច្រើន​។​

​ថ្លែង​នៅក្នុង​ដែនសមុទ្រ​មេ​ឌី​ទែ​រ៉ាណេ​រវាង​កោះក្រេត​និង​លី​ប៊ី លោក​រេ​នសរ​ដឹង​យ៉ាង​ច្បាស់​ពី​របៀប​ដែល​ការបង្ហាញ​សាច់ដុំ​នេះ​ជះ​ផលប៉ះពាល់​ទៅ​ផ្នែក​ម្ខាង​ទៀត​នៃ​ទ្វីបអឺរ៉ុប​។​

​អម​ជុំវិញខ្លួន​ដោយ​យន្តហោះ​ចម្បាំង F-18 Super Hornet ដែល​តម្រង់​ជួរ​នៅ​លើ​នាវា លោក​រេ​នសរ​និយាយថា “​ចូរ​មើលទៅ​យន្តហោះ​ប្រយុទ្ធ​ទាំងអស់​នេះ​ទៅ មើល​ជុំវិញខ្លួន​អ្នក​! ពិត​ណាស់​ពួកវា​​គឺជា​គ្រឿង​ប្រដា​ប្រដា​ទប់ទល់​”​។​

“​ខ្ញុំ​គិតថា​គ្មាន​នរណាម្នាក់​ឆ្កួត​មក​វាយប្រហារ​យើង​ឬ​ប្រព្រឹត្ត​គឃ្លើន​ដាក់​សម្ពន្ធមិត្ត​ណាមួយ​នោះ​ទេ ប្រសិនបើ​អ្នក​គិត​អំពី​សមត្ថភាព​ដែល​យើង​មាន​”៕

​សមយុទ្ធ​ឈ្មោះ Neptune Shield 2022 សម្ញែង​សាច់ដុំ​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ាណេ​