​ប្រែ​សម្រួលៈ​បំណង​(ST)៖ យោងតាម​ទីភ្នាក់ងារ​ជំងឺ​សហភាព​អឺរ៉ុប ចំនួន​មនុស្ស​កើត​អុត​ស្វា​(Monkeypox )​នៅ​ទូទាំង​ពិភពលោក​បាន​ឡើងដល់​២១៩​នាក់ នៅក្រៅ​បណ្តា​ប្រទេស​ដែល​ជា​ប្រភពដើម​​របស់​វា​។​

​មជ្ឈមណ្ឌល​អឺរ៉ុប​សំរាប់​ការគ្រប់គ្រង​និង​បង្ការ​ជំងឺ​(ECDC)បាន​និយាយ​ក្នុង​ការជូន​ដំណឹង​របស់​ខ្លួន​មួយ​កាលពី​យប់​ថ្ងៃ​ពុធ​ថា ប្រទេស​ជាង​ដប់​ដែល​កើត​អុត​ស្វា​មិនធម្មតា​ភាគច្រើន​នៅ​អឺរ៉ុប​បាន​​រាយការណ៍​ករណី​កើត​អុត​ស្វា​នេះ​យ៉ាង​តិច​មួយ​។​«​នេះ​ជា​លើកដំបូង​ខ្សែ​ចម្លងជំងឺ​ត្រូវបាន​រាយការណ៍​នៅ​អឺរ៉ុប​ដោយ​មិនដឹង​ថា​ពាក់ព័ន្ធ​នឹង​ការផ្ទុះ​ជំងឺ​នេះ​នៅ​នៅ​អាហ្វ្រិក​ខាងលិច​ឬ​កណ្តាល​»​។​

​វា​បាន​បន្ថែមថា ករណី​ឆ្លង​ភាគច្រើន​កើត​លើ​បុរស​វ័យក្មេងៗ និង​ច្រើន​ជា​បុរស​រួមភេទ​ជាមួយ​បុរស​គ្នាឯង​។​

​ចក្រភព​អង់គ្លេស ដែល​កើត​អុត​ស្វា​មិន​ធម្មតា បាន​រក​ឃើញ​អ្នក​កើត​ជំងឺ​នេះ​ដំបូង​កាលពីដើម​ខែ​ឧសភា និង​បច្ចុប្បន្ន​មាន​អ្នក​កើត​ច្រើនជាងគេ​គឺ​៧១​នាក់​។​បន្ទាប់​មក​អេ​ស្ប៉ាញ ៥៩​នាក់ និង​ព័រ​ទុយ​​ហ្កា​ល់ ៣៧​នាក់​។​

​នៅក្រៅ​អឺរ៉ុប ប្រទេស​កាណាដា បាន​រាយការណ៍​អ្នក​កើត​ជំងឺ​នេះ​ចំនួន​១៥​នាក់ និង​អាម៉េរិក​ប្រាំបួន នាក់​។​

​ចំនួន​អ្នក​កើត​អុត​ស្វា​សរុប​កាលពី​ថ្ងៃ​ពុធ កើនឡើង​ប្រាំ​ដង​ចាប់តាំងពី​ពេល​គេ​ចាប់ផ្តើម​រាប់​វា​ដំបូង​កាលពី​ថ្ងៃ​២០​ឧសភា ពេល​ដែល​សហភាព​អឺរ៉ុប​ថា​មាន​ចំនួន​៣៨​ករណី ទោះជា​យ៉ាងណា​មជ្ឈមណ្ឌល​ECDC​បាន​និយាយថា ហានិភ័យ​នៃ​ការឆ្លង​ជំងឺ​នេះ​ទាប​ណាស់ តែ​បាន​ព្រមាន​ថា អ្នក​ដែល​រួមភេទ​ជាមួយ​ដៃគូ​ច្រើន ក៏ប្រឈម​ការឆ្លង​ខ្ពស់​ផងដែរ​។​

​ជា​ជំងឺ​ស្រាល​ជាង​អុត​ស្វាយ ជំងឺ​អុត​ស្វា​នេះ​មាន​ប្រភព​នៅ​ប្រទេស​អាហ្វ្រិក​ខាងលិច​និង​កណ្តាល​ចំនួន​១១​។​វា​ឆ្លង​តាម​ការ​ខាំ ឬ​ការប៉ះពាល់​ផ្ទាល់​ឈាម សាច់ ឬ​វត្ថុ​រាវ​នៃ​សត្វ​កើត​ជំងឺ​នេះ ហើយ​រោគសញ្ញា​​ដំបូង​រួមមាន ក្តៅខ្លួន​ខ្លាំងមុន​ប្រែ​ទៅ​ជា​ចេញ​ពងបែក​ពេញ​ខ្លួន​ស្រដៀង​គ្នា​នឹង​អុត​ស្វាយ​។​មិន​មាន​ថ្នាំ​ព្យាបាល​ជាក់លាក់​ទេ តែ​រោគសញ្ញា​នេះ​នឹង​រលាយ​បាត់​ទៅ​វិញ​នៅ​ពីរ​ទៅ​បួន​សប្តាហ៍ និង​ក៏​មិន​​នាំអោយ​បាត់បង់​ជីវិត​ដែរ​៕

​អុត​ស្វា កំពុង​ផ្ទុះ​នៅ​អឺរ៉ុប អាម៉េរិក​និង​កាណាដា ដោយ​រោគសញ្ញា​ស្រដៀង​គ្នា​នឹង​អុតស្វាយ គឺ​ពងបែក​លើ​មុខ​និង​ដៃ​ជើង​តែ​នឹង​ជា​វិញ​នៅ​២​ទៅ​៤​សប្តាហ៍​ក្រោយ​ការចេញ​រោគសញ្ញា​