​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ការប្រយុទ្ធ​គ្នា​យ៉ាង​ស្វិតស្វាញ​បាន​កើត​ឡើង​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែន​កាលពី​ថ្ងៃ​ពុធ​ទី​២៥​ឧសភា​ដោយ​ទាហាន​រុស្ស៊ី​ជិត​ឡោមព័ទ្ធ​បាន​ទីក្រុង​ឧស្សាហកម្ម​​ដ៏​សំខាន់​មួយ ខណៈ​ប្រធានាធិបតី វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​ធ្វើ​ការស្តីបន្ទោស​យ៉ាង​ជូរចត់​លើ​លោកខាងលិច​ចំពោះ​ការ​មិន​ប្រឹងប្រែង​គ្រប់គ្រាន់​ដើម្បី​ជួយ​ទីក្រុង​គៀវ​ឈ្នះ​សង្គ្រាម​។​

​អភិបាល​តំបន់​លូ​ហាន​ស៍លោក សឺ​ហ្គី ហ្គាយ​ដេ (Sergiy Gaiday)​បាន​ពណ៌នា​ការប្រយុទ្ធ​នៅ​ខាងក្រៅ​ទីក្រុង​ឧស្សាហកម្ម​សឺ​វើ​រ៉ូ​ដូណិត​ស៍ (Severodonetsk)​ដែល​ជា​គោលដៅ​យោធា​ដ៏​សំខាន់​​សម្រាប់​រុស្ស៊ី​ថា “​ពិបាក​ខ្លាំងណាស់​” ដោយ​និយាយថា ទាហាន​រុស្ស៊ី​កំពុង​បាញ់​ផ្លោង​លើ​ទីក្រុង​ពី​ជាយក្រុង​ដោយ​កាំភ្លើង​ត្បាល់​។​

​លោក​ហ្គាយ​ដេ​បាន​និយាយ​នៅក្នុង​វីដេអូ​មួយ​បង្ហោះ​នៅលើ Telegram ថា “​សប្តាហ៍​ខាង​មុខ​នេះ​នឹង​ក្លាយទៅជា​ការសម្រេច​ចុងក្រោយ​” ដោយ​បន្ថែម​ថា​គាត់​ជឿថា​គោលដៅ​របស់​រុស្ស៊ី​គឺ​”​ដណ្តើមយក​​តំបន់​លូ​ហានស៍​ទោះ​ក្នុង​តម្លៃ​ណាក៏ដោយ​”​។​

​លោក​បាន​បន្ថែមថា “​មាន​គ្រាប់ផ្លោង​ច្រើន​សន្ធឹកសន្ធាប់​ណាស់​”​។​

​នៅ​ព្រឹក​ថ្ងៃ​ពុធ​អំឡុង​ពេល​ថ្លែង​សុន្ទរកថា​ទៅកាន់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​ទីក្រុង​ដា​វ៉ូ​ស (Davos) រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អ៊ុយ​ក្រែនលោក ឌី​មីត្រូ គូ​ឡេ​បា (Dmytro Kuleba)​បាន​ប្រៀប​​ធៀប​សមរភូមិ​ដុន​បាស​ទៅនឹង​សមរភូមិ​ដ៏​វីរភាព​ដែល​បាន​ប្រយុទ្ធ​ក្នុង​សង្គ្រាមលោកលើកទី​២ ហើយ​និយាយ​ថា​ប្រទេស​របស់​គាត់​ត្រូវការ​”​យ៉ាងខ្លាំង​”​នូវ​ប្រព័ន្ធ​រ៉ុក្កែត​ដើម្បី​ទប់​នឹង​អំណាច​សព្វាវុធ​របស់​​រុស្ស៊ី​។​

​នៅ​ទីក្រុង​គៀវ លោក​ហ្សេ​លេន​ស្គី​បាន​បន្ទរ​ការ​អង្វរ​នោះ​។​

​ប្រធានាធិបតី វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី

​លោក​ហ្សេ​លេន​ស្គី​បាន​និយាយ​នៅក្នុង​សុន្ទរកថា​ប្រចាំថ្ងៃ​របស់​គាត់​ទៅកាន់​ប្រទេស​ជាតិ​ថា “​យើង​ត្រូវការ​ជំនួយ​ពី​ដៃគូ​របស់​យើង អ្វី​ដែល​សំខាន់​ជាងគេ​គឺ​អាវុធ​សម្រាប់​អ៊ុ​យក្រែន​។​ជំនួយ​ពេញលេញ​ដោយ​​គ្មាន​ករណី​លើកលែង គ្មាន​ដែន​កំណត់ និង​គ្រប់គ្រាន់​ដើម្បី​ឈ្នះ​”​។​

​ហើយ​លោក​បាន​ពន្លះ​សហគមន៍​អន្តរជាតិ​ចំពោះ​ការយកចិត្តទុកដាក់​ខ្លាំងពេក​លើ​ផលប្រយោជន៍​របស់​រុស្ស៊ី​និង​មិនសូវ​យកចិត្តទុកដាក់​លើ​ផលប្រយោជន៍​អ៊ុ​យក្រែន​។​

​ប្រធានាធិបតី​អ៊ុយ​ក្រែន​បាន​រិះគន់បទ​វិចារណកថា​របស់កា​សែ​ត New York Times នា​ពេល​ថ្មីៗ​នេះ​និង​សេចក្តីថ្លែងការណ៍​ស្រដៀង​គ្នា​ផ្សេងទៀត​ដោយ​ឥស្សរជន​លោកខាងលិច​ដ៏​មាន​ឥទ្ធិពល​​ជាច្រើន​រូប​ដែល​លើកឡើងថា អ៊ុយ​ក្រែន​ប្រហែលជា​ត្រូវ​លះបង់​ទឹកដី​ខ្លះទៅ​ដើម្បី​បញ្ចប់​ជម្លោះ​។​

​លោក​ហ្សេ​លេន​ស្គី​បាន​និយាយថា​”​យើង​ត្រូវតែ​ធ្វើ​អ្វី​គ្រប់យ៉ាង​នៅក្នុង​អំណាច​របស់​យើង​ដើម្បី​ឱ្យ​ពិភពលោក​បង្កើត​ទម្លាប់​រឹងមាំ​ដើម្បី​យក​អ៊ុយ​ក្រែន​មក​ពិចារណា​ដើម្បី​កុំ​ឱ្យ​ផលប្រយោជន៍​របស់​អ៊ុ​យក្រែន​​ត្រូវបាន​រំលង​ហួស​ពី​ផលប្រយោជន៍​របស់​អ្នក​ដែល​ប្រញាប់ប្រញាល់​ចង់​ទៅ​ជួប​មេដឹកនាំ​ផ្តាច់ការ​”៕

​សាលារៀន​មួយ​ខ្ទេច​អស់​រលីង​នៅ​ជិត​ទីក្រុង​ខា​គី​វ