ដោយៈ ទេពកង្រី / កំពង់ឆ្នាំង: ចចកព្រៃមួយក្បាល ត្រូវបានប្រជាពលរដ្ឋ លើកគ្នាដេញវាយ បណ្តាលឱ្យងាប់ បន្ទាប់ពីចចកព្រៃមួយក្បាលនោះ ដេញខាំប្រជាពលរដ្ឋ បណ្ដាលឲ្យរងរបួស ចំនួន ៦ ទៅ ៧ នាក់ ។
ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោងប្រមាណ ៦ កាលពីព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២២ ម្សិលមិញ នៅចំណុចភូមិស្នោ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។
បើយោងតាមប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន បានឲ្យដឹងថាៈ នៅមុនពេល កើតហេតុ មានប្រជាពលរដ្ឋ នាំគ្នាទៅចាប់ចង្រិត នៅតាមរណ្ដៅ ដាក់អំពូល យកចង្រិត ដែលពួកគាត់ បានដាក់នៅចុងភូមិស្នោ ពេលនោះ ពួកគេក៏បាន ប្រទះនឹងចចកព្រៃមួយក្បាល សម្បុរ ស លឿង បានស្ទុះចេញពីព្រៃ មកខាំប្រជាពលរដ្ឋ ជាច្រើននាក់ ព្រមទាំងរត់ចូលក្នុងភូមិ ដេញខាំប្រជាពលរដ្ឋ ដោយមិនរើសមុខ ហាក់ដូចជាឆ្កែឆ្កួត មួយក្បាល បណ្ដាលឲ្យរងរបួស ប្រជាពលរដ្ឋ ពី ៦ ទៅ ៧ នាក់ ។ ពេលនោះ ប្រជាពលរដ្ឋ បានលើកគ្នាដេញ វាយចចកព្រៃនោះ បណ្តាលឱ្យងាប់តែម្តង ។
ប្រភពដដែល បានបន្តថាៈ នៅក្នុងភូមិស្នោ ឃុំខុនរ៉ង មិនមែនជាភូមិមាន ព្រៃប៉ុន្មាននោះទេ គ្រាន់តែជាព្រៃរបោះ និងគុម្ពឫស្សី នៅជាប់ជើងភូមិច្រើន តែប៉ុណ្ណោះ មិនដឹងថា ចចកព្រៃ មួយក្បាលនេះ ចេញពីណាមកទេ ។ ចំពោះប្រជាពលរដ្ឋ ដែលរងរបួសទាំងអស់ ត្រូវបានយក ទៅព្យាបាល ដោយរៀងៗខ្លួន នៅឯ មន្ទីរពេទ្យបង្អែកស្រុកបរិបូរណ៍។
សូមបញ្ជាក់ថា មិនមានអ្នករងរបួសធ្ងន់ ក្នុងហេតុការណ៍ ខាងលើនោះទេ ប៉ុន្តែអ្វីចម្លែកគឺ ជាលើកទីមួយហើយ ដែលមានចចកព្រៃ ចេញមកខាំ ប្រជាពលរដ្ឋបែបនេះ ៕/V-PC