ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ខ្សែការពារ ឃើ​ត ហ្ស៊ូ​ម៉ា (Kurt Zouma) របស់​ក្លិប​ញញួរ​ធំ West Ham​បាន​សារភាព​ថា​បាន​ទាត់​និង​ទះកំផ្លៀង​សត្វ​ឆ្មា​ចិញ្ចឹម​របស់​គាត់​នៅឯ​សវនាការ​​តុលាការ​ទីក្រុង​ឡុង​ដ៍​កាលពី​ថ្ងៃ​អង្គារ​ទី​២៤​ឧសភា បន្ទាប់​ពី​វីដេអូ​ដ៏​គួរឱ្យ​រំខាន​មួយ​បង្ហោះ​តាម​អ៊ីនធឺណិត​ដោយ​ប្អូនប្រុស​របស់​គាត់​បាន​បង្ក​ឱ្យ​មាន​កំហឹង​ជា​សាធារណៈ​នៅ​ទូទាំង​ប្រទេស​អង់គ្លេស​។​

​កីឡាករ​អន្តរជាតិ​បារាំង​អាយុ ២៧ ឆ្នាំ​រូប​នេះ​បាន​សារភាព​កំហុស​ចំពោះ​ការចោទប្រកាន់​ចំនួន​ពីរ​ករណី​ក្រោម​ច្បាប់​សុខុមាលភាព​សត្វ​នៅ​តុលាការថេម​ម៉ាជី​ស្ត្រេត (Thames Magistrates) នៅ​ភាគ​ខាងកើត​ទីក្រុង​ឡុង​ដ៍​។​

​ហ្ស៊ូ​ម៉ាត្រូវ​គេ​និយាយ​ថា​បាន​វាយប្រហារ​ឆ្មា​ឈ្មោល​ពូជ​បេង​ហ្គាល់ (Bengal)​ដោយសារ​វា​បំផ្លាញ​កៅអី​នៅផ្ទះ​របស់​គាត់​។​ឆ្មា​ពីរ​ក្បាល​នៅ​ផ្ទះ​ហ្ស៊ូ​ម៉ា​ក្រោយមក​ត្រូវបាន​យក​ទៅ​នៅ​លំនៅ​ថ្មី​។​

​តុលាការ​ត្រូវបាន​គេ​ប្រាប់ថា ការវាយប្រហារ​ដោយ “​គិតទុក​ជាមុន​” ត្រូវ​បាន​ថត​ដោយ​ប្អូនប្រុស​របស់​ហ្ស៊ូ​ម៉ា ជា​កីឡាករ​បាល់ទាត់​ក្នុង​លី​ក​លំដាប់​ទាប​ឈ្មោះ យូ​ន ហ្ស៊ូ​ម៉ា (Yoan Zouma) អាយុ ២៤ ឆ្នាំ ដែល​បាន​បញ្ជូន​វា​ទៅ​ស្ត្រី​ម្នាក់​ដែល​គាត់​គ្រោង​នឹង​ណាត់​ទាក់ទង​ជាមួយ​។​ប៉ុន្តែ​ស្ត្រី​រូប​នោះ​តក់ស្លុត​ជា​ខ្លាំង​រហូត​នាង​បាន​ផ្តាច់​ចោលការ​ណាត់ជួប ដោយ​ប្រាប់​គាត់​ថា “​ខ្ញុំ​មិន​គិត​ថា​វាយ​ឆ្មា​បែ​នេះ​ជា​​រឿង​ត្រឹមត្រូវ​ទេ​។ សូម​កុំ​មក​អី​ថ្ងៃនេះ​”​។​

​យូ​ន ហ្ស៊ូ​ម៉ា បាន​ទទួលស្គាល់​បទល្មើស​មួយ​ករណី​នៃ​ការផ្តល់​ជំនួយ ការ​បៀតបៀន ការផ្តល់​ប្រឹក្សា ឬ​ការរំអុក​បងប្រុស​របស់​គាត់​ឱ្យ​ប្រព្រឹត្តបទ​ល្មើស​។​

​អ្នក​ទាំង​ពីរ​ត្រូវបាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​មុន​ការកាត់ទោស​នៅ​តុលាការ​ដដែល​នៅ​សប្តាហ៍​ក្រោយ​។​

​មេធាវី​របស់​ហ្ស៊ូ​ម៉ា​លោក ត្រេ​វ៉ូ បួ​កេ (Trevor Burke) បាន​និយាយថា កីឡាករ​បាល់ទាត់​រូបនេះ​បាន​ទទួលរង​ការប្រមាថ​ជាតិ​សាសន៍​និង​ការគំរាមកំហែង​ជាច្រើន បាត់បង់​កិច្ចព្រមព្រៀង​ឧបត្ថម្ភ “​យ៉ាងសំខាន់​” ជាមួយ Adidas ត្រូវបាន​ពិន័យ​ជា​ប្រាក់ ២៥០.០០០ ផោន (៣១២.០០០​ដុល្លារ​) និង​មិន​ត្រូវបាន​ជ្រើសរើស​សម្រាប់​ក្រុម​ជម្រើសជាតិ​បារាំង​ចាប់តាំងពី​ពេលនោះ​មក​៕

​ហ្ស៊ូ​ម៉ា​ត្រូវបាន​ដោះលែង​ឱ្យ​នៅក្រៅ​ឃុំ​មុន​ការកាត់ទោស​នៅ​តុលាការថេម​ម៉ាជី​ស្ត្រេត​នៅ​សប្តាហ៍​ក្រោយ