​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ អារ៉ាប់​រួម​អេ​មី​រ៉ា​ត​បាន​ក្លាយ​ជា​រដ្ឋ​ឈូង​សមុទ្រ​ពែ​ក្ស​ដំបូង​គេ​ដែល​កត់ត្រា​ករណី​ជំងឺ​អុត​ស្វា​។​

​សាធារណរដ្ឋ​ឆែក​និង​ស្លូ​វេនី​ក៏បានរាយការណ៍​ករ​ណី​ដំបូងរបស់​ពួក​គេ​កាលពី​ថ្ងៃ​អង្គារ​ទី​២៤​ឧសភា​ផងដែរ ដោយ​ចូលរួម​ជាមួយ​ប្រទេស​ចំនួន ១៨​ផ្សេង​ទៀត​ដែល​រកឃើញ​មេរោគ​នេះ​នៅ​ខាងក្រៅ​​មូលដ្ឋាន​ទូទៅ​របស់​វា​នៅ​ទ្វីបអាហ្វ្រិក​។​

​ចំនួន​នោះ​ត្រូវ​គេ​រំពឹង​កើនឡើង​បន្ថែម​ទៀត ប៉ុន្តែ​ក្រុម​អ្នកជំនាញ​និយាយថា​ហានិភ័យ​ជារួម​ចំពោះ​ប្រជាជន​ទូទៅ​នៅ​មាន​កម្រិត​ទាប​។​

​ការ​ផ្ទុះ​ឡើង​នៃ​មេរោគ​នេះ​ត្រូវបាន​រកឃើញ​នៅ​អឺរ៉ុប អូស្ត្រាលី និង​អាម៉េរិក​។​រោគសញ្ញា​ជារឿយៗ​រួម​មាន​គ្រុនក្តៅ​និង​កន្ទួល ប៉ុន្តែ​ជាធម្មតា​ការឆ្លង​មាន​កម្រិត​ស្រាល​។​

​នៅ​អារ៉ាប់​រួម​អេ​មី​រ៉ា​ត មន្ត្រី​សុខាភិបាល​បានប្រកាសថា ករណី​មួយ​ត្រូវបាន​រកឃើញ​ចំពោះ​អ្នកដំណើរ​ម្នាក់ ដែល​ទើបតែ​បាន​ទៅលេង​អាហ្វ្រិក​ខាងលិច ហើយ​ឥឡូវនេះ​កំពុង​ទទួល​ការព្យាបាល​។​

​អាជ្ញាធរ​នៅ​ទីនោះ​និយាយថា ពួកគេ “​បាន​ត្រៀម​ខ្លួន​យ៉ាង​ពេញលេញ​” ដើម្បី​ដោះស្រាយ​ការ​ផ្ទុះ​ឡើង​ណាមួយ ដោយ​បន្ថែម​ថា​ពិធីការ​ឃ្លាំ​មើល​ដំបូង​សម្រាប់​ការរកឃើញ​ជំងឺ​នេះ​គឺ​មាន​នៅនឹងកន្លែង​​អស់ហើយ​។​

​អង្គការ​សុខភាព​ពិភពលោក (WHO)​និយាយថា មេរោគ​នេះ​អាច​ទប់ទល់​បាន​ជាមួយនឹង​ការឆ្លើយតប​ត្រឹមត្រូវ​នៅក្នុង​បណ្តា​ប្រទេស​នៅក្រៅ​ទ្វីបអាហ្វ្រិក ដែល​ជា​ធម្មតា​មេរោគ​នេះ​មិន​ត្រូវបាន​រកឃើញ​។​

​លោកស្រី ស៊ី​ល​វី ប្រាយ​អែន (Sylvie Briand) នាយក​ផ្នែក​ត្រៀម​លក្ខណៈ​សម្រាប់​គ្រោះថ្នាក់​មេរោគ​ឆ្លង​ជា​សកល​របស់ WHO បាន​និយាយ​នៅក្នុង​សន្និសីទ​មួយ​កាលពី​ថ្ងៃ​អង្គារ​ថា​”​យើង​លើក​ទឹកចិត្ត​​អ្នក​ទាំងអស់​គ្នា​ឱ្យ​បង្កើន​ការឃ្លាំមើល​ជំងឺ​អុត​ស្វា​ដើម្បី​មើល​ថា​តើ​កម្រិត​នៃ​ការឆ្លង​ទៅដល់​ណា​និង​ស្វែងយល់​ពី​កន្លែង​ដែល​វា​កំពុង​រីក​រាលដាល​”​។​

​លោកស្រី​បាន​បន្ថែមថា ការផ្ទុះ​មេរោគ​នេះ​ប្រហែល​មិនធម្មតា​ក៏ពិតមែន ប៉ុន្តែ​នៅតែ​អាច​ទប់ទល់​បាន​៕

អុត​ស្វា​គឺ​ស្រដៀង​នឹង​អុតស្វាយ​ប៉ុន្តែ​មិន​សូវ​ធ្ងន់ធ្ងរ​និង​មិនសូវ​ឆ្លង​នោះទេ