ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ លោក ស៊ិន សុវណ្ណ​រ័ត្ន ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ សាលាដំបូង រាជធានី​ភ្នំពេញ បានប្រកាស​សាលក្រម នៅ​ព្រឹក​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២២ សម្រេច​ផ្តន្ទាទោស លើ​បុរស​ម្នាក់ ជា​ឪ​ពុង​ចុង ដាក់ពន្ធនាគារ កំណត់​ចំនួន ២០ ឆ្នាំ ពីបទ ឃាតកម្ម មាន​ស្ថាន​ទម្ងន់ទោស ករណី​សម្លាប់​កូនដើម អាយុ​២​ឆ្នាំ​។​

​សូមបញ្ជាក់ថា ករណីនេះ បានកើត​ហេតុ នៅត្រង់ចំណុច​ផ្ទះជួល ផ្លូវលំ ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២១ វេលា​ម៉ោង​១​និង​១៥​នាទី រសៀល បង្កឡើង​ដោយ ជនសង្ស័យ ឈ្មោះ សុខ រដ្ឋា ភេទ​ប្រុស អាយុ ២៩ ឆ្នាំ មាន​ទីលំនៅ​ផ្ទះជួល ផ្លូវលំ ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ (​មាន​ផ្ទុក​សារធាតុ​ញៀន​)​។​

​ជនរងគ្រោះ ឈ្មោះ នន ស្រី​និ​ច ភេទ​ស្រី អាយុ ២ ឆ្នាំ មាន​ទីលំនៅ​ផ្ទះជួល ផ្លូវលំ ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

​ពាក់ព័ន្ធ​បញ្ហា​នេះ សមត្ថកិច្ច បានបញ្ជាក់​ថាៈ ជនរងគ្រោះ ឈ្មោះ នន ស្រី​និ​ច និង​ជនសង្ស័យ ជា​ឪពុកចុង​ឈ្មោះ សុខ រដ្ឋា បាន​នៅក្នុង​ផ្ទះជួល​តែ ២ នាក់ ។ ខណៈនោះ ជនរងគ្រោះ បាន​វាយ​ក្បាល និង​យក​ជើង ចាក់​ភ្នែក​ជនសង្ស័យ ធ្វើឱ្យ​ជនសង្ស័យ​ខឹង ក៏បាន​ចាប់​ជនរងគ្រោះ វាយ​ខ្លួនប្រាណ និង​យក​ជង្គង់ អុក​លើ​ដើមទ្រូង បណ្ដាល​ឲ្យ​របួស​ធ្ងន់ធ្ងរ រហូតដល់​ស្លាប់ ហើយក៏​បាន នាំ​ជនរងគ្រោះ ទៅ​ឲ្យ​ជីតា​របស់​នាង ឈ្មោះ ម៉ី ថុល ភេទ​ប្រុស អាយុ ៦៦ ឆ្នាំ ដោយ​ភូត​កុហកថា រូបគេ​រអិល​ជើង​ដួល ក្នុង​បន្ទប់ទឹក​សង្កត់​លើ ជនរងគ្រោះ បណ្ដាល​ឲ្យ​ស្លាប់​។ បន្ទាប់មក ឈ្មោះ ម៉ី ថុល ក៏បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ​ទី​២ ហើយ​កម្លាំង​នគរបាល​ប៉ុស្តិ៍ ក៏​សហការ ជាមួយ​កម្លាំង​ការិយាល័យ នគរបាល​ព្រហ្មទណ្ឌ កម្រិតធ្ងន់ និង​កម្លាំង​កា​រិ​យា ល័យ​នគរបាល បច្ចេកទេស​វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ចុះទៅពិនិត្យ​សាកសព​ជនរងគ្រោះ ឃើញ​មាន​ស្នាម​ជាំ ខ្លួនប្រាណ ជាច្រើន​កន្លែង មិនអាច​រអិល​ជើង​ដួល​សង្កត់​លើ ដូច​ការអះអាង របស់​ជនសង្ស័យ​នោះទេ​។ ពេលនោះ សមត្ថកិច្ច បាន​នាំខ្លួន​ជនសង្ស័យ ឈ្មោះ សុខ រដ្ឋា យកមក​សាកសួរ នៅ​ទីស្នាក់ការ ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ​ទី​២ អស់​រយៈពេល​យ៉ាងយូរ ទើប​ជនសង្ស័យ ឈ្មោះ សុខ រដ្ឋា ព្រមឆ្លើយ​សារភាពថា រូបគេ​ពិតជា​បាន​វាយ និង​យក​ជង្គង់​អុក​លើ​ដើមទ្រូង​ជនរងគ្រោះ បណ្តាល​ឲ្យ​ស្លាប់ ពិតប្រាកដ​មែន ។​

​បន្ទាប់មក ឈ្មោះ ផុន សុខ​ហាក់ ភេទ​ស្រី អាយុ ២៧ ឆ្នាំ (​ត្រូវជា​ម្ដាយបង្កើត របស់​ជនរងគ្រោះ ឈ្មោះ នន ស្រី​និ​ច​) បានមក​ដាក់ពាក្យ​បណ្ដឹង នៅ​ទីស្នាក់ការ ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ​ទី​២ ឲ្យ​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕/V​-PC