ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ចិនបានដាក់ចេញផែនការពង្រីកយ៉ាងខ្លាំងនូវកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខនិងសេដ្ឋកិច្ចជាមួយបណ្តាប្រទេសប៉ាស៊ីហ្វិកខាងត្បូងទោះជារដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានព្រមានប្រឆាំងនឹងកិច្ចព្រមព្រៀង “ស្រមោល” ទាំងនោះ។
សេចក្តីព្រាងកិច្ចព្រមព្រៀងទូលំទូលាយនិងផែនការរយៈពេលប្រាំឆ្នាំ ដែលទទួលបានដោយទីភ្នាក់ងារសារព័ត៌មាន AFPកាលពីថ្ងៃពុធទី២៥ឧសភា នឹងក្លាយជាប្រធានបទនៃការពិភាក្សានៅពេលដែលរដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី ធ្វើទស្សនកិច្ចទៅកាន់ប្រទេសប៉ាស៊ីហ្វិកចាប់ពីថ្ងៃព្រហស្បតិ៍។
វានឹងផ្តល់ជំនួយចិនរាប់លានដុល្លារដល់រដ្ឋកោះតូចៗចំនួន១០ ឱកាសនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងប៉ាស៊ីហ្វិក និង ការចូលទៅកាន់ទីផ្សារកាក់កបរបស់ចិនដែលមានប្រជាជន ១,៤ ពាន់លាននាក់។
ជំនួសមកវិញចិននឹងបណ្តុះបណ្តាលប៉ូលិសក្នុងតំបន់ ចូលរួមក្នុងសន្តិសុខតាមអ៊ីនធឺណិតក្នុងតំបន់ ពង្រីកទំនាក់ទំនងនយោបាយ ធ្វើផែនទីសមុទ្រដ៏រសើបនិងចូលទៅកាន់ធនធានធម្មជាតិច្រើនឡើង។
“ចក្ខុវិស័យអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ” ត្រូវគេជឿថានឹងដាក់ចេញសម្រាប់ការអនុម័តនៅពេលដែលលោកវ៉ាងជួបជាមួយរដ្ឋមន្ត្រីការបរទេសក្នុងតំបន់នៅថ្ងៃទី ៣០ ខែឧសភានៅប្រទេសហ្វីជី។
ប៉ាស៊ីហ្វិកខាងត្បូងកំពុងក្លាយជាទីលានសម្រាប់ការប្រកួតប្រជែងកាន់តែខ្លាំងឡើងរវាងចិននិងសហរដ្ឋអាម៉េរិក ដែលបានក្លាយជាមហាអំណាចចម្បងនៅក្នុងតំបន់នេះសម្រាប់សតវត្សរ៍ចុងក្រោយនេះ។
ទីក្រុងប៉េកាំងបានស្វះស្វែងរកការអភិវឌ្ឍផ្នែកយោធា នយោបាយ និងសេដ្ឋកិច្ចឱ្យកាន់តែខ្លាំង ប៉ុន្តែរហូតមកទល់ពេលនេះមានការវិវឌ្ឍតិចតួចនិងមិនស្មើគ្នា។ផែនការនេះ បើសិនជាយល់ព្រម នោះនឹងតំណាងឱ្យការផ្លាស់ប្តូរជំហានមួយ ដោយជួយសម្រួលដល់អ្វីៗគ្រប់យ៉ាង រាប់ចាប់ពីការដាក់ពង្រាយប៉ូលិសចិនរហូតដល់ដំណើរទស្សនកិច្ចដោយ”ក្រុមសិល្បៈ”របស់ចិន។ជើងហោះហើររវាងចិននិងកោះប៉ាស៊ីហ្វិកនឹងកើនឡើង។ ទីក្រុងប៉េកាំងនឹងតែងតាំងបេសកជនប្រចាំតំបន់ ផ្គត់ផ្គង់ការបណ្តុះបណ្តាលសម្រាប់អ្នកការទូតវ័យក្មេងនៅប៉ាស៊ីហ្វិក និងផ្តល់អាហារូបករណ៍រដ្ឋាភិបាលចំនួន ២.៥០០ ៕
នាយករដ្ឋមន្ត្រីកោះសូឡូម៉ុនលោក ម៉ាណាស់សេ សូហ្គាវ៉ារ៉េ (ឆ្វេង) បានការពារកិច្ចព្រមព្រៀងសន្តិសុខជាមួយចិន ទោះបីជាមានការបារម្ភក្នុងចំណោមរដ្ឋាភិបាលលោកខាងលិចក៏ដោយ