ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ លោកស្រី ចាន់ ធីតា អាយុ ៣៧ ឆ្នាំ ពាក់ព័ន្ធ​ករណី ប្រើ​ដៃ វាយ​លើ​ផ្ទៃមុខ និង​ប្រើ​ដែក​ទំ​ពួក សម្រាប់​ព្យួរ​ខោអាវ វាយ​លើ​កូនស្រី ចិញ្ចឹម អាយុ ៥ ឆ្នាំ ត្រូវបាន​នគរបាល​ខ​ណ្ឌ​ទួលគោក បញ្ជូនទៅ​អយ្យការ​អម សាលាដំបូង រាជធានី​ភ្នំពេញ ហើយ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ។ នេះ​បើតាម លោក​វរសេនីយ៍ឯក សាន សុខ​សីហា អ្នកនាំពាក្យ ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ បានបញ្ជាក់ នា​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២២ នេះ ។​

​គួររំលឹកថា អំពើហិង្សា​នេះ បានកើត​ឡើង កាលពី​យប់ ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២២ នៅ​ចំណុច​មុខផ្ទះ​លេខ ១៣Eo សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក តែ​ស្ត្រី​ជនសង្ស័យ ទើប​ត្រូវបាន​សមត្ថកិច្ច ឃាត់ខ្លួន កាលពី​យប់ ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២២ ។​

​យោងតាម​របាយការណ៍ ពី​សមត្ថកិច្ច បានអោយដឹងថាៈ ជនសង្ស័យ​ដែល ត្រូវជា​ម្តាយចិញ្ចឹម ឈ្មោះ ចាន់ ធីតា ហៅ ធីតា អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់​កាហ្វេ ។ ចំណែក​ម្តាយ ឈ្មោះ កេង សុភា អាយុ​៣៦​ឆ្នាំ ជនជាតិ​ខែ្មរ មុខរបរ នៅផ្ទះ ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ជា​ម្ដាយ​ង្កើ​ត​ក្មេងស្រី​រងគ្រោះ​។​

​ដោយឡែក ក្មេងស្រី​រងគ្រោះ សមត្ថកិច្ច បានប្រគល់​ជូន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា រាជធានី​ភ្នំពេញ និង​មន្ទីរ​សង្គមកិច្ច រាជធានី​ភ្នំពេញ ដើម្បី​បញ្ជូន​ក្មេងស្រី​រងគ្រោះ ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក រាជធានី​ភ្នំពេញ ក្រោម​ការថែទាំ​ជា​បណ្ដោះ​សន្ន របស់​អង្គការ​មិត្តសំឡាញ់​៕/V​-PC