ដោយៈ ទេព មង្គល / ភ្នំពេញៈ ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ បានចេញសេចក្តីណែនាំថ្មីមួយ ស្តីពីវិធានការការពារជាមុន នូវការចម្លងជំងឺអុតស្វា (Monkeypox) ដែលកំពុងរាលដាល លើសាកលលោក។
យោងតាមសេចក្ដីណែនាំ ដែលចុះហត្ថលេខាដោយលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនោះ បានបញ្ជាក់ថាៈ ក្នុងពេលថ្មីៗនេះ អង្គការសុខភាពពិភពលោក (WHO) បានទទួលរបាយការណ៍ អំពីការផ្ទុះឡើងជាបន្តបន្ទាប់ នូវជំងឺអុតស្វា (Monkeypox) ដែលត្រូវបានបញ្ជាក់ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ លើបុគ្គលម្នាក់ នៅចក្រភពអង់គ្លេស ដែលបានធ្វើដំណើរ មកពីប្រទេសនីហ្សេរីយ៉ា ដែលមានកន្លែងជំងឺនេះ បានកើតមានបែប អង់ដេមី (Endemic area)។
ករណីជំងឺអុតស្វានេះ ត្រូវបានរកឃើញជាបន្តបន្ទាប់ នៅបណ្តាប្រទេសប្រមាណជា ១៩ ប្រទេស នៅលើសកលលោក ដែលមិនមែនជាប្រទេសអង់ដេមី នៃជំងឺនេះ ដោយគិតត្រឹមថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ករណីជំងឺអុតស្វា ដែលបានរាយការណ៍ ជូនអង្គការសុខភាពពិភពលោក មានចំនួនសរុប ១៥៨ នាក់ មានអ្នកសង្ស័យសរុប ចំនួន ១១៧ នាក់ ដែលកំពុងធ្វើការអង្កេត បញ្ជាក់ និងមិនទាន់មានករណីស្លាប់នៅឡើយ។ គួរកត់សម្គាល់ថា នៅតំបន់ប៉ាស៊ីហ្វិកខាងលិច មានការរាយការណ៍ ពីករណីជំងឺអុតស្វានេះ ចំនួន ២ ករណី ហើយ។
ក្រសួងសុខាភិបាល បានបញ្ជាក់ទៀតថាៈ គិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ព្រះរាជាណាចក្រកម្ពុជា មិនទាន់មានករណីជំងឺអុតស្វា បែបនេះនៅឡើយទេ តែទោះជាយ៉ាង ណាក៏ដោយ ក្រសួងសុខាភិបាល សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុង ប្រទេសកម្ពុជាទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ច ដោយបុគ្គល គ្រួសារ និងសហគមន៍យើង ត្រូវយកចិត្តទុកដាក់ អនុវត្តវិធានការ បង្ការការចម្លងជំងឺផ្ទាល់ខ្លួន និងទៅអ្នកដទៃ ដែលអាចកើតមានឡើង ជាយថាហេតុ ។
សូមអានសេចក្ដីណែនាំ ដែលមានចំណុចសំខាន់ៗ ត្រូវអនុវត្ត ដូចខាងក្រោម៖