ដោយៈ សុវណ្ណកុម្ភៈ/ភ្នំពេញៈ ប្រមុខរងសហព័ន្ធកីឡាបាល់ទះកម្ពុជាលោក ស សុខា បានបញ្ជាក់អះអាងថាក្រោយកម្ពុជាយើងដណ្ដើមបានមេដាយសំរឹទ្ធពីស៊ីហ្គេមលើកទី៣១ ប្រធានសហព័ន្ធកីឡាបាល់ទះ ក៏ដូចជាថ្នាក់ដឹកនាំក្នុងបាល់ទះ ក្នុងតំបន់អាស៊ានបានធ្វើការកោតសរសើរកម្ពុជាថាមានការរីកចម្រើនខ្លាំង ដោយក្នុងរយៈពេល៥ឆ្នាំសោះ យើងអាចធ្វើបាន។ហេតុនេះយើងត្រូវតែខិតខំបន្ថែម ដើម្បីរក្សាមេដាយសំរឹទ្ធនេះឲ្យបានពេលស៊ីហ្គេមនៅកម្ពុជា នាពេលខាងមុខនេះ។
ការលើកឡើងខាងលើក្នុងពេលដែលលោកមកទទួលការត្រឡប់មកដល់របស់ក្រុមកីឡាករបាល់ទះពីការប្រកួតស៊ីហ្គេមនៅវៀតណាមក្រោយពេលក្រុមកីឡាករបាល់ទះកម្ពុជាបំបែកសមិទ្ធិផលរយៈពេល៣៩ឆ្នាំនៅស៊ីហ្គមក្នុងការឈ្នះមេដាយសំរឹទ្ធ ដោយយកឈ្នះថៃ ៣ទល់២។
លោកអនុប្រធានសហព័ន្ធ បានបន្ថែមថា សមិទ្ធផលទាំងអស់នេះមិនមែនកើតឡើងដោយភាពចៃដន្យនោះទេ គឺកើតចេញពីការខំប្រឹងប្រែងអស់រយៈពេល៥ទៅ៦ឆ្នាំចុងក្រោយនេះដោយមានក្រុមគ្រូបង្វឹកកីឡាករនិងក្រុមគ្រួសារកីឡាករជាដើមដែលបានលះបង់ពេលវេលារបស់ខ្លួនអស់ជាច្រើនផងដែរ៕