ដោយៈអង្គារ៍ហេង/ភ្នំពេញ៖ គ្រឿងញៀនទម្ងន់៨៦គីឡូក្រាមត្រូវបានកម្លាំងសមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចុះបង្ក្រាបដល់ទីតាំង ។
គ្រឿងញៀនទាំងនេះត្រូវបានសមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀនបង្ហាញក្នុងសន្និសីទកាសែតកាលពីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។
ប្រតិបត្តិការចុះបង្ក្រាបកន្លែងស្តុកសារធាតុញៀនចំនួនពីរកន្លែងនេះធ្វើឡើនៅទីតាំងនៅផ្ទះ លេខ៨១I ភូមិក្តីតាកុយ សង្កាត់វាលស្បូវ រាជធានីភ្នំពេញ និងមួយកន្លែងទៀតមានទីតាំងឋិតនៅសណ្ឋាគារសមុទ្រខៀវ បន្ទប់១៦០៨ ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ទីតាំងទាំងពីរកន្លែងនេះជាករណីពាក់ព័ន្ធគ្នា។
នៅក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងកែច្នៃទាំងពីរកន្លែងខាងលើនេះ សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនក្រៅពីបាន រឹបអូសវត្ថុតាងជាសារធាតុញៀនទម្ងន់៨៦គីឡូក្រាម,ឧបករណ៍កែច្នៃបានមួយចំនួននិងបានឃាត់ខ្លួនជនសង្ស័យជបុរសជនជាតិ ចិនចំនួនបីនាក់ដែលមានទី១-ឈ្មោះ ជូ ស៊ី ជៀ , ទី២-ឈ្មោះ លី ជឺ និងទី៣ឈ្មោះ ផឹង ជិងឈឹង។
លោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋជាពិសេសយុវជនត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបានបំផ្លាញអនាគតរបស់យើង គ្រួសារយើង ជាពិសេសសង្គមជាតិរបស់យើងទាំងមូល៕សរន-PC