​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ពិភពលោក​បាន​សម្តែង​ការ​ស្អប់ខ្ពើម​យ៉ាងខ្លាំង​កាលពី​ថ្ងៃ​ពុធ​ទី​២៥​ឧសភា​ចំពោះ​ការសម្លាប់​រង្គាល​សិស្សសាលា​តិច​សាស់​ដែល​សម្រាប់​អ្នក​ខ្លះ​បាន​ចោទ​ជា​សំណួរ​​ថ្មី​ថា​តើ​សហរដ្ឋ​អាម៉េរិក​អាច​ជំរុញ​ផ្សព្វផ្សាយ​ខ្លួនឯង​ដោយ​ស្រប​ច្បាប់​ជា​គំរូ​សកល​ដែរឬទេ​។​

​កុមារ​សិស្សសាលា​នៅ​តិច​សាស់ លា​ជា​រៀង​រហូត​ដោយសា្នដៃ​យុវជនឈាមរាវ​ម្នាក់​

​ប្រធានាធិបតី ចូ បៃ​ដិន ដែល​យក​ការការពារ​លទ្ធិប្រជាធិបតេយ្យ​ជា​អាទិភាព​ដ៏​សំខាន់​ហាក់​បាន​ដឹង​អំពី​ការខូចខាត​ដល់​កេរ្តិ៍ឈ្មោះ​របស់​សហរដ្ឋ​អាម៉េរិក​នៅ​ក្នុងការ​អង្វរករ​ដោយ​អន្ទះសារ​ឱ្យ​​មាន​ចំណាត់ការ​បន្ទាប់ពី​ត្រឡប់មក​ពី​អាស៊ី​វិញ​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​។​

​លោកបៃ​ដិន ដែល​បាន​កាន់ទុក្ខ​ជនរងគ្រោះ​ពី​ការបាញ់ប្រហារ​ទ្រង់ទ្រាយ​ធំ​មួយទៀត​នៅ​ទីក្រុង​បា​ហ្វ​ហ្វេ​ឡូ (Buffalo) នៅ​មុន​ថ្ងៃ​ធ្វើ​ដំណើរ​របស់​គាត់​ត្រឡប់មកវិញ បាន​និយាយថា​”​អ្វី​ដែល​ធ្វើ​​ឱ្យ​ខ្ញុំ​ឈឺចាប់​នៅលើ​ជើងហោះហើរ​រយៈពេល ១៧ ម៉ោង​នោះ និង​អ្វី​ដែល​បាន​ធ្វើឱ្យ​ខ្ញុំ​ឈឺចាប់​បំផុត​នោះ​គឺ​ការបាញ់ប្រហារ​ទ្រង់ទ្រាយ​ធំ​ទាំងនេះ ដែល​កម្រ​កើតឡើង​នៅ​កន្លែង​ផ្សេង​ក្នុង​ពិភពលោក​”​។​

​សម្ពន្ធមិត្ត​របស់​សហ​រដ្ឋ​អាម៉េរិក​ក៏​ដូច​ជា​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក អង់​តូ​នីញ៉ូ គូថេ​រ៉េស ដែល​កម្រ​លូកដៃ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​អាម៉េរិក​សុទ្ធតែ​បាន​សម្តែង​ការ​ភ័យរន្ធត់​ចំពោះ​​ការបាញ់​សម្លាប់​កុមារ ១៩ នាក់ និង​គ្រូ​បង្រៀន​ពីរ​នាក់​នៅ​ទីក្រុង​យូ​វ៉ាល់​ដេ (Uvalde)​រដ្ឋ​តិច​សាស់​។​

​ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី ដែល​ពឹង​លើ​អាវុធ​របស់​អាម៉េរិក​ដើម្បី​ទប់ទល់​នឹង​ការឈ្លានពាន​របស់​រុស្ស៊ី បាន​ហៅ​ការស្លាប់​រង្គាល​ក្នុងសម័យ​សន្តិភាព​បែប​នេះ​ថា “​គួរឱ្យ​រន្ធត់​” ខណៈ​ប្រធានាធិបតី​បារាំង​លោក អេម​ម៉ានុយ​អែល ម៉ា​ក្រុង និយាយថា លោក​សូម​ចែករំលែក “​កំហឹង​របស់​អ្នក​ដែល​កំពុង​ប្រយុទ្ធ​តស៊ូ​ដើម្បី​បញ្ចប់​អំពើ​ហិង្សា​”​។​

​សម្ពន្ធមិត្ត​មួយចំនួន​បាន​ចោទសួរ​ដោយរ​ម​ទ​ម្យ​ថា​ហេតុអ្វី​បាន​ជា​សហរដ្ឋ​អាម៉េរិក ដែល​មាន​សិទ្ធិ​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ក្នុង​ការ​កាន់​អាវុធ មិន​អាច​ដោះស្រាយ​អំពើហិង្សា​ដោយ​កាំភ្លើង​ដែល​ឆក់យក​​ជីវិត​មនុស្ស​ជា​មធ្យម ១១១ នាក់​ក្នុង​មួយថ្ងៃ​។​

​នាយករដ្ឋមន្ត្រី​នូវែល​សេឡ​ង់​លោកស្រី ចា​ស៊ីន​ដា អា​ឌឺ​ន ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាម៉េរិក បានចង្អុលបង្ហាញ​ពី​របៀប​ដែល​រដ្ឋាភិបាល​របស់​លោក​ស្រី​បាន​រឹតបន្តឹង​ច្បាប់​កាំភ្លើង​បន្ទាប់​​ពី​ជន​ស្បែក​ស​និយម​ម្នាក់​បាន​សម្លាប់​មនុស្ស ៥១ នាក់​នៅ​ឯ​វិហារ​អ៊ីស្លាម​ចំនួន​ពីរ​ក្នុង​ទីក្រុង​ក្រៃ​ឈឺ​ច (Christchurch) ក្នុង​ឆ្នាំ ២០១៩​។​

​លោកស្រី​បាន​ប្រាប់​កម្មវិធី Late Show របស់​ទូរទស្សន៍ CBS ថា “​យើង​គឺ​ជា​មនុស្ស​ដែល​មាន​សុទិដ្ឋិនិយម​។ នៅពេលដែល​យើង​បានឃើញ​រឿង​បែប​នេះ​កើតឡើង មនុស្ស​គ្រប់គ្នា​និយាយថា កុំឱ្យ​វា​កើតឡើង​ម្តងទៀត​”​។​

​នៅ​ប្រទេស​អូស្ត្រាលី ដែល​បាន​ហាមឃាត់​អាវុធ​ពាក់កណ្តាល​ស្វ័យប្រវត្តិ​បន្ទាប់​ពី​ការបាញ់ប្រហារ​ទ្រង់ទ្រាយ​ធំ​ក្នុង​ឆ្នាំ ១៩៩៦ ហិរញ្ញិ​កលោក ជី​ម ឆាល់​មឺ (Jim Chalmers) បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា “​វា​ពិបាក​ក្នុងការ​ស្រមៃ​ថា​ប្រទេស​ដ៏​អស្ចារ្យ​ដូចជា​សហរដ្ឋ​អាម៉េរិក​អាច​បន្ត​ទៅ​មុខ​បែបនេះ ជាមួយ​នឹង​អំពើ​ហិង្សា​ដោយ​កាំភ្លើង អំពើ​ឃោរឃៅ​ដ៏​ធំ​ទាំងនេះ​”៕

​អាម៉េរិក​បង្ហូតទង់ជាតិ​ពាក់កណ្តាល​ដង​នៅ​ជិត​រូបសំណាក​សេរីភាព​ក្រោយ​ការសម្លាប់​រង្គាល​នៅ​តិច​សាស់