ប្រែសម្រួលៈបំណង(BLOOMBERG)៖ រដ្ឋាភិបាលក្រុងប៉េកាំងបានដាក់ទោសមន្ត្រីបួនដប់នាក់ចំពោះការផ្ទុះកូវីដ១៩ជាចង្កោមចំនួនពីរនៅពេលរដ្ឋធានីរបស់ចិន បន្តរាយការណ៍អ្នកឆ្លងថ្មីនិងបន្តការរឹតបន្តឹងក្រោយការកើតមានជំងឺនេះអស់ពេលមួយខែមកហើយ នៅពេលទីក្រុងក្បែរខាងទៀនជីន បានបិទខ្ទប់សង្កាត់កណ្តាលក្រុងមួយចំពេលមានការផ្ទុះជំងឺនេះផងដែរ។
ការផ្ទុះជំងឺកូវីដ១៩ជាចង្កោមនៅកន្លែងផ្តល់សេវាដឹកជញ្ជូនមួយនាំអោយប្រធានរដ្ឋបាលប្រៃសនីយ៍ក្រុងប៉េកាំងព្រមានអំពីការគ្រប់គ្រងការងារប្រឆាំងកូវីដមិនបានត្រឹមត្រូវ និងមិនយកចិត្តទុកដាក់គ្រប់គ្រាន់ចំពោះការឆ្លងរាលដាល។មន្ត្រីប្រាំបីនាក់ពាក់ព័ន្ធនឹងការផ្ទុះជំងឺជាចង្កោមនៅក្រុមហ៊ុនផ្លូវដែកចិនត្រូវបានដាក់ទោសចំពោះការភូតកុហកអំពីចលនារបស់គេ។
រដ្ឋធានីប៉េកាំងកាលពីថ្ងៃអង្គារបានរាយការណ៍ការឆ្លងកូវីដ១៩ថ្មីចំនួន៤៧នាក់ បន្ទាប់ពីឆ្លង៤៨នាក់កាលពីថ្ងៃចន្ទ និង៩៩នាក់កាលពីថ្ងៃអាទិត្យ។
ក្រុងប៉េកាំងបានរាយការណ៍ចំនួនឆ្លងត្រឹមរាប់សិបនាក់ក្នុងមួយថ្ងៃអស់ពេលមួយខែមកនេះ នៅពេលអាជ្ញាធរខិតខំធ្វើតេស្តិ៍ទ្រង់ទ្រាយធំ បញ្ជាអោយមនុស្សនៅសង្កាត់ខ្លះធ្វើការចេញពីផ្ទះ និងដាក់ចេញវិធានការដទៃទៀតដើម្បីលុបបំបាត់កូវីដ១៩។
នៅក្រុងទៀនជីន ផលិតកម្មរថយន្តរបស់ក្រុមហ៊ុនToyota Motor Corp និង Volkswagen AGត្រូវរំខានដោយសារតែមានការផ្ទុះកូវីដ១៩មួយកន្លែង។ឥឡូវអ្នករស់នៅក្នុងសង្កាត់ហឺពីងត្រូវបានប្រាប់កុំអោយចាកចេញពីផ្ទះឬសង្កាត់របស់គេបើមិនមានការងារចាំបាច់ និងបានលើកទឹកចិត្តអោយធ្វើការចេញពីផ្ទះចំនួនបីថ្ងៃ។
នៅទីកន្លែងផ្សេងទៀត ទីក្រុងសៀងហៃកាលពីថ្ងៃអង្គារ បានរាយការណ៍អ្នកឆ្លងថ្មី៣៨៧នាក់ ដោយចុះពីចំនួន៤៨០នាក់កាលពីថ្ងៃចន្ទ៕
រដ្ឋធានីចិនកាលពីថ្ងៃអង្គារបានរាយការណ៍អ្នកឆ្លងកូវីដ១៩ថ្មី៤៧នាក់នៅពេលអាជ្ញាធរបន្តចាត់វិធានការលុបបំបាត់ជំងឺនេះ