ដោយ: សុវណ្ណកុម្ភៈ/ភ្នំពេញ: លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣ (CAMSOC) បានបញ្ជាក់ថា ការខិតខំប្រឹងប្រែងរបស់អត្តពលិក គ្រូបង្វឹក និងគ្រូជំនួយ ក្នុងការរកមេដាយនោះក្រុមគ្រូពេទ្យផ្នែកចលនា និងក្រុមការងារផ្សព្វផ្សាយ ក៏បានក្លាយទៅជាផ្នែកមួយផងដែរ ក្នុងការជួយឱ្យអត្តពលិកកម្ពុជា ធ្វើបានល្អ។
លោក បានមានប្រសាសន៍ដូច្នេះថា ចំណុចដែលល្អ យើងមកលើកនេះ គឺមកគ្រប់ផ្នែក គឺផ្នែកដែលជំនួយដល់បច្ចេកទេស គឺក្រុមគ្រូពេទ្យចលនា។ ក្រុមគ្រូពេទ្យចលនាបានជួយដល់កីឡាករ កីឡាការិនីច្រើនណាស់។ ឃើញថាគាត់បានជួយជម្រុញឲ្យយកមេដាយបានទៀត។ បានន័យថាគាត់បានសម្រួលសរសៃ បានស្ដារកម្លាំងឡើងវិញបានទាន់ពេលភ្លាមៗ ព្រោះពេលប្រកួតច្រើនក្នុងមួយថ្ងៃ អ៊ីចឹងគាត់ជួយបានច្រើនណាស់។ មានតាំងពីការថ្លោះ គ្រេច ការរបួសស្នាម ឈឺសាច់ដុំ ជាដើម គឺគាត់ជួយបាន។
ក្រុមផ្សព្វផ្សាយរបស់យើងក៏បានមកច្រើនដែរដើម្បីជួយគាំទ្រហើយជម្រុញទឹកចិត្តឲ្យមានការគាំទ្រនៅក្នុងប្រទេស ក៏ដូចជាប្រជាជនកម្ពុជា នៅទូទាំងពិភពលោក គាត់បានឃើញ គាត់បានអបអរសាទរហើយបណ្តុះនូវឆន្ទៈតែមួយរបស់ខ្មែរយើងថាយើងស្រលាញ់ជាតិរបស់យើង គាំទ្រនូវសាច់ឈាមរបស់យើង។ ហេតុនេះអ្វីដែលសំខាន់គឺការគាំទ្រគ្រប់មុខព្រួញទាំងអស់នេះហើយ ដែលបានធ្វើឲ្យយើងទទួលបានលទ្ធផល។
គួរបញ្ជាក់ថាអត្តពលិកកម្ពុជា ដែលបានចូលរួមប្រកួតលើ ៣៣ប្រភេទកីឡា ក្នុងចំណោម ៤០ប្រភេទកីឡា នៅស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នាទីក្រុងហាណូយ ប្រទេសវៀតណាម រកមេដាយបានសរុប ៦៣គ្រឿង លើ ១៥ប្រភេទកីឡា ក្នុងនោះមេដាយមាស ៩គ្រឿង មេដាយប្រាក់ ១៣គ្រឿង និងមេដាយសំរឹទ្ធ ៤១គ្រឿង៕