ដោយ: សុខុម / ស្ទឹងត្រែង: មកដល់ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ គេនៅមិនទាន់រកឃើញ មនុស្សម្នាក់ដែលបាត់ខ្លួន ក្នុងករណីទូក និងទូកបុកគ្នា នៅឡើយទេ។ ហេតុការណ៍នេះ បានកើតឡើង នៅចំណុចក្បែរទីស្នាក់ការ ជលផល លើផ្ទៃទឹកអាង ទំនប់វារីអគ្គិសនី សេសានក្រោមពីរ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
ប្រភពព័ត៌មានពីមន្ត្រីនគរបាល បានប្រាប់ឲ្យដឹងថាៈ កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ឧសភា មានទូកលឿន ចំនួនពីរគ្រឿង បានបុកគ្នាពេញទំហឹង បណ្ដាលឲ្យ មនុស្សម្នាក់ បាត់ខ្លួន រកពុំទាន់ឃើញ។ រីឯម្នាក់ទៀត បានរងរបួសធ្ងន់។
ប្រភពបានបន្តថាៈ មនុស្សម្នាក់ដែលបាត់ខ្លួន ក្នុងឧបទ្ទវហេតុ ទូកបុកគ្នានោះ រួមដំណើរតាម ទូកមួយគ្រឿង ទៅនេសាទត្រី មានគ្នាពីរនាក់។ បន្ទាប់ពីទូកបុកគ្នា ម្នាក់បាត់ខ្លួន ទូកក៏បានលិច ចូលទៅក្នុងទឹក ទាំងទូក ទាំងម៉ាស៊ីនផងដែរ។ អ្នករួមដំណើរក្នុងទូកលិចនេះ ម្នាក់គឺជាជន រងរបួសធ្ងន់។ រីឯភាគីទូកម្ខាងទៀត បើកទូកតែម្នាក់ឯងទេ ពុំមានគ្រោះថ្នាក់ឡើយ ប៉ុន្តែបានជ្រុះ ម៉ាស៊ីនកាណូត ចូលទៅក្នុងទឹក នៅសល់តែទូក។ ភាគីដែលមិនមានគ្រោះថ្នាក់នេះ ក៏បានជួយ អ្នករងរបួសធ្ងន់ អុំទូកមកទីស្នាក់ការជលផល ហើយមន្ត្រីអភិរក្សក្នុងស្នាក់ការ ជលផល ក៏បាន ជួយដឹកជនរងគ្រោះ តាមរថយន្ត បន្តទៅកាន់មន្ទីរពេទ្យ។
លោកស្រី សម វិចិត្រ នាយខណ្ឌរដ្ឋបាលជលផលស្តីទី ខេត្តស្ទឹងត្រែង បានបញ្ជាក់ថាៈ ករណីទូកលឿនបុកគ្នា ខាងលើនេះ គឺជាគ្រោះថ្នាក់ចៃដន្យ មិនមែនបណ្ដាលមកពីមន្ត្រី ចុះល្បាតបង្ក្រាបបទល្មើសឡើយ៕/V-PC