ក្រសួងទេសចរណ៍ : ​ក្រៅពី​សុខភាពព្រឹត្តិការណ៍​យោ​គៈ​អន្តរជាតិ​មុខ​ប្រាសាទ ត្រូវបានធ្វើ​ការផ្សព្វផ្សាយដល់​មនុស្ស​រាប់លាន​នាក់​នៅ​ទូទាំង​ពិភពលោកឲ្យ​ស្គា​ល់ពី​ប្រាសាទអង្គរវត្ត​

1164
ចែករម្លែក

ដោយ : គូលែន / ​សៀមរាប ៖ ក្រសួងទេសចរណ៍ បាន​បញ្ជាក់ថា ក្រៅពី​សុខភាព ព្រឹត្តិការណ៍​យោ​គៈ​ឬ​យូ​ហ្គា​អន្តរជាតិ​នៅមុខ​ប្រាសាទអង្គរវត្ត ត្រូវបានធ្វើ​ការផ្សព្វផ្សាយ​ដល់​មនុស្ស​រាប់លាន​នាក់​នៅ​ទូទាំង​ពិភពលោក ឲ្យ​ស្គា​ល់ពី​ប្រាសាទអង្គរវត្ត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​។​

លោក ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បាន​មានប្រសាសន៍ថា ព្រឹត្តិការណ៍​យោ​គៈ​អន្តរជាតិ​លើក​ទី​៤ នៅ​បរិវេណ​ខាងមុខ​ប្រាសាទ​អង្គរ​នេះ មិន​ត្រឹមតែ​ផ្ដល់​អត្ថប្រយោជន៍​ចំពោះ​សុខភាព អប់រំ​ផ្លូវកាយ ស្ងប់​អារម្មណ៍ ដែល​ជំរុញ​ឲ្យ​មនុស្ស​ស្រឡាញ់​សុខសន្ដិភាព​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ក៏បាន​ផ្ដល់ឱកាស​ឲ្យ​កម្ពុជា​ចូលរួម​អបអរ​ទិវា​នេះ ជាមួយ​បណ្ដា​ប្រជាជាតិ​នានា​នៅក្នុង​ពិភពលោក ហើយ​អ្វីដែល​សំខាន់​នោះ​គឺ​គោលដៅ​ទេសចរណ៍​ដ៏​ល្អៗ​របស់​កម្ពុជា រួមមាន​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ ខេត្តសៀមរាប និង​ខេត្តបាត់ដំបង នឹងត្រូវ​បានធ្វើការ​ផ្សព្វផ្សាយ ដល់​មនុស្ស​រាប់លាន​នាក់​នៅ​ទូទាំង​ពិភពលោក ឲ្យ​បាន​ស្គា​ល់ពី​ប្រាសាទអង្គរវត្ត​របស់​ព្រះរាជា​ណ​ចក្រ​កម្ពុជា​យើង​។​

លោក ប៉ាក់ សុខុម បាន​បន្តថា ខណៈពេលដែល​ប្រាសាទ​អង្គរ​របស់​កម្ពុជា បន្ត​ទទួល​ចំណាត់ថ្នាក់​លេខ​១ ជា​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​បំផុត​លើស​កល​លោ​ល​សម្រាប់​ឆ្នាំ​២០១៨ ដោយ​ក្រុមប្រឹក្សា​យោបល់ Trip Advisor ដែលជា​មោទនភាព​មួយទៀត​របស់​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ សក្តិសម​នឹង​ការ​ប្រសិទ្ធ​នាម​កម្ពុជា​ថា ជា​ព្រះរាជាណាចក្រ​អច្ឆរិយៈ​ប្រកបដោយ​ភាពកក់ក្ដៅ ។

​លោក​បាន​បន្តទៀតថា ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណ​ចក្រ​កម្ពុជា បានធ្វើ​ឲ្យ​ប្រទេសជាតិ​ប្រកបដោយ​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​ការរីកចម្រើន​លើ​គ្រប់​វិស័យ ក្នុងនោះ​រួមទាំង​វិស័យ​ទេសចរណ៍ ខណៈដែល​ឆ្នាំ​២០១៧ កម្ពុជា​ទទួលបាន​អ្នកទេសចរ​អន្តរជាតិ​ចំនួន​ជាង ៥.៦​លាន​នាក់ ក្នុង​កំ​ណើ​ក ១១,៨​ភាគរយ ក្នុងនោះ​អ្នកទេសចរ​ជនជាតិ​ឥណ្ឌា មាន​ចំនួន​ជាង ៦​ម៉ឺន​នាក់ ក្នុង​កំណើន ២៩​ភាគរយ និង ក្នុង​រយៈពេល​៤​ខែ​ដើមឆ្នាំ​២០១៨ កម្ពុជា​ទទួលបាន​អ្នកទេសចរ​អន្តរជាតិ​ចំនួន ២​លាន​១៧​ម៉ឺន​នាក់ កើនឡើង ១៣,៥ ភាគរយ ហើយ​កម្ពុជា​រំពឹងថា នឹង​ទទួល​ស្វាគមន៍​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន ៧​លាន​នាក់ នៅ​ឆ្នាំ​២០២០​និង​១០​លាន​នាក់​នៅ​ឆ្នាំ​២០៣០ ។

​លោក ប៉ាក់ សុខុម បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ក្នុងឱកាស​បើក​ទិវា​យោ​គៈ​អន្តរជាតិ​លើក​ទី​៤ នៅមុខ​ប្រាសាទអង្គរវត្ត ដែល​រៀបចំ​សហការ​ដោយ​ស្ថានទូត​ឥណ្ឌា , ក្រសួងទេសចរណ៍ និង​ក្រសួង​អប់រំ យុវជន និង​កីឡា នៃ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៨​នេះ ដោយមាន​អ្នកចូលរួម​ចំនួន​ជាង ១.៣០០ នាក់ ៕ គូលែន​
​រូបភាពៈ ក្រសួងទេសចរណ៍ៈ​ក្រៅពី​សុខភាព ព្រឹត្តិការណ៍​យោ​គៈ​អន្តរជាតិ​មុខ​ប្រាសាទអង្គរវត្ត ត្រូវបានធ្វើ​ការផ្សព្វផ្សាយ ដល់​មនុស្ស​រាប់លាន​នាក់​នៅ​ទូទាំង​ពិភពលោក ឲ្យ​ស្គា​ល់ពី​ប្រាសាទអង្គរវត្ត​៕​B