ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេ​បញ្ជា ការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូកសរុប វាយតម្លៃ ដក​បទពិសោធន៍ លទ្ធផល​នៃ ការរៀបចំ​ពិធី​ជំនួប​ប្រាស្រ័យ មិត្តភាព​ការពារជាតិ ព្រំដែន​កម្ពុជា​-​វៀតណាម ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​១ និង​កិច្ចសន្ទនា​គោលនយោបាយ​ការពារជាតិ ថ្នាក់​អនុ​រដ្ឋ មន្ត្រី​លើក​ទី​៥ និង​ប្រជុំ​ផ្សព្វផ្សាយ​ផែនការ ត្រៀម​រៀបចំ​ពិធី​រំលឹក​ខួប​លើក​ទី​៤៥ នៃ​ទិវា​ចងចាំ​ដំណើរ​ឆ្ពោះទៅ​ការផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២២) នៅ​តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេ​ជោ​កោះ​ថ្ម X-16 ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។

​កិច្ចប្រជុំ​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​មន្ត្រី​ក្រសួង​ស្ថាប័ន ដែលមាន ការពាក់ព័ន្ធ​។ កិច្ចប្រជុំ​នេះ បានធ្វើ​ឡើង នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស ព្រឹក​ថ្ងៃ​ពុធ ទី​២៥ ខែឧសភា ឆ្នាំ​២០២២​។​

​សូមជម្រាបថា ទិវា​ចងចាំ ២០ មិថុនា ១៩៧៧ គឺជា​របត់​ទំព័រ​ប្រវត្តិសាស្ត្រ របស់​កម្ពុជា ហើយ​ជា​ដំណាក់កាល​មួយ ដែល​បានឃើញ​ជាក់ស្ដែង នូវ​ភាព ដឹកនាំ​ដ៏ អង់អាច​ក្លាហាន ដែលជា​តួអង្គ​អ្នកដឹកនាំ​មួយ​រួប បាន​ប្តូរជីវិត​ជាមួយ នឹង​ការ​ស្វះ​ស្វែងរក​សន្តិភាព ការសង្គ្រោះ​ជាតិ នៅក្នុង​ភព​ខ្មៅ​ងងឹត និង​មហន្តរាយ នៃ​ប្រជាជាតិ​មួយ​។ ការរៀបចំ​ពិធី​រំ​ឮ​ក​នេះ ស្មារតី​ចងចាំ​ជានិច្ច នូវ​គុណូបការៈ​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម ចំពោះ​វីរភាព​ដ៏​អង់អាច​ក្លាហាន របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រមទាំង​វីរ​កម្មាភិបាល វីរ​យុទ្ធជន យុទ្ធ​នារី ប្រជាជន និង​អ្នកស្នេហាជាតិ ដែល​បានធ្វើ​មហា​ពលី​កម្ម បូជា​សាច់​ស្រស់ ឈាម​ស្រស់ ក្នុង​សមរភូមិ ដើម្បី​រំដោះ​មាតុភូមិ ពី​កណ្ដាប់ដៃ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ដែល​កាលនោះ សម្តេច​តេ​ជោ គ្រាន់តែ​ជា​មេបញ្ជាការ​ទ័ព​មួយរូប បានចេញ ដំណើរ​ភៀសខ្លួន ទៅ​ប្រទេស វៀតណាម ជាមួយ​មិត្ត​រួម​អាវុធ ដើម្បី​ស្វែងរក ការជួយឧបត្ថម្ភ ក្នុង​ការតស៊ូ​រំដោះជាតិ និង​ជួយសង្គ្រោះ​ជីវិត បងប្អូន​ប្រជាជន និង​សង្គមជាតិ ឲ្យ​រស់​ឡើងវិញ រហូត​មានការ​រីកចម្រើន ដល់​សព្វថ្ងៃនេះ​៕/V​-PC