​ប្រែ​សម្រួលៈ​បំណង​(​វ៉េ​អិន​អិច​ស្ព្រេ​ស​)៖ តុលាការ​ប្រជាជន​ក្រុង​ហូជីមិញ កាលពី​ថ្ងៃ​អង្គារ​បាន​កាត់ទោស​ប្រហារជីវិត​មនុស្ស​ប្រាំ​នាក់​ចំពោះ​ការ​រក្សាទុក​និង​ជួញដូរ​ថ្នាំញៀន​១៦​គីឡូក្រាម​។​

​បុរស​ម្នាក់​ទៀត​ត្រូវបាន​ផ្តន្ទាទោស​ជាប់គុក​មួយ​ប្រាំបី​ឆ្នាំ​ចំពោះ​ការ​មាន​ថ្នាំញៀន​ខុសច្បាប់​។​

​បើ​តាម​ឯកសារ​តុលាការ នៅ​ឆ្នាំ​២០១៩ ង្វៀន ថាញ់ ហ៊ុង (Nguyen Thanh Hung)​អាយុ​៤៣​ឆ្នាំ អ្នកស្រុក​នៅ​ក្រុង​ហូជីមិញ បាន​បង្កើត​ក្រុម​ជួញដូរ​ថ្នាំញៀន​មួ​យ​និង​បាន​មក​កម្ពុជា​ដើម្បី​ស្វែងរក​​ប្រភព​។​ក្រោយមក​ជន​នេះ​បាន​មក​ទទួល​ទិញ​ថ្នាំញៀន​ពី​ឈ្មោះ​សាង​(Sang)​ដែល​នាំ​ថ្នាំញៀន​មក​ដល់​ព្រំដែន​ក្នុង​ខេត្ត​តៃនិញ ជា​ខេត្ត​ជាប់​ក្រុង​ហូជីមិញ​។​

​ចាប់ពី​ថ្ងៃ​៦​មេសា ដល់​៩​មេសា​ឆ្នាំ​២០២០ ហ៊ុង​បាន​ទិញ​ថ្នាំញៀន​ជាច្រើនលើក​ពី​សាង​និង​ប្រពន្ធ​របស់​ជន​នេះ​។​ហ៊ុង បាន​ជួល​បុរស​ពីរ​នាក់​ឈ្មោះ សួន​(Xuan)​និង​លួ​ន​(Luan)​អោយ​លាក់ទុក​និង​លក់​ថ្នាំ​​ញៀន ខណៈ​បុរស​ពីរ​នាក់​ទៀត​ជា​អ្នក​ទទួល​ថ្នាំ​ញៀន​ទៅ​ពី​កម្ពុជា​។​

​កាលពី​ថ្ងៃ​៩​មេសា ឆ្នាំ​២០២០ ប៉ូលិស​បាន​ឃើញ​លួ​ន​ជិះ​ម៉ូតូ​តាម​រថយន្ត​មួ​យ​និង​បាន​ទទួល​កញ្ចប់​មួយ​។​ក្រោម​មក​បុរស​ម្នាក់​បាន​ទទួល​ថ្នាំ​ញៀន​មួយកញ្ចប់​ទម្ងន់​ពីរ​គីឡូក្រាម​ពី​លួ​ន​។​ការឆែកឆេរ​ផ្ទះ​របស់​​លួ​ន​នៅ​ក្រុង​ហូជីមិញ និង​ជនសង្ស័យ​ដទៃទៀត បាន​រកឃើញ​ថ្នាំ​ញៀន​សរុប​១៦​គីឡូក្រាម​។​

​សូមបញ្ជាក់​ថា វៀតណាម​ជា​មជ្ឈមណ្ឌល​ជួញដូរ​ថ្នាំញៀន​សំខាន់​មួយ ទោះជា​មានច្បាប់​ប្រឆាំង​ថ្នាំញៀន​ដ៏​តឹងរឹង​បំផុត​នៅក្នុង​លោក​។​អ្នកណា​ដែល​មាន​ឬ​ជួញដូរ​ថ្នាំញៀន​ហេ​រ៉ូ​អ៊ីន​ចាប់ពី​០,៦​គីឡូក្រាម ឬ​មេតំ​ហ្វេ​តា​មីនជាង​២,៥​គីឡូក្រាម​ឡើង​នឹង​ទទួល​ទោស​ប្រហារជីវិត​។​

​ការផលិត​ឬ​លក់​ហេ​រ៉ូ​អ៊ីន​ចាប់ពី​១០០​ក្រាម និង​ថ្នាំញៀន​ខុស​ច្បាប់​ដទៃ​ទៀត​ចាប់ពី​៣០០​ក្រាម​ឡើង​ក៏​ទទួល​ទោស​ប្រហារជីវិត​ផង​ដែរ​៕

​ជន​ត្រូវ​ចោទ​ឈរ​នៅក្នុង​សវនាការ​កាត់ទោស​នៅ​តុលាការ​ក្រុង​ហូជីមិញ​កាលពី​ថ្ងៃ​២៤​ឧសភា​