ដោយ​: ភ្នំ​ខៀវ / បាត់ដំបងៈ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​២៤ ខែឧសភា ម្សិលមិញ​នេះ បាន​បញ្ជូន​ជនសង្ស័យ ពីរ​នាក់ ទៅ​សាលាដំបូង ខេត្តបាត់ដំបង រួចហើយ ដើម្បី​បន្ត​នីតិវិធី​ច្បាប់ ពាក់ព័ន្ធ​នឹង​ករណី​បុរស​ម្នាក់ បាន​ល្បួង​ខ្ចី​ម៉ូតូ ពី​មិត្តភក្តិ យកទៅដាក់​បញ្ចាំ ហើយ​សមត្ថកិច្ច​ជំនាញ​ខេត្ត បាន​ស្រាវជ្រាវ ក្រសោប​ទាំង​ជនបង្ក និង​អ្នកទទួល​បញ្ចាំ​ម៉ូតូ​។​

​លោក វរសេនីយ៍ឯក ឈឿង គឹម​សុង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថាៈ បន្ទាប់ពី​បុរស​ម្នាក់ បានដាក់​ពាក្យបណ្តឹង ករណី​ជនសង្ស័យ បាន​ខ្ចី​ម៉ូតូ ហើយ​គេចខ្លួនបាត់ នគរបាល​ជំនាញ បាន​ចុះ​ស្រាវជ្រាវ រហូត​កំណត់​មុខសញ្ញា បានច្បាស់លាស់ ដោយ​មុខសញ្ញា បាន​យក​ម៉ូតូ​របស់​ជនរងគ្រោះ ទៅ​ដាក់បញ្ចាំ នៅ​ហាង​បញ្ចាំ មួយកន្លែង ហើយ​សមត្ថកិច្ច បានកំណត់​មុខសញ្ញា​សាកសួរ និង​ចុងក្រោយ បាន​បែកធ្លាយ​រឿង​ម្ចាស់​ហាង ទទួលយក​ម៉ូតូ​បញ្ចាំ ពី​ជនសង្ស័យ ដោយ​មិនមាន ប្រវត្តិ​ច្បាស់លាស់ មិនតែប៉ុណ្ណោះ ថែមទាំង​បាន​ដកហូត​វត្ថុតាង ជាក់ស្តែង ទាំង​ម៉ូតូ​របស់​ជន​រង គ្រោះ ទាំង​ម៉ូតូ​ដែល​ជាប់​ពាក់ព័ន្ធ ចំនួន ៨ គ្រឿង​ផ្សេងទៀត នាំមក​កាន់​ការិយាល័យ​ជំនាញ​។​

​លោក វរសេនីយ៍ឯក ឈឿង គឹម​សុង បាន​ឲ្យ​ដឹង​ទៀតថាៈ អនុវត្តតាម យោបល់​ដឹកនាំ​របស់ លោក ឧ​ត្ត​ម​សេនីយ៍​ទោ សាត គឹម​សាន ស្នងការ​នគរបាល ខេត្តបាត់ដំបង នៅ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ ២០២២ ត្រង់ចំណុច​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង លោក​បាន​ដឹក កម្លាំង​អន្តរាគមន៍ បង្ការ​បង្ក្រាប ចុះបង្ក្រាប​តែម្តង ពីបទ​ករណី​រំលោភ​លើ​ទំនុកចិត្ត ( បញ្ចាំ​ម៉ូតូ​) ថែមទាំង​នាំខ្លួន ជនសង្ស័យ​បាន​ចំនួន ២ នាក់ មក​សាកសួរ​។ ជនសង្ស័យ​ទី​១. ឈ្មោះ ប៉េ សីហា ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ មាន​ទីលំនៅ ភូមិ​រំចេក​៤ សង្កាត់​រតនៈ ជា​ជន​យក​ម៉ូតូ ទៅ​ដាក់បញ្ចាំ និង​ម្នាក់ទៀត ឈ្មោះ អ៊ូច សារ៉ន ភេទ​ប្រុស អាយុ ៥៣ ឆ្នាំ មាន​ទីលំនៅ ភូមិ​សំរោង​ក្នុង ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ជា​ម្ចាស់​ទីតាំង ទទួល​ម៉ូតូ​បញ្ចាំ​។​

​វត្ថ​តាង​ដែល​កម្លាំង​ដកហូត​បាន ក្នុងការ​បង្ក្រាប រួមមាន ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម ចំនួន ៦ គ្រឿង ព្រមទាំង​ម៉ូតូ​ហុងដា ស្កុប​ពី ចំនួន ៣ គ្រឿង ។​

​ក្រោយ​ការបង្ក្រាប សមត្ថកិច្ច បានប្រគល់​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា ឌ្រី​ម ស៊េរី​ឆ្នាំ​២០១០ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ ១C-៦៩៣៨ ឲ្យ​ទៅ​ជនរងគ្រោះ ជា​ម្ចាស់​ដើម​វិញ​។ រីឯ​វត្ថុតាង ម៉ូតូ​ផ្សេងទៀត រក្សា​ទុកជា​បណ្តោះអាសន្ន រង់ចាំ​ស្រាវជ្រាវ​រក​ម្ចាស់​ដើម មក​ទទួល​។​

​សំណុំរឿង​ខាងដើម កាលពី​ថ្ងៃទី​២៤ ខែឧសភា ម្សិលមិញ​នេះ កម្លាំង​ការិយាល័យ ជំនាញ បាន​បញ្ជូន​ជនសង្ស័យ ទៅ​សាលាដំបូង ខេត្តបាត់ដំបង រួចហើយ ដើម្បី​បន្ត​នីតិវិធី ៕/V​-PC