ដោយៈ សុខសុភ័ណ្ឌ/កំពង់ស្ពឺៈ បុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ និងម្នាក់ទៀតរងរបួសធ្ងន់ ដោយសារម៉ូតូពីរគ្រឿងបុកគ្នា នៅលើផ្លូវលេខ១៤៤០ ត្រង់ចំណុចភូមិត្រពាំងតាមាន់ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៤:៥៥នាទីរសៀល ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះដែលបានស្លាប់មានឈ្មោះដោន ខាវ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិព្រិចខ្ពស់ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១BD-៨៨៤៩ បើកបរពីទិសខាងជើងទៅទិសខាងត្បូង។
លុះមកដល់ចំណុចកើតហេតុខាងលើ បានប៉ះជាមួយម៉ូតូមួយគ្រឿងកំពុងបើកបរបញ្ច្រាសទិសគ្នា ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ ១T-២៥៨២ បើកបរដោយឈ្មោះ ជុយ សូ ភេទប្រុស អាយុ២១ឆ្នាំ រងរបួសធ្ងន់ រស់នៅភូមិត្រពាំងមៀន ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
សពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី វត្ថុតាងម៉ូតូទាំងពីរគ្រឿងរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្នាយរងចាំដោះសាយនៅពេលក្រោយ៕